មន្ត្រីជាន់ខ្ពស់នៃបក្សកុម្មុយនីស្តចិន បញ្ជាក់ពីជំហររបស់ខ្លួនថា ចិនគឺជាបង្អែកដ៏រឹងមាំបំផុតរបស់កម្ពុជា ហើយចិនគាំទ្រគណបក្សប្រជាជនកម្ពុជា ដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន យ៉ាងពេញទំហឹង។ ការប្រកាសរបស់មន្ត្រីចិននេះ ធ្វើឡើងក្នុងឱកាសបំពេញទស្សនកិច្ចនៅកម្ពុជា ក្នុងទិសដៅពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឲ្យកាន់តែប្រសើរឡើងថែមទៀត។
ជាថ្មីម្តងទៀត លោកLiu Yunshan សមាជិកគណៈអចិន្ត្រៃយ៍ការិយាល័យ នយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាលេខានៃលេខាធិការដ្ឋានមជ្ឈិមបក្សកុម្មុយនីស្តចិន បានដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចនៅកម្ពុជាជាលើកទីបី។ ជាដំណើរទស្សនកិច្ចដែលទើបតែបញ្ចប់កាលពីថ្ងៃម្សិលមិញ មន្ត្រីជាន់ខ្ពស់នៃបក្សកុម្មុយនីស្តចិនរូបនេះ បានជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាលកម្ពុជាមួយចំនួន។
ក្នុងឱកាសជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លោកLiu Yunshan ថ្លែងថា កម្ពុជាគឺជាមហាគ្រួសារ និងជាមិត្តល្អពិតប្រាកដរបស់ចិន ហើយចិនក៏ជាបង្អែកដ៏រឹងមាំបំផុតរបស់កម្ពុជា ព្រមទាំងគាំទ្ររាល់កិច្ចប្រឹងប្រែងរបស់រដ្ឋាភិបាល ក្នុងការជំរុញការអភិវឌ្ឍ និងការថែររក្សាស្ថេរភាពរបស់កម្ពុជា ដើម្បីធ្វើយ៉ាងណាឲ្យជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាកាន់តែល្អប្រសើរឡើង។
លោកគូសបញ្ជាក់ថា ប្រទេសចិនគឺគាំទ្រគណបក្សប្រជាជនកម្ពុជា និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពេញទំហឹងតែម្ដង។ លោកLiu Yunshan បន្ថែមថា ក្នុងដំណើរទស្សនកិច្ចរបស់លោកនាពេលនេះគឺដើម្បីធ្វើយ៉ាងណាជំរុញការងារទាំងឡាយណា ដែលថ្នាក់ដឹកនាំកំពូលរបស់ប្រទេសទាំងពីរបានសម្រេចរួចហើយ ឲ្យបានទទួលលទ្ធផលជាផ្លែផ្កាដូចជា បញ្ហានាំអង្ករចេញទៅកាន់ប្រទេសចិននៅឆ្នាំ២០១៧ និងឆ្នាំ២០១៨ បញ្ហាការកសាងផ្លូវល្បឿនលឿនពីទីក្រុងភ្នំពេញទៅកាន់ខេត្តព្រះសីហនុ និងគម្រោងកសាងព្រលានយន្តហោះនៅខេត្តសៀមរាបផងដែរ។
គួរកត់សម្គាល់ថា រយៈពេលចុងក្រោយនេះ កម្ពុជានិងចិនបានបង្ហាញពីទំនាក់ទំនងចាក់ទឹកមិនលិចរវាងប្រទេសទាំងពីរ។ ហើយក្នុងដំណើរទស្សនកិច្ចរបស់លោកហ៊ុន សែន ទៅកាន់ប្រទេសចិនកាលពីសប្តាហ៍មុន ប្រមុខរដ្ឋាភិបាលកម្ពុជារូបនេះ អះអាងថា ទំនាក់ទំនង និងសហប្រតិបត្តិការជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិន-កម្ពុជា កាន់តែឈានទៅកាន់កម្រិតខ្ពស់ជាបន្តបន្ទាប់។ ហើយលោកប្រកាសថា ចិនគឺជាខ្នងបង្អែកដ៏រឹងមាំមួយ ដែលបន្តជួយដល់កម្ពុជានៅគ្រប់កាលៈទេសៈ ដែលគ្មានបរទេសណាមកបំបែកបំបាក់បានឡើយ៕