ក្រុមហ៊ុនHondaរបស់ជប៉ុនបាននិយាយថា នឹងសហការជាមួយក្រុមហ៊ុនITរបស់ចិន ដើម្បីអភិវឌ្ឍរថយន្ដអគ្គិសនី។គម្រោងនេះគ្រោងនឹងចាប់ផ្ដើមក្នុងប្រទេសចិននៅឆ្នាំ២០១៨។Hondaបានប្រកាសកាលពីថ្ងៃទី១១កញ្ញាថា នឹងអភិវឌ្ឍប្រព័ន្ធគ្រប់គ្រងអាគុយជាមួយNeusoft។
ពួកគេនឹងសហការផងដែរក្នុងការអភិវឌ្ឍបច្ចេកវិទ្យា ជំរុញការគ្រប់គ្រងទិន្នន័យ ដែលក្រុមហ៊ុនHondaមានបំណងចាប់ផ្ដើមសេវាកម្មចែកចាយរថយន្ដ នៅក្នុងទីផ្សាររថយន្ដធំបំផុតក្នុងពិភពលោកមួយនេះ។
រដ្ឋាភិបាលចិនកំពុងព្យាយាមទប់ស្កាត់ការបំពុលបរិយាកាស តាមរយៈការលុបចោលរថយន្ដដែលបញ្ចេញផ្សែងពុល ដោយការប្រើប្រាស់សាំងនិងម៉ាសូត។រដ្ឋាភិបាលគ្រោងនឹងបង្ខំឲ្យក្រុមហ៊ុនផលិតរថយន្ដចាប់ផ្ដើមលក់នូវរថយន្ដអគ្គិសនី រថយន្ដដែលមានលក្ខណៈល្អប្រសើរដល់បរិស្ថាននៅឆ្នាំ២០១៨។
សូមបញ្ជាក់ថា ក្រៅពីក្រុមហ៊ុនHondaក្រុមហ៊ុនផលិតរថយន្ដធំៗក្នុងពិភពលោកដូចជាToyota Nissan និងក្រុមហ៊ុនយក្សអាល្លឺម៉ង់ Volkswagenជាដើម គ្រោងបង្ហាញវត្ដមានរថយន្ដអគ្គិសនីទៅទីផ្សារចិនពីឆ្នាំក្រោយនេះហើយ៕