កម្ពុជាទទួលបានពានរង្វាន់ពីរពីមិត្តចិន

15-09-2017 5:33 pm 3143
រូបភាពពីក្រសួងពាណិជ្ជកម្ម

បន្ទាប់ពីទទួលបានអំណោយចំនួន ១លានដុល្លារ ពីចិនហើយ កម្ពុជា ទទួលបានពានរង្វាន់ចំនួន២ បន្ថែមទៀត ពីមហាមិត្តចិន នៅក្នុងឱកាសចូលរួមព្រឹត្តិការណ៍ពិព័រណ៌ចិន-អាស៊ាន លើកទី១៤ ឆ្នាំ២០១៧។

ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា នៅក្នុងឱកាសចូលរួមព្រឹត្តិការណ៍ពិព័រណ៌ចិន-អាស៊ាន លើកទី១៤ ឆ្នាំ២០១៧ ដែលបានរៀបចំឡើងចាប់ពីថ្ងៃទី១២ ដល់ទី១៥ ខែកញ្ញា ឆ្នាំ២០១៧ នៅទីក្រុងណាននីង ខេត្តក្វាងស៊ី ប្រទេសចិន កម្ពុជាទទួលបានពានរង្វាន់ចំនួន២ ពីគណៈកម្មការរៀបចំពិព័រណ៌នៃសាធារណរដ្ឋប្រជាមានិតចិន។

ពានរង្វាន់ចំនួន២ ដែលទទួលបាននោះរួមមាន ទី១. ពានរង្វាន់ស្តីពីការរៀបចំវេទិកានៃសកម្មភាពជំរុញពាណិជ្ជកម្ម វិនិយោគ និងសហប្រតិបត្តិការល្អបំផុត “Best Promotion on Investment និងទី២.ពានរង្វាន់ស្តីពីការរៀបចំក្រុមហ៊ុន និងសហគ្រាស ចូលរួមក្នុងព្រឹត្តិការណ៍ពិព័រណ៌ពាណិជ្ជកម្មខាងលើបានល្អបំផុត “Best Industry Organizer Award”។

ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា មូលហេតុដែលធ្វើឲ្យកម្ពុជា ទទួលបាននូវពានរង្វាន់ទាំងពីរនេះ ដោយសារតែកម្ពុជា បានគោរពនូវបទបញ្ញត្តិ និងលក្ខខណ្ឌនានារបស់គណៈកម្មការរៀបចំពិព័រណ៌ មានដូចជា ការរៀបចំពន្លាជាតិ, ការរៀបចំវេទិកាជំរុញពាណិជ្ជកម្ម, ការតុបតែងលម្អស្តង់ពិព័រណ៌, ការជ្រើសរើសគុណភាពផលិតផល និងសេវាកម្ម ព្រមទាំងការរៀបចំគណៈប្រតិភូដើម្បីចូលរួមព្រឹត្តិការណ៍ពិព័រណ៌ជាដើម។

សូមបញ្ជាក់ថា ក្នុងជំនួបសំណេះសំណាលរវាងលោកនាយករដ្ឋមន្រ្តីហ៊ុន សែន និងអភិបាលខេត្តក្វាងស៊ី ប្រទេសចិន ក្រោយពីលោកហ៊ុន សែន ចូលរួមព្រឹត្តិការណ៍ពិព័រណ៌ចិន-អាស៊ាន អភិបាលខេត្តក្វាងស៊ី បានប្រគល់អំណោយជាថវិកាចំនួន ១លានដុល្លារ ដល់លោកនាយករដ្ឋមន្រ្តីហ៊ុន សែន ដើម្បីយកទៅប្រើប្រាស់ជាប្រយោជន៍សម្រាប់សង្គមជាតិផងដែរ៕ 

 

 ពាក្យគន្លឹះ  កម្ពុជាចិន

ព័ត៌មានផ្សេងទៀត