កូរ៉េខាងជើង​​ប្រាប់​ពី​ប្រភេទ​​មី​ស៊ី​ល​​ដែល​ទើប​បាញ់​​កាលពី​ថ្ងៃទី​១៥​កញ្ញា​

16-09-2017 9:58 am 1620
មីស៊ីលHwasong-12​​ដែលកូរ៉េខាងជើង​បានធ្វើតេស្ដ

​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​កូរ៉េខាងជើង​នៅ​ថ្ងៃទី​១៦​កញ្ញា​នេះ​បានប្រកាសឲ្យ​ដឹងថា មី​ស៊ី​ល​ដែល​កូរ៉េខាងជើង​បាន​ធ្វើតេស្ដ​កាលពី​កាលពី​ថ្ងៃទី​១៥​កញ្ញា ជា​ប្រភេទ​មី​ស៊ី​ល​រយៈ​ចម្ងាយ​ម​ធ្យ​ម ប្រភេទ Hwasong-12​។​មី​ស៊ី​ល​នេះ​បាញ់​ចេញពី​តំ​បន់​Sunan​នៃ​ប្រទេស​កូរ៉េខាងជើង ហោះ​បានច​ម្ងាយ​ប្រមាណ​៣,៧០០​គីឡូម៉ែត្រ​លើ​កោះហុ​ក​កៃដូ​របស់​ជប៉ុន ស្ថិតក្រោម​ការឃ្លាំមើល​ដោយផ្ទាល់​ពី​លោក​គីម ជុង​អ៊ុន​។​

​ប្រព័ន្ធ​ផ្សព្វផ្សាយ​កូរ៉េខាងជើង​បញ្ជាក់បន្ថែម ដោយ​ដកស្រង់​សម្ដី​លោក​គីម ជុង​អ៊ុន​ថា មី​ស៊ី​ល Hwasong-12​អាច​ប្រើប្រាស់​បាន​យ៉ាង​ល្អ និង​រាល់​ការ​ធ្វើតេស្ដ​បន្ថែម​ទៀត​គួរតែមាន​លក្ខណៈ​ជាក់ស្ដែង​ជាង​នេះ ដើម្បី​បញ្ជាក់​កាន់តែច្បាស់​ពី​កម្លាំង​នុយក្លេអ៊ែរ​កូរ៉េខាងជើង​។​លោក​គីម ជុង​អ៊ុន​បាន​រាយការណ៍​ថា កូរ៉េខាងជើង​ជិត​ឈានដល់​គោលដៅ​នុយក្លេអ៊ែរ​របស់ខ្លួន​ហើយ​។​

​ជា​ការកត់សម្គាល់ ការ​ធ្វើតេស្ដ​មី​ស៊ី​ល​កាលពី​ថ្ងៃ​សុក្រ ទំនង​ចង់​បង្ហាញថា​ទឹកដី​អាមេរិក​ស្ថិតនៅក្នុង​ដែន​វាយ​ប្រហារ​នៃ​មី​ស៊ី​ល​កូរ៉េខាងជើង​។​ទីក្រុង​ព្យុងយ៉ាង​ស្ថិតនៅ​ចម្ងាយ​ប្រមាណ​តែ​៣,៤០០​គីឡូម៉ែត្រ​ប៉ុណ្ណោះ​ពីកោះ​Guam​អាមេរិក ដោយឡែក​គ្រាន់តែ​មី​ស៊ី​ល​រយៈ​ចម្ងាយ​ម​ធ្យ​ម​កូរ៉េខាងជើង អាច​ហោះ​បាន​ចម្ងាយ​៣,៧០០​គីឡូម៉ែត្រ​ទៅហើយ​។​ដូច្នេះ​ច្បាស់ណាស់​ថា កូរ៉េខាងជើង​ពិតជា​មាន​មី​ស៊ី​លអាច​បាញ់​ដល់​ទឹកដី​អាមេរិក​។​

​សូមបញ្ជាក់ថា កូរ៉េខាងជើង​ប្រកាស​បន្ដ​អភិ​វ​ឌ្ឍ​កម្មវិធី​នុយក្លេអ៊ែ​រនិង​មី​ស៊ី​ល សម្រាប់​ការពារ​ខ្លួន​ពី​ការ​គំរាមកំហែង​របស់​ប្រទេស​ជា​សត្រូវ​។​ប្រទេស​ជា​សត្រូវ​កូរ៉េខាងជើង​ចង់​សំដៅ​ដល់​អាមេរិក​ជាពិសេស រួម​នឹង​កូរ៉េខាងត្បូង​ផង ដែល​តែង​ធ្វើ​សមយុទ្ធ​ជាមួយគ្នា​រៀងរាល់ឆ្នាំ​នៅ​ឧបទ្វីប​កូរ៉េ​។​កូរ៉េខាងជើង​ចាត់ទុក​សមយុទ្ធ​នេះ​ជា​ទង្វើ​បង្ក​អសន្ដិសុខ និង​ចាត់ទុក​ជាការ​គំរាមកំហែង បំពាន​ដល់ដែន​អធិបតេយ្យ​របស់គេ​៕​

ព័ត៌មានផ្សេងទៀត