លោកហ៊ុន សែន​ដឹកនាំគណៈ​ប្រតិភូ​កម្ពុជា​ទៅ​ប្រទេស​ចិន​រយៈ​ពេល​បី​​ថ្ងៃ​​

11-09-2017 9:52 am 1034
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឡើងយន្តហោះនៅម៉ោង៩:៣០នាទីព្រឹកនេះ។ រូបថតពីហ្វសប៊ុក

​តប​តាម​ការអញ្ជើញ​របស់​រដ្ឋាភិបាល​ចិន លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃទី​១១ ខែកញ្ញា​នេះ ដឹកនាំ​​គណៈ​ប្រតិភូ​​អញ្ជើញ​​ទៅ​ចូលរួម​ពិធី​តាំងពិព័រណ៍​ចិន​-​អាស៊ាន នៅ​ទីក្រុង​​ណាន​នី​ង ខេត្ត​ក្វាង​ស៊ី ប្រទេស​ចិន រយៈពេល​៣​ថ្ងៃ  ចាប់ពី​ថ្ងៃ​ទី​១១ ដល់​១៣ ខែ​កញ្ញា ឆ្នាំ​២០១៧​។

​មុន​ពេល​ដឹកនាំ​គណៈប្រតិភូ​កម្ពុជា​ទៅ​ប្រទេស​ចិន លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ព្រឹក​នេះ ឆ្លៀត​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល ជិត​៤​ពាន់​នាក់​។ លោក​ថ្លែងថា ពេលដែល​លោក​អញ្ជើញ​ទៅ​ប្រទេស​ចិន លោក​នឹង​ស្នើ​សុំ​បន្ថែម​នូវ​សម្ភារៈ​សុខាភិបាល​មួយចំនួន​ទៀត ដើម្បី​ពង្រឹង​វិស័យ​សុខាភិបាល​តាម​បណ្តា​មន្ទីរពេទ្យ​បង្អែក​នានា​នៅក្នុង​ប្រទេស​កម្ពុជា ឲ្យ​កាន់តែ​ល្អ​ប្រសើរ​ថែម​ទៀត​។​

​ជា​ការកត់សម្គាល់ អំឡុង​ពេល​នៅ​ប្រទេស​ចិន​រយៈពេល​បី​ថ្ងៃនេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នឹង​ថ្លែង​សុន្ទរកថា​ក្នុង​ពិធី​បើក​ការតាំងពិព័រណ៍​ចិន​-​អាស៊ាន លើក​ទី​១៤ ដោយ​ផ្តោត​ទៅលើ​ការ​ជម្រុញ​ពាណិជ្ជកម្ម​ឲ្យ​ខ្លាំង​ថែម​ទៀត​រវាង​អាស៊ាន និង​ចិន ព្រមទាំង​ការទាក់ទាញ​វិនិយោគិន និង​ទេសចរណ៍​ចិន​មក​កាន់​តំបន់​អាស៊ាន​។ បន្ទាប់មក​លោក​នឹង​អញ្ជើញ​ចូលរួម​ជា​អធិបតី​ក្នុង​ពិធី​កាត់​ខ្សែបូ​សម្ពោធ​ពន្លា​ជាតិ​កម្ពុជា ព្រមទាំង​ទស្សនា​ស្តង់​តាំងពិព័រណ៍​របស់​កម្ពុ​ជា និង​ចូលរួម​ជា​កិត្តិយស​ក្នុង​ពិធី​សម្ពោធ​ពន្លា​ជាតិ​របស់​ប្រទេស ប្រ៊ុយណេ​ដា​រូ​សាឡា​ម​។​

​ក្រៅពីនេះ លោក​ហ៊ុន សែន នឹង​ជួប​ថ្នាក់​ដឹកនាំ​សំខាន់ៗ​របស់​ប្រទេស​ចិន ហើយ​ក៏​នឹង​ជួប​សំណេះសំណាល​ជាមួយ​និស្សិត​កម្ពុជា ដែល​កំពុង​សិក្សា​នៅ​ទីក្រុង​ណាន​នី​ង ព្រមទាំង​ផ្តល់​បទសម្ភាសន៍​ដល់​បណ្តាញ​សារព័ត៌មាន​ចិនផង​ដែរ​។​

​ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា​រូបនេះ បញ្ជាក់ថា ការតាំងពិព័រណ៍​ចិន​-​អាស៊ាន លើក​ទី​១៤​នេះ​រំពឹងថា នឹង​ពង្រឹង​ថែមទៀត​នូវ​​កិច្ច​សហ​ប្រតិបត្តិ​ការ​​ទេ្វ​ភាគី​​រវាង​​ប្រទេស​​សមាជិក​អាស៊ាន និង​ចិន ហើយ​និង​ឈាន​ទៅ​សម្រេច​ផែនការ​បង្កើន​ពាណិជ្ចកម្ម និង​វិនិយោគ ទៅវិញទៅមក​ឲ្យដល់​ទំ​ហំ​១​ទ្រី​លាន​ដុល្លារ​អាមេរិក ពី​ចិន​មក​កាន់​តំបន់​អាស៊ាន និង​១៥០​ពាន់​លាន​ដុល្លារ​អាមេរិក ពី​តំបន់​អាស៊ាន​ទៅ​ប្រទេស​ចិន នៅ​ឆ្នាំ​២០២០៕

 ពាក្យគន្លឹះ  ហ៊ុន សែន

ព័ត៌មានផ្សេងទៀត