ចិន​គ្រោង​ផ្តល់​រថយន្ត​គ្លីនិក​ភ្នែក​ចល័ត​មួយគ្រឿង​តម្លៃ​ជិត​៤០​ម៉ឺន​ដុល្លារ​ដល់​កម្ពុជា​

08-09-2017 4:45 pm 856
ភាគីចិន និងភាគីកម្ពុជា ក្នុងជំនួបពិភាក្សានៅសណ្ឋាគារអ៊ីនធឺខន នៅថ្ងៃទី០៨កញ្ញា ។ រូបថតពី ក្រសួងសុខាភិបាល ។

​រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​កម្ពុជា​ស្នើឱ្យ​អង្គការ​មូលនិធិ​អាស៊ាន​សម្រាប់​បង្ការ​ភាព​ពិការភ្នែក ដែល​មាន​ទីស្នាក់ការ​នៅ​ទីក្រុង​ហុងកុង​ពិនិត្យ​មើល​លទ្ធភាព​នៃ​ការវិនិយោគ​លើ​ផ្នែក​សំខាន់ៗ​ចំនួន​៤​ដូចជា សាងសង់​អគារ​មន្ទីរពេទ្យ​ប្រចាំ​តំបន់​ក្នុង​ខេត្ត​កំពង់ចាម ឧបករណ៍​បរិក្ខារ​ពេទ្យ​ទំនើប រថយន្ត​គ្លីនិក​ព្យាបាល​ភ្នែក​ចល័ត និង​បណ្តុះបណ្តាល​បច្ចេកទេស​វះកាត់​ភ្នែក​ដល់​គ្រូពេទ្យ​កម្ពុជា នៅ​ថ្ងៃ​ទី​០៧ ខែ​កញ្ញា ឆ្នាំ​២០១៧ ។​

​លោក ម៉ម ប៊ុនហេង ថ្លែងថា បច្ចុប្បន្ន​ពលរដ្ឋ​កម្ពុជា​កាន់តែ​មាន​បញ្ហា​ភ្នែក​ច្រើនឡើងៗ ខណៈ​កម្ពុជា​នៅ​ខ្វះខាត​ជំនាញ អគារ និង​សម្ភារ​បរិក្ខារ​ពេទ្យ​នៅ​ឡើយ ដែល​កត្តា​នេះ ទាមទារ​ឱ្យមាន​កិច្ចសហការ​រវាង​កម្ពុ​ជា​និង​ចិន​បន្ថែមទៀត ។​

​អនុប្រធាន​គណៈកម្មាធិកា​រ​ពិគ្រោះ​យោបល់​នយោបាយ​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន លោក លឿង ជុន​យី​ង ថា លោក​គ្រោង​នឹង​ផ្តល់​រថយន្ត​គ្លីនិក​ព្យាបាល​ភ្នែក​ចល័ត​មួយគ្រឿង​អម​ជាមួយ​គ្រឿង​បរិក្ខារ​ពេទ្យ ដែល​មាន​តម្លៃ​សរុប​ជិត​៤០​ម៉ឺន​ដុល្លារ​អាមេរិក ។ រថយន្ត​នេះ នឹង​ជួយ​សម្រួល​ដល់​ការព្យាបាល​បញ្ហា​ភ្នែក​របស់​ពលរដ្ឋ​បាន​ទូទាំង​ប្រទេស​កម្ពុជា ។ ស្របគ្នា​នេះ ភាគី​ចិន​បញ្ជាក់​ជំហរ​កំណត់​ទិសដៅ​ធ្វើយ៉ាងណា​ឱ្យ​កម្ពុជា​ព្យាបាល វះកាត់​ភ្នែក​បាន​ចំនួន​២​ពាន់​ករណី​ក្នុង​មួយឆ្នាំ ។ ចំណែកឯ​សំណើ​ផ្សេងទៀត ចិន​នឹង​សិក្សា​ស្វែង​យល់​បន្ថែម​ដើម្បី​ឈាន​ដល់​ការឯកភាព​លើ​លទ្ធភាព​នៃ​ការវិនិយោគ​បន្ត ។​

​សូម​រំឭកថា កន្លងមក​រដ្ឋាភិបាល​ចិន​បាន​ផ្តល់​នូវ​រថយន្ត​សង្គ្រោះបន្ទាន់​ចំនួន​២០០​គ្រឿង និង​ម៉ាស៊ីន​អេកូ​ចំនួន​២០០​គ្រឿង តាមរយៈ​ជំនួយឥតសំណង​ដល់​កម្ពុជា ៕

(រាយការណ៍ដោយ៖ គង់ ឧត្តម)

 ពាក្យគន្លឹះ  ក្រសួងសុខាភិបាល

ព័ត៌មានផ្សេងទៀត