គ​.​ជ​.​ប​​អនុញ្ញាតឲ្យ​មន្ត្រី​ចុះឈ្មោះ​បោះឆ្នោត​​ឈប់សម្រា​ក​បី​ថ្ងៃ​ក្នុង​​ពិធី​បុណ្យ​​ភ្ជុំបិណ្ឌ​​

18-09-2017 8:15 am 1202

​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) អនុញ្ញាតឲ្យ​មន្ត្រី​ចុះឈ្មោះ​បោះឆ្នោត នៅតាម​ឃុំ​-​សង្កាត់​ទូទាំងប្រទេស ឈប់សម្រាក​រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃទី​១៩ ២០ ២១ ខែ​កញ្ញា ឆ្នាំ​២០១៧ ដើម្បី​មានឱកាស​បាន​ចូលរួម​ក្នុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​។ នេះ​បើតាម​លោក​ហង្ស ពុទ្ធា អ្នកនាំពាក្យ​គ​.​ជ​.​ប​។
​សំឡេង​លោក​ហង្ស ពុទ្ធា​៖

​ទោះជា​យ៉ាងណា គ​.​ជ​.​ប នៅតែ​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ ដែលមាន​សិទ្ធិ​បោះឆ្នោត ហើយ​មិនទាន់​ចុះឈ្មោះ​ឆ្នោត​នោះ ត្រូវ​ត្រៀមខ្លួន និង​ឯកសារ ដើម្បី​ទៅ​ចុះឈ្មោះ​បោះឆ្នោត​នៅ​សាលាឃុំ​-​សង្កាត់​ឲ្យបាន​គ្រប់ៗ​គ្នា ក្រោយពេល​ចប់​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​នេះ​។​

​សូមបញ្ជាក់ថា ការធ្វើ​បច្ចុប្បន្នភាព​បញ្ជី​បោះឆ្នោត និង​ការចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០១៧ មាន​រយៈពេល​៧០​ថ្ងៃ ចាប់ពី​ថ្ងៃទី​០១ ខែ​កញ្ញា រហូតដល់​ថ្ងៃទី​០៩ ខែវិច្ឆិកា ឆ្នាំ​២០១៧​។ បើតាម​របាយការណ៍រ​បស់​គ​.​ជ​.​ប រយៈពេល​១៥​ថ្ងៃ មាន​អ្នក​មក​ចុះឈ្មោះ​បោះឆ្នោត​ជាង​១០​ម៉ឺន​នាក់ (១០៤,២៥៣​នាក់ )​ហើយ ប៉ុន្តែ​ចំនួន​នេះ​តិចជាង​ពាក់កណ្ដាល បើ​ប្រៀបធៀប​ទៅនឹង​ការចុះឈ្មោះ​ឆ្នាំ​២០១៦ ដែលមាន​ចំនួន ២​ម៉ឺន​នាក់​ក្នុង​មួយថ្ងៃ​។

​គ​.​ជ​.​ប​ក៏​ទទួលស្គាល់ថា ការងារ​ចុះឈ្មោះ និង​ធ្វើ​បច្ចុប្បន្នភាព​បញ្ជី​បោះឆ្នោត​ថ្មី​នាពេលនេះ នៅមាន​ចំនួន​តិច​។ តែ​ថា អ្នក​ចុះឈ្មោះ​នៅមាន​ចំនួន​ទាប​នេះ ដោយសារ​ចំនួន​ប្រជាពលរដ្ឋ​ដែល​ត្រូវ​ចុះឈ្មោះ​បោះឆ្នោត​ថ្មី ឆ្នាំ​២០១៧ មាន​ចំនួន​តិចជាង​ឆ្នាំ​២០១៦ ដោយ​កាលពី​ឆ្នាំ​២០១៦ អ្នក​ត្រូវ​ចុះឈ្មោះ​បោះឆ្នោត​មាន​ចំនួន​ដល់​ទៅ​ជាង ៩​លាន​នាក់ រីឯ​ចំនួន​ប្រជាពលរដ្ឋ​ដែល​ចុះឈ្មោះ​បោះឆ្នោត​ថ្មី ជាង​១.៦​លាន​នាក់​ប៉ុណ្ណោះ​។​

​យ៉ាងណាក៏ដោយ គ​.​ជ​.​ប សង្ឈឹមថា ការចុះឈ្មោះ​នេះ នឹង​កើនឡើង​នៅក្រោយពេល​ពិធីបុណ្យ​ភ្ជុំ​បិណ្ឌ និង​នៅ​កៀក​ថ្ងៃ​បិទ​បញ្ចប់​ការចុះឈ្មោះ​៕​

 ពាក្យគន្លឹះ  ការបោះឆ្នោត

ព័ត៌មានផ្សេងទៀត