លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានដឹកនាំគណៈប្រតិភូកម្ពុជា ទៅកាន់ប្រទេសចិន ដើម្បីចូលរួមពិព័រណ៍ចិន-អាស៊ាន លើកទី១៤ នៅទីក្រុងណាននីង ខេត្តក្វាងស៊ី ដែលប្រព្រឹត្តទៅ រយៈពេល៣ថ្ងៃគឺចាប់ពីថ្ងៃទី១១ ដល់១៣ ខែកញ្ញា ឆ្នាំ២០១៧។
នៅក្នុងឳកាសនោះដែរលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ក៏បានអញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាមួយលោកចាង កាវលី ឧបនាយករដ្ឋមន្ត្រីចិន នៅមជ្ឈមណ្ឌលសន្និសីទ និងពិព័រណ៍អន្តរជាតិណាននីង បន្ទាប់ពីបានជួបពិភាក្សាការងារជាមួយលោកសុង ថាវ រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង អន្តរជាតិមជ្ឈឹមបក្ស កុម្មុយនីស្តចិនរួចមក។
នៅក្នុងជំនួបពិភាក្សាទ្វេភាគី រវាងប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងឧបនាយករដ្ឋមន្ត្រីចិន នារសៀលថ្ងៃទី១១ ខែកញ្ញានោះ លោកចាង កាវលី បានលើកឡើងថាលោកនាយករដ្ឋមន្ត្រីហ៊ុន សែន គឺជាមិត្តដ៏ល្អរបស់ចិន ហើយកម្ពុជានិងចិនគឺជាបងប្អូននឹងគ្នា។លោកក៏បានអរគុណដល់ លោកនាយករដ្ឋមន្ត្រី ដែលបានអញ្ជើញ មកចូលរួមពិព័រណ៍ចិន - អាស៊ានចំនួនជាង១០ លើករួច មក ហើយ រួមទាំងពិព័រណ៍ ទី១៤ នៅទីក្រុងណាននីង នាពេលនេះ។
លោកចាង កាវលី បានលើកឡើងបន្តថា មិត្តចិន នឹងបន្តចូលរួមពង្រឹងការអភិវឌ្ឍប្រទេសកម្ពុជា ដោយពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ហើយនៅឆ្នាំ២០១៨នេះកម្ពុជាអាចនាំអង្ករចេញមកចិនបន្ថែមទៀតទៅតាមកូតាថ្មី ដែលបានសម្រេចផ្តល់បន្ថែមរួចហើយកាលពីពេលថ្មីៗ។ ទន្ទឹមនឹងនោះដែរ ភាគីចិននឹងខិតខំជំរុញគម្រោងសាងសង់ព្រលានយន្តហោះថ្មីនៅ សៀមរាប គម្រោងរថភ្លើងល្បឿនលឿន និងគម្រោងផ្សេងៗ អោយបានដំណើរការឆាប់ រួមទាំងគម្រោង អភិវឌ្ឍន៍កសិកម្ម ដើម្បីជួយពលរដ្ឋតាមជនបទ ព្រមជាមួយនឹងគម្រោងជំនួយឥតសំណងនានាដែល ចិនបានសម្រេចជួយកម្ពុជា។
ឧបនាយករដ្ឋមន្ត្រីចិនរូបនេះក៏បានបញ្ជាក់ដែរថា បើកម្ពុជាត្រូវការអ្វីអោយមិត្តចិនជួយ គឺសូមប្រាប់ មកភ្លាម នូវគម្រោងអាទិភាពនានាដែលត្រូវការជំនួយទាំងនោះ។ នៅឆ្នាំ២០១៨ កម្ពុជាគឺជាប្រទេសកិត្តិយសក្នុងការរៀបចំពិព័រណ៍ចិនអាស៊ាន ដែលប្រទេសចិននឹងត្រៀមលក្ខណៈរៀបចំអោយបានល្អបំផុត ព្រោះកម្ពុជាជាមិត្ត ដ៏ល្អនិងជាបងប្អូនដ៏ល្អ ហើយប្រទេសចិនគឺជាខ្នងបង្អែកដ៏រឹងមាំសម្រាប់ជួយកម្ពុជា គ្រប់កាលៈទេសៈទាំងអស់។
នៅក្នុងជំនួបនោះដែរប្រមុខរាជរដ្ឋាភិបាលកម្ពុជាក៏បាន ជម្រាបភាគីចិនផងដែរអំពីការខិតខំពង្រីកទីផ្សារ កសិផលដើម្បីជួយកសិករ ក្នុងនោះ លោកនាយករដ្ឋមន្ត្រីក៏បានជម្រាបអំពីគម្រោងពហុកីឡាដ្ឋានមរតកតេជោ ដែលកំពុងសាងសង់ ព្រមទាំងការត្រៀមរៀបចំការបោះឆ្នោតសម្រាប់ឆ្នាំ ២០១៨ និងកាលបរិច្ឆេទនៃការប្រជុំ LANCANG-Mekong ដែលគ្រោងនឹងធ្វើនៅថ្ងៃទី ១០-១១ ខែមករា ឆ្នាំ២០១៨។លោកនាយករដ្ឋមន្ត្រីក៏បានអរគុណមិត្តចិនដែលបានយកចិត្តទុកដាក់ខ្ពស់ចំពោះព្រះរាជសុខភាពរបស់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងសម្តេចម៉ែនៅក្នុងប្រទេសចិន ព្រមទាំងជំនួយជាច្រើនទៀតដែលមិត្តចិនផ្តល់ ដល់កម្ពុជាផងដែរ៕