ការហែលទឹកក៏ជាលំហាត់ប្រាណមួយ ផ្តល់អត្ថប្រយោជន៍ដល់សុខភាពនិងម្រស់ ដែលស្រដៀងនឹងលំហាត់ប្រាណផ្សេងទៀត ដែលនិយមអនុវត្តន៍នៅលើគោក ដូចជាការការរត់ ការដើរញាប់ ការធាក់កង់ និងមានលំ ហាត់ប្រាណ ផ្សេងៗទៀតជាច្រើន។ លំហាត់ប្រាណទាំងអស់ ផ្តល់នូវអត្ថប្រយោជន៍ខុសគ្នា ប៉ុន្តែក៏មានអត្ថប្រយោជន៍ខ្លះស្រដៀងគ្នាដែរ។ ចុះ តើការហែលទឹកមានអត្ថប្រយោជន៍អ្វីខ្លះ?
គ្រប់គ្រងទម្ងន់ ៖ ចំណាយពេល៣០នាទី ដើម្បីហែលទឹក អាចជួយដុតកាឡូរីបានល្អជាងលំហាត់ប្រាណផ្សេងៗមួយចំនួន។ បើធៀបនឹងលំហាត់ប្រាណផ្សេងទៀត ដូចជា ការជិះកង់ ឬរត់ជាដើម ការហែលទឹកអាចគ្រប់គ្រងទម្ងន់ប្រសើរជាង។
កាត់បន្ថភាពតានតឹង ៖ យោងតាមការសិក្សាលើអ្នកហែលទឹកចំនួន៤ពាន់នាក់ មាន៧៤ភាគរយនិយាយថា ការហែលទឹកជួយកាត់បន្ថយភាពតានតឹង ដោយឡែក៦៨ភាគរយនិយាយថា ការហែលទឹកធ្វើឲ្យពួកគេមានអារម្មណ៍ល្អ និង៧០ភាគរយនិយាយថា ពួកគេមានអារម្មណ៍ស្រស់ស្រាយ បន្ទាប់ពីហែលទឹក។
ធ្វើឲ្យគេងលក់ស្រួល ៖ អ្នកដែលនិយមការហែលទឹក កម្រលឺពួកគេនិយាយថា មានបញ្ហាក្នុងការគេងណាស់។
កាត់បន្ថយហានិភ័យជំងឺមួយចំនួន ៖ ការហែលទឹកជួយគ្រប់គ្រងកម្រិតជាតិស្ករនៅក្នុងឈាម បន្ថយសម្ពាធឈាម កាត់បន្ថយកម្រិតកូឡេស្តេរ៉ុលនៅក្នុងឈាម។ អ្នកដែលហែលទឹកជាប្រចាំ ហាក់មិនសូវកើតមានជំងឺទឹកនោមផ្អែម ជំងឺបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាល។
ជួយពង្រឹងសាច់ដុំ ៖ អ្នកអាចទទួលបានសាច់ដុំរឹងមាំ តាមរយៈការហែលទឹក ដោយមិនចាំបាច់ចំណាយលុយទិញឧបករណ៍ហាត់ប្រាណដែលមានតម្លៃថ្លៃ។ ម្យ៉ាងការហែលទឹកក៏ផ្តល់អត្ថប្រយោជន៍ផ្សេងៗជាច្រើន ដូចដែលបានលើកឡើងខាងលើ៕