កម្ពុជា​ស្នើ​អាមេរិក​អនុគ្រោះ​ពន្ធ​នាំចេញ​ផលិតផល​ស្បែកជើង ខណៈ​ចិន​ផ្តល់​៩៧%

09-09-2017 10:27 am 12698
រូបតំណាង រោងចក្រស្បែកជើងមួយក្នុងចំណោមរោងចក្រជាច្រើនទៀតនៅកម្ពុជា ។

​រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម​ថ្លែង​ក្នុង​កម្មវិធី​ជំនួប​ជាមួយ​បណ្តា​រោងចក្រ​កាត់ដេរ​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​៨​កញ្ញា​ថា កម្ពុជា​ទើបតែ​បាន​ដាក់​សំណើ​អនុគ្រោះ​ពន្ធ​ទូទៅ​របស់​អាមេរិក​លើ​ផលិតផល​ស្បែកជើង ឆ្នាំ​២០១៧ នៅ​ថ្ងៃ​ទី​២៥ ខែ​ឧសភា ឆ្នាំ​២០១៧ ។ សំណើ​នេះ​នឹង​ត្រូវ​អនុម័ត​ដោយ​សភា​នាពេលខាងមុខ បន្ទាប់​ពី​អាមេរិក​ទទួលបាន​សំណើ​ពី​ប្រទេស​ដែល​ពាក់ព័ន្ធ ។​

​លោក ឱក ប៊ុង បន្តថា ក្រសួង​ពាណិជ្ជកម្ម​កំពុង​ទាមទារ​ឱ្យ​អាមេរិក​ពន្លឿន​ការអនុវត្ត​កាតព្វកិច្ច​របស់​ខ្លួន​ក្នុង​ក្របខ័ណ្ឌ អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO) ដើម្បី​ផ្តល់​ឱ្យ​កម្ពុជា​នូវ​ពន្ធ​សេរី​-​កូតា​សេរី (DFQF) ឱ្យបាន​យ៉ាងតិច​៩៧% ដូច​ដែល​អាមេរិក​ធ្លាប់​បាន​សន្យា​ក្នុង​សន្និសីទ​រដ្ឋមន្ត្រី​នៅ​ទីក្រុង​ហុងកុង កាលពី​ឆ្នាំ​២០០៥ ។ លោក​រដ្ឋលេខាធិការ​ជំរុញ​ឱ្យ​បណ្តា​រោងចក្រ​ផលិត​ស្បែកជើង​នៅ​កម្ពុជា​ទាំងអស់ រៀបចំ​សំណើ​ដោយឡែក​សម្រាប់​ផលិតផល​ស្បែកជើង ។ លោក​បញ្ជាក់ថា ជោគជ័យ​នៃ​ការដាក់សំណើ​ទាំងនេះ នឹង​ផ្តល់​ប្រយោជន៍​ជាច្រើន​ដល់​កម្ពុជា ពិសេស​បណ្តា​រោងចក្រ​ទាំងអស់ ដើម្បី​បង្កើន​ចង្វាក់​ផលិតកម្ម​លើ​ផលិតផល​ស្បែកជើង​សម្រាប់​នាំចេញ​ទៅ​ទីផ្សារ​អាមេរិក ដែល​ជា​ទីផ្សារ​ធំជាងគេ​ទី​២​បន្ទាប់​ពី​ទីផ្សារ​អឺរ៉ុប ក្នុង​អត្រាពន្ធ​សូន្យ​និង​មិនមាន​កំណត់​កូតា ។​

​សូមបញ្ជាក់​ថា ក្រៅ​ពី​សំណើ​ពន្ធ​សេរី​-​កូតា​សេរី​ដល់​អាមេរិក​នៅ​ពុំទាន់​ឆ្លើយតប យើង​មាន​បណ្តា​ប្រទេស​មួយចំនួន​ផ្សេងទៀត​បាន​ផ្តល់​ពន្ធ​សេរី​ដល់​កម្ពុជា ។ ក្នុងនោះ​រួមមាន ប្រទេស​អូស្ត្រាលី ណូវែល​សេ​ឡង់ ណរ​វ៉េ និង​ស្វីស​បានផ្តល់​១០០% សហគមន៍​អឺរ៉ុប​៩៩% កាណាដា​៩៨.៦% ជប៉ុន​៩៧.៩% និង​ចិន​៩៧% ។ ប​ច្ច​ប្បន្ន​ទីផ្សារ​អាមេរិក ស្ថិត​ក្នុង​លំដាប់​ទី​២​បន្ទាប់​ពី​សហគមន៍​អឺរ៉ុប ។ ការនាំចេញ​របស់​កម្ពុ​ជា​ទៅ​កាន់​អាមេរិក មាន​ទំហំ​ប្រហែល ជាង​២​ប៊ី​លាន​ដុល្លារ​អាមេរិក ក្នុងនោះ​មាន​ផលិតផល​សម្លៀកបំពាក់​ប្រមាណ ១,៧ ប៊ី​លាន​ដុល្លា​អាមេរិក និង​ផលិតផល​ស្បែកជើង​និង​កាបូប​ប្រមាណ​៣០០​លាន​ដុល្លារ​អាមេរិក ។ 

​ទោះយ៉ាងណា​ក៏ដោយ ការនាំចេញ​របស់​កម្ពុ​ជា​ទៅ​កាន់​ទីផ្សារ​អាមេរិក​ស្ថិតក្នុង​កម្រិត​ថេរ​នៅឡើយ​ក្នុង​រយៈពេល​ដប់ឆ្នាំ​ចុងក្រោយ​នេះ ខណៈ​ការនាំ​ចេញ​ទៅ​កាន់​ទីផ្សារ​អឺរ៉ុប​និង​កាណាដា មាន​ការកើនឡើង​គួរឱ្យកត់សម្គាល់ ៕

(រាយការណ៍ដោយ៖ គង់ ឧត្តម)

 ពាក្យគន្លឹះ  ក្រសួងពាណិជ្ជកម្ម

ព័ត៌មានផ្សេងទៀត