អភិបាលរាជធានីភ្នំពេញបានឱ្យដឹងថា ព្រែកធម្មជាតិដែលជាប្រឡាយមានតួនាទីរំដោះទឹកចេញយ៉ាងសំខាន់មួយកន្លែង នៅសង្កាត់ព្រែកឯងនិងសង្កាត់ព្រែកថ្មីត្រូវបានឈ្មួញឃុបឃិតគ្នាចាក់លុបបំបាត់ធ្វើជាកម្មសិទ្ធិឯកជន ។ លោក ឃួង ស្រេង ថា មន្ត្រីពាក់ព័ន្ធដូចជា មន្ត្រីសុរិយោដី មន្ត្រីធនធានទឹកជាដើម ត្រូវរកព្រែកនេះឱ្យឃើញវិញ បើមិនឃើញទេ គួរលាឈប់ពីការងាររបស់ខ្លួន ព្រោះមិនដឹងថាធ្វើការងារអីកើតទៀតទេ ។
តាមមន្ត្រីមូលដ្ឋានបញ្ជាក់ថា ព្រែកធម្មជាតិនេះស្ថិតក្នុងសង្កាត់ព្រែកថ្មី និងសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ។ ព្រែកនេះត្រូវបានឈ្មួញ ពិសេសអ្នកស្រី ស៊ុយ សុផាន រំលោភដោយចាក់ដីបំពេញយកជាដីកម្មសិទ្ធិផ្ទាល់ខ្លួនជាច្រើនឆ្នាំមកហើយ ពោលគឺតាំងពីសង្កាត់នេះកាត់ចូលទឹកដីរាជធានីភ្នំពេញមកម្ល៉េះ ។ មន្ត្រីដដែលបញ្ជាក់បន្តថា ព្រែកនេះពិតជាបានដើរតួនាទីយ៉ាងសំខាន់ ដើម្បីរំដោះទឹកចេញពីសង្កាត់ព្រែកថ្មី ពិសេសសង្កាត់ព្រែកឯងដោយហូរចូលទៅទន្លេបាសាក់ ។
ដោយឡែក ព្រឹកថ្ងៃទី៧កញ្ញា អភិបាលខណ្ឌច្បារអំពៅ លោក ចេង មុនីរ៉ា បានចុះទៅត្រួតពិនិត្យទីតាំងព្រែកនោះ ដោយមានការចូលរួមពីមន្ត្រីរដ្ឋាភិបាលផ្សេងទៀត ក្រោយមានការបញ្ជាពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ។ ក្នុងកិច្ចការចុះស្រាវជ្រាវនេះ គឺធ្វើឡើងដើម្បីកំណត់ និងកាយដីដាក់ប្រព័ន្ធលូរំដោះទឹកទូទាំងសង្កាត់ព្រែកថ្មី និងសង្កាត់ព្រែកឯង ៕
(រាយការណ៍ដោយ៖ គង់ ឧត្តម)