ចិន​នឹង​ជួយ​បណ្តុះបណ្តាលកម្ពុជាលើការត្រួតពិនិត្យ​ម៉ាក​ផលិតផល

07-09-2017 2:57 pm 830

​ចិន​នឹង​ជួយ​បណ្តុះបណ្តាល​ធនធានមនុស្ស​កម្ពុជា លើ​ផ្នែក​ត្រួតពិនិត្យ​ម៉ាក​ដល់​ប្រទេស​កម្ពុជា​។ ការសន្យា​ជួយ​របស់​ចិន​លើ​ផ្នែក​នេះ ដោយ​អនុលោម​ទៅ​តាម​អនុស្សរណៈ នៃ​ការ​យោគ​យល់​គ្នា លើ​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​ម៉ាក និង​ការកសាង​ម៉ាក​យីហោ ដែល​បាន​ចុះហត្ថលេខា​នៅ​ថ្ងៃទី​៦​កញ្ញា​ ​ក្រោម​វត្តមាន​លោក​អ៊ុក ប្រជា រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម និង​លោក​ម៉ា ហ្សិ​ង​គី (Ma Zhengqi) អនុ​រដ្ឋមន្ត្រី​នៃ​រដ្ឋបាល​ជាតិ​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម​ចិន។

ពិធី​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា លើ​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​ម៉ាក និង​ការកសាង​ម៉ាក​យីហោ ធ្វើឡើង​ក្នុង​គោលបំណង​ដើម្បី​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ឲ្យបាន​កាន់តែ​ទូលំទូលាយ ដោយ​ឈរ​លើ​មូលដ្ឋាន​ស្មើភាព និង​ផ្តល់​ប្រយោជន៍​ឲ្យ​គ្នា​ទៅវិញទៅមក​លើ​វិស័យ​ម៉ាក និង​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ ព្រមទាំង​ជំរុញ​ការកសាង​ម៉ាក​កាន់តែ​ច្រើន​នៅក្នុង​ប្រទេស​កម្ពុជា​និង​ចិន​។​

​អនុស្សរណៈ​នេះ​ក៏​មាន​គោលបំណង ធ្វើឲ្យ​ប្រសើរឡើង​នូវ​ការអនុវត្ត​កម្ម​សិទ្ធិបញ្ញា តាមរយៈ​ការ​គាំពារ​ផលប្រយោជន៍​អ្នកប្រើប្រាស់ និង​ផលិតករ​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​។ តាមរយៈ​អនុស្សរណៈ​នេះ ប្រទេស​ទាំង​ពីរ​នឹង​ចែករំលែក​លិខិត​បទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ​កម្មសិទ្ធិបញ្ញា ព្រមទាំង​ធ្វើ​ទស្សនកិច្ច​សិក្សា​ពី​គ្នា​ទៅវិញទៅមក ដើម្បី​ដកស្រង់​បទពិសោធន៍​នៅលើ​វិស័យ​ក​ម្ម​សិទិ្ធ​បញ្ញា និង​ការពង្រឹង​កិច្ច​ការពារ​ម៉ាក​ពាណិជ្ជកម្ម​។ បើតាមការចុះផ្សាយរបស់សារព័ត៌មានAkp ប្រទេស​ចិន​ក៏​នឹង​ជួយ​បណ្តុះបណ្តាល​ធនធានមនុស្ស លើ​ផ្នែក​ត្រួតពិនិត្យ​ម៉ាក​ដល់​ប្រទេស​កម្ពុជា និង​ជួយ​ជំរុញ​ឲ្យមាន​ការតាំង​ពិព័រណ៍​ផលិតផល​ខ្មែរ ក៏​ដូចជា​ការកសាង​ម៉ាក​យីហោ​របស់​កម្ពុជា​នៅលើ​ទីផ្សារ​បន្ថែមទៀត​​៕

 ពាក្យគន្លឹះ  កម្ពុជា-ចិន

ព័ត៌មានផ្សេងទៀត