ក្នុងជំនួបសំណេះសំណាលរវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក ចេន វ៉ូ អភិបាលខេត្តក្វាងស៊ី ប្រទេសចិន មុនពេលលោកហ៊ុន សែន ធ្វើមាតុភូមិនិវត្តន៍ នៅល្ងាចថ្ងៃទី១២ កញ្ញានេះ លោកអភិបាលខេត្តក្វាងស៊ីថា នឹងសហការជំរុញការវិនិយោគលើវិស័យកសិកម្ម វិស័យអប់រំ និងវិស័យទេសចរណ៍រវាងប្រទេសទាំងពីរឱ្យកាន់តែខ្លាំងឡើងថែមទៀត ។ លោក ចេន វ៉ូ ថ្លែងអះអាងប្រាប់លោកហ៊ុន សែន ថា ប្រសិនបើមានអ្វីឱ្យលោកជួយ គឺលោកនឹងជួយឱ្យអស់ពីលទ្ធភាព ។
ក្រៅពីថ្លែងសរសើរនិងអរគុណដល់លោកហ៊ុន សែន ដែលបានប្តេជ្ញាគាំទ្រនិងយកចិត្តទុកដាក់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ លោកអភិបាលខេត្តក្វាងស៊ីរូបនេះ បានប្រគល់អំណោយជាថវិកាចំនួន១លានដុល្លារដល់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដើម្បីយកទៅប្រើប្រាស់ជាប្រយោជន៍សម្រាប់សង្គមជាតិ ។ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ថា ទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា និងខេត្តក្វាងស៊ី កាន់តែជិតស្និទ្ធ ពិសេសទំនាក់ទំនងនិងសហប្រតិបត្តិការជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិន កម្ពុជា ក៏កាន់តែឈានទៅកាន់កម្រិតខ្ពស់ជាបន្តបន្ទាប់ ។ លោក ហ៊ុន សែន អះអាងថា មិត្តចិន គឺជាខ្នងបង្អែកដ៏រឹងមាំដែលបន្តជួយកម្ពុជាគ្រប់កាលៈទេសៈដែលគ្មានបរទេសណាមកបំបែកបំបាក់បានឡើយ ។
សូមរំឭកជូនថា ស្របពេលលោកហ៊ុន សែន បានទៅចូលរួមពិព័រណ៍ចិន-អាស៊ានលើកទី១៤នៅប្រទេសចិន ដោយបានថ្លែងជាញឹកញយថា ចិនគឺជាមហាមិត្តដែលមិនអាចមានបរទេសណាអាចបំបែកបាន ហើយចិនក៏តែងតែប្រកាសថា នឹងនៅជាខ្នងបង្អែកចាំជួយកម្ពុជាឱ្យអស់ពីលទ្ធភាពនោះ នៅល្ងាចថ្ងៃទី១២កញ្ញា ប្រមុខទូតអាមេរិកប្រចាំប្រទេសកម្ពុជា លោក William A. Heidt បានថ្លែងសារបែបឈឺចាប់ក្នុងសន្និសីទរបស់ខ្លួនថា «ជាច្រើនដងហើយដែលសហរដ្ឋអាមេរិកបានរងការចោទប្រកាន់គ្មានមូលដ្ឋាន មិនត្រឹមត្រូវ និងខុសដោយចេតនា វាធ្វើឱ្យខ្ញុំមានអារម្មណ៍ឈឺចាប់ណាស់ ។» ការថ្លែងបែបនេះ ក្រោយលោកទទួលដំណឹងភ្ញាក់ផ្អើលពីការចោទប្រកាន់ថា អាមេរិកជាប់ទាក់ទងទៅនឹងការចាប់ខ្លួនមេបក្សសង្គ្រោះជាតិ ពីបទក្បត់ជាតិ ។
សូមបញ្ជាក់ថា កម្ពុជាចាប់ផ្តើមមានទំនាក់ទំនងការទូតជាមួយចិននៅក្នុងឆ្នាំ១៩៥៨ គិតត្រឹមឆ្នាំ២០១៧នេះ គឺមានរយៈពេល៥៩ឆ្នាំហើយ រីឯទំនាក់ទំនងការទូតរវាងកម្ពុជា-អាមេរិក ចាប់ផ្តើមនៅអំឡុងឆ្នាំ១៩៥៥ ពោលគឺទំនាក់ទំនងជាមួយមហាអំណាចលោកសេរីនេះ មានអាយុកាលជាង៦០ឆ្នាំ ៕
(រាយការណ៍ដោយ៖ គង់ ឧត្តម)