ប្រមុខរដ្ឋាភិបាលកម្ពុជាលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ក្នុងឱកាសជួបពិភាក្សាជាមួយលោក Wang Jiarui អនុប្រធានសភាក្រុមប្រឹក្សានយោបាយប្រជាជនចិន បានលើកឡើងពីទំនាក់ទំនងគ្រប់ជ្រុង ជ្រោយរវាងប្រទេសទាំងពីរ។ ជាមួយគ្នានេះ លោកនាយករដ្ឋមន្ត្រីកម្ពុជាក៏សង្ឃឹមថា លោកប្រធានាធិបតីចិន នឹងបន្តជាប់ឆ្នោតជាអគ្គលេខាធិការបក្សកុម្មុយនីស្តចិនតទៅទៀត នៅក្នុងមហាសន្និបាតបក្សខាងមុខនេះ។
ដោយឡែកលោក Wang Jiarui អនុប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន ក៏បានបញ្ជាក់សារជាថ្មីអំពីទំនាក់ទំនងកម្ពុជា-ចិន ក្នុងក្របខណ្ឌយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដែលលោកហៅថាជាសម្ព័ន្ឋមិត្តបងប្អូនកាន់តែរឹងមាំ និងរីកចម្រើនយ៉ាងខ្លាំងផងដែរ។ លោកថា ប្រទេសចិនបានរៀបចំទទួលលោកហ៊ុន សែន នៅក្នុងដំណើរទស្សនកិច្ចអញ្ជើញចូលរួមពិធីតាំងពិព័រណ៌ចិន-អាស៊ានដ៏ធំមួយ រួមជាមួយនឹងកិច្ចប្រជុំកំពូលអំពីការវិនិយោគ ពាណិជ្ជកម្ម ចិន-អាស៊ាន នៅទីក្រុងណាននីង ប្រទេសចិនសប្តាហ៍ក្រោយ។
ក្នុងជំនួបពិភាក្សាគ្នានេះដែរ លោកអនុប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន បានសង្កត់ធ្ងន់ថា ទំនាក់ទំនងកម្ពុជា-ចិន គឺជាបងប្អូន និងជាមហាគ្រួសារ ដោយលោកអះអាងថា ឧបសគ្គរបស់កម្ពុជា គឺជាឧបសគ្គរបស់ចិន ហើយជោគជ័យរបស់កម្ពុជា គឺជាជោគជ័យរបស់ចិន និងថាប្រទេសទាំងពីរ គឺមិនអាចមានអ្នកណាមកបំបែកបំបាក់បានឡើយ។
ជាការកត់សម្គាល់ ទំនាក់ទំនងកម្ពុជា-ចិនត្រូវបានគេមើលឃើញថា កាន់តែស្អិតរមួតបន្ថែមទៀត ក្រោយរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន ចេញសេចក្ដីថ្លែងការណ៍គាំទ្រចំពោះចំណាត់ការ លើលោកកឹម សុខ ប្រធានគណបក្សប្រឆាំងដ៏ធំមួយនៅកម្ពុជា។ ចិនក៏ជាប្រទេសតែមួយគត់ ដែលបានចេញសេចក្ដីថ្លែងការណ៍គាំទ្ររដ្ឋាភិបាលកម្ពុជា ក្នុងការចាប់ឃុំខ្លួនប្រធានគណបក្សសង្គ្រោះជាតិ ខណៈដែលប្រទេសជាច្រើន មានសហគមន៍អឺរ៉ុប សហរដ្ឋអាមេរិក ក៏ដូចជាអង្គការអន្តរជាតិមួយចំនួនទៀតបានថ្កោលទោសរដ្ឋាភិបាល និងទាមទារឲ្យមានការដោះលែងប្រធានគណបក្សប្រឆាំងវិញ ដើម្បីធានាដល់ការបោះឆ្នោតជាតិឆ្នាំក្រោយ។
ក្រៅតែជាដៃគូយុទ្ធសាស្ត្រភូមិសាស្ត្រនយោបាយដ៏សំខាន់ ប្រទេសទាំងពីរក៏បានសន្យាបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឲ្យដល់៥ពាន់លាន់ដុល្លារនៅក្នុងអំឡុងឆ្នាំ២០១៧នេះ ខណៈដែលឆ្នាំ២០១៦កន្លងទៅមានជាង៤ពាន់លានដុល្លាអាមេរិក៕ដោយ៖ ធុច ធារ៉ា