ក្នុងជំនួបសវនាការជាមួយលោក ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា នៅព្រឹកថ្ងៃទី៧ កញ្ញា អនុប្រធានសភាប្រឹក្សាភិបាលប្រជាជនចិន លោក វ៉ាង ចាយរ៉ុ បានថ្លែងអះអាងថា ប្រទេសចិនគាំទ្រនូវចំណាត់ការរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការចាប់ខ្លួនមេបក្សសង្គ្រោះជាតិ លោក កឹម សុខា ដើម្បីធានានូវស្ថិរភាពរបស់ប្រទេសកម្ពុជា ។ លោកអះអាងថា មហាអំណាចចិននឹងធានាគ្រប់កាលៈទេសៈជួយដល់កម្ពុជា ។
នេះបើយោងតាមទីប្រឹក្សាប្រធានរដ្ឋសភាកម្ពុជា លោក សន សរណា ប្រាប់ក្រុមអ្នកកាសែតក្រោយបញ្ចប់សវនាការ ។
សូមបញ្ជាក់ថា បច្ចុប្បន្ន ប្រធានបក្សសង្គ្រោះជាតិ លោក កឹម សុខា ត្រូវបានអយ្យការសាលាដំបូងរាជធានីភ្នំពេញ សម្រេចចោទប្រកាន់ពីបទល្មើស «សន្ទិដ្ឋិភាពជាមួយបរទេស» តាមបញ្ញត្តិនៃមាត្រា៤៤៣ នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា និងកំពុងស្ថិតក្នុងដំណាក់កាលស៊ើបសួររបស់ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ ៕
(រាយការណ៍ដោយ៖ គង់ ឧត្តម)