នៅក្នុងនាទីវិភាគព្រឹត្ដិការអន្ដរជាតិថ្ងៃនេះ ពេញ ផេងនឹងជម្រាបជូនលោកអ្នកវគ្គបញ្ចប់ ពីការបង្ហាញអំណាចរបស់ចិននិងជប៉ុន ដើម្បីក្លាយជាមហាអំណាចអាស៊ី។លោកអ្នកនាងបានជ្រាបហើយ ពីគោលនយោបាយនិងយុទ្ធសាស្ដ្រ ដែលប្រទេសទាំងពីរប្រើប្រាស់។នៅថ្ងៃនេះពេញ ផេងនឹងជម្រាបជូនបន្ថែម ពីគោលនយោបាយបន្ធូរបន្ថយកម្ដៅ បែរទៅពឹងពាក់គ្នាដើម្បីផលប្រយោជន៍រួម។ដូច្នេះសូមស្ដាប់សេចក្ដីរាយការណ៍ពិស្ដារតទៅ៖
សំឡេង៖
បើវិភាគយើងឃើញថា មានភាគរយតិចតួចណាស់ដែលប្រទេសមហាអំណាចដឹកនាំដោយអ្នកនយោបាយចាស់ទុំ ដូចជាចិននិងជប៉ុននេះ អាចឈានទៅធ្វើសង្គ្រាមដាក់គ្នាដោយសារតែកូនកោះតូចៗ។ចិននិងជប៉ុនថ្វីដ្បិតជាគូសត្រូវជូរចត់ពីអតីតកាល ប៉ុន្ដែប្រទេសទាំងពីរក៏ត្រូវការគ្នាខ្លាំងណាស់ដែរក្នុងពេលបច្ចុប្បន្ន ជាពិសេសនៅពេលអឺរ៉ុបកំពុងឆ្លងកាត់វិបត្ដិសេដ្ឋកិច្ច ហើយចិននិងជប៉ុនកំពុងត្រូវការទីផ្សារលក់ទំនិញ។
លើសពីនេះទៅទៀត ជម្លោះប្រដាប់អាវុធរវាងចិននិងជប៉ុននឹងត្រូវជាប់ពាក់ព័ន្ធដល់ភាគីទីបីសំខាន់មួយទៀតគឺសហរដ្ឋអាមេរិក ព្រោះជប៉ុនជាសម្ព័ន្ធមិត្ដអាមេរិកហើយតាមរយៈសន្ធិសញ្ញាសម្ព័ន្ធមិត្ដនេះ អាមេរិកត្រូវជាប់កាតព្វកិច្ចជួយការពារជប៉ុនក្នុងករណីដែលជប៉ុនទទួលរងការវាយប្រហារពីបរទេស។
នៅពេលរដ្ឋមន្ដ្រីអាមេរិកទៅបំពេញទស្សនកិច្ចនៅជប៉ុនកន្លងមក អាមេរិកបានបញ្ជាក់ថា ប្រជុំកោះដែលជាប់ជម្លោះជាមួយចិននេះ ក៏ស្ថិតក្នុងក្របខ័ណ្ឌសន្ធិសញ្ញាសម្ព័ន្ធមិត្ដអាមេរិក-ជប៉ុនដែរ។ក្នុងពេលជាមួយគ្នា អាមេរិកបន្ដទទូចអំពាវនាវម្ដងហើយម្ដងទៀតឲ្យចិននិងជប៉ុន ដោះស្រាយជម្លោះដោយសន្ដិវិធី។ទាំងនេះគឺជាសារដើម្បីដាក់សម្ពាធទាំងលើរដ្ឋាភិបាលជប៉ុននិងលើរដ្ឋាភិបាលចិន ឲ្យចៀសវាងការបង្កហេតុណាមួយដែលអាចនាំទៅរកជម្លោះប្រដាប់អាវុធ។
មិនយូរប៉ុន្មានលោកនាយករដ្ឋមន្ដ្រីជប៉ុនស៊ីនហ្ស៊ូ អាបេ បានបញ្ជូនបេសកជនពិសេសរបស់ខ្លួន ចូលជួបលោកស៊ី ជីនពីងអគ្គលេខាធិការបក្សកុម្មុយនិស្ដចិន ដែលបានស្នងតំណែងប្រធានាធិបតីពីលោកហ៊ូ ជីនតាវកាលពីថ្ងៃទី២៥មករាឆ្នាំ២០១៣។ប្រការដែលនាយករដ្ឋមន្ដ្រីជប៉ុនធ្វើបែបនេះ អាចចាត់ទុកជាកាយវិការវិជ្ជមានដ៏សំខាន់មួយ នៅក្នុងទំនាក់ទំនងចិន-ជប៉ុន ចាប់តាំងពីគណបក្សអភិរក្សនិយមជប៉ុនឈ្នះឆ្នោតឡើងកាន់អំណាច។នៅក្នុងលិខិតរបស់លោកស៊ីនហ្ស៊ូ អាបេដែលបានប្រគល់ជូនលោកស៊ី ជីនពីង ដោយបេសកជនពិសេសបានគូសបញ្ជាក់ថា ទំនាក់ទំនងចិន-ជប៉ុនគឺជាទំនាក់ទំនងទ្វេភាគីដ៏សំខាន់បំផុតមួយ ហើយលោកមានចេតនាចង់ឃើញប្រទេសទាំងពីរបង្កើនទំនាក់ទំនងជាដៃគូយុទ្ធសាស្ដ្រ ដើម្បីផលប្រយោជន៍ទាំងសងខាង។
បេសកជនពិសេសរបស់លោកស៊ីនហ្ស៊ូ អាបេវិញ បានប្រាប់អ្នកសារព័ត៌មានថា លោកមានបំណងចង់ឈានមួយជំហានទៅរកចិន ដើម្បីបើកផ្លូវឆ្ពោះទៅរកការស្ដារទំនាក់ទំនងរវាងចិន-ជប៉ុន ឲ្យវិលទៅរកប្រក្រតីភាពឡើងវិញ។នៅក្នុងជំនួបនេះលោកនិងលោកស៊ី ជីនពីងបានឯកភាពគ្នាថា ចិននិងជប៉ុនត្រូវតែបន្ដជជែកពិភាក្សា ដើម្បីឈានទៅរកការបើកជំនួបកំពូលរវាងប្រមុខដឹកនាំកំពូលនៃប្រទេសទាំងពីរ។រីឯបញ្ហាជម្លោះដណ្ដើមប្រជុំកោះវិញ បេសកជនពិសេសជប៉ុនមិនបានលើកយករឿងនេះមកជជែកជាមួយលោកស៊ី ជីនពីងទេ ប៉ុន្ដែលោកមានសុទិដ្ឋិនិយមថា ជប៉ុននឹងអាចដោះស្រាយជាមួយចិនបាន។
លោកស៊ី ជីនពីងនៅក្នុងជំនួបជាមួយបេសកជនពិសេសជប៉ុននេះ បានទទូចឲ្យជប៉ុនសហការជាមួយចិន ដើម្បីស្វែងរកដំណោះស្រាយតាមរយៈការជជែកពិភាក្សា ហើយថាជប៉ុនចាំបាច់ត្រូវតែគិតគូរពីបរិបទប្រវត្ដិសាស្ដ្ររវាងប្រទេសទាំងពីរ និងអំពីអារម្មណ៍របស់ប្រជាជនចិន។
បើតាមខ្លឹមសារនៃជំនួបនេះឃើញថា ការជួបគឺគ្រាន់តែដើម្បីបន្ធូរបន្ថយបរិយាកាសអាប់អួរ ដែលបានធ្វើឲ្យជះឥទ្ធិពលដល់បញ្ហាសេដ្ឋកិច្ចរបស់ប្រទេសទាំងពីរប៉ុណ្ណោះ។អ្វីដែលជាភាពធូរស្រាល អ្វីដែលអាចពិភាក្សា គឺព្រោះតែផលប្រយោជន៍តែមួយគត់គឺសេដ្ឋកិច្ច រីឯរឿងប្រវត្ដិសាស្ដ្រនិងដែនអំណាចទឹកដី នៅតែជាបញ្ហាក្ដៅរបស់មហាអំណាចទាំងពីរ។ក្នុងករណីមានបញ្ហាដែលអាចឈានដល់ការប្រើកម្លាំងទ័ព ប្រទេសទាំងពីរនឹងបាត់បង់ឱកាសក្លាយជាមហាអំណាចសេដ្ឋកិច្ច ទាំងចិននិងជប៉ុន។ហេតុនេះទើបប្រទេសទាំងពីរងាកមករកនយោបាយការបរទេស សម្របសម្រួលបញ្ចុះកម្ដៅលើបញ្ហាព្រំដែន ប៉ុន្ដែកម្ដៅនេះនឹងកើតមានឡើងវិញកាលណាមានការផ្លាស់ប្ដូរថ្នាក់ដឹកនាំម្ដងៗ ព្រោះគេអាចយកបញ្ហានេះមកប្រើប្រាស់ដើម្បីស្វែងរកប្រជាប្រិយភាពរៀងៗខ្លួន។
ចំណុចដែលគួរឲ្យកត់សម្គាល់ផងដែរគឺ ជប៉ុនហាក់បីដូចជាបានបំភ្លេចសំណុំរឿងកោះសេនកាគូឬទាវយូ ដោយមិនរម្លឹកយកមកពិភាក្សាទេ បង្វែរទិសដៅពីបញ្ហាព្រំដែន មកជាការពឹងពាក់គ្នាវិញ ដែលប្រទេសទាំងពីរត្រូវការទីផ្សារគ្នាទៅវិញទៅមក។ជំនួបចរចារបស់ប្រទេសទាំងពីរ ទាំងសងខាងសុទ្ធតែមានយុទ្ធសាស្ដ្រនិងបង្កប់ន័យនូវអ្វីដែលជាការចង់បានរៀងៗខ្លួន តែមិនប្រើប្រាស់ន័យចំប៉ុណ្ណោះ។
ភាពមិនឈ្នះចាញ់នៃមហាអំណាចទាំងពីរ ពោលគឺដោយសារតែប្រទេសទាំងពីរអាចស្វែងរកផលចំណេញពីគ្នាទៅវិញទៅមក ដូចសុភាសិតខ្មែរមួយពោលថា ខ្លាពឹងព្រៃ ព្រៃពឹងខ្លា គឺដូចដែលចិនត្រូវការជប៉ុន ហើយជប៉ុនត្រូវការចិនអ៊ីចឹងដែរ។បើទោះជាចិន ជប៉ុន និងសហរដ្ឋអាមេរិក សុទ្ធតែមិនមានអ្នកណាចង់ឲ្យផ្ទុះសង្គ្រាម ប៉ុន្ដែក្ដីបារម្ភនៅតែកើតមានព្រោះថា បើភាពតានតឹងនៅតែរាលដាលរ៉ាំរ៉ៃធ្ងន់ធ្ងរកើតឡើងដដែលៗ បូករួមទាំងវត្ដមាននាវាល្បាតរបស់ប្រទេសទាំងពីរដែលនៅក្បែរគ្នាក្នុងតំបន់ជម្លោះបែបនេះ អាចនឹងបង្កជាការប៉ះទង្គិចដោយចៃដន្យណាមួយ ដែលអាចឈានដល់ការផ្ទុះអាវុធដាក់គ្នា។មានសុភាសិតខ្លះពោលថា អុសសើមនៅជិតភ្លើងយូរទៅ គង់មានថ្ងៃណាមួយនឹងឆេះ ហើយបើថ្ងៃកំពុងក្ដៅហួតហែង បើទោះជាត្រឹមចុងបារីតូចមួយក៏អាចនឹងបង្កជាអគ្គិភ័យឆេះព្រៃធំមួយបាន រីឯអ្នកប្រមាញ់មិនចាំបាច់បាញ់សត្វ ក៏អាចបានសត្វមកទទួលទានដែរ។ងាកមកវិញ បើរឿងរ៉ាវជម្លោះកោះនេះ អាចនឹងផ្ទុះកើតជាបញ្ហាធ្ងន់ធ្ងរ ក្នុងពេលណាមហាអំណាចទាំងពីរខ្វះភាពអត់ធ្មត់ អ្នកដែលទទួលបានផលប្រយោជន៍គឺសហរដ្ឋអាមេរិកនិងអឺរ៉ុប៕
(អត្ថបទនេះដកស្រង់ពីសៀវភៅ “នយោបាយការបរទេស ម្សិលមិញ ថ្ងៃនេះ និងថ្ងៃស្អែក” របស់លោកបណ្ឌិតសុខ ទូច សាស្ដ្រាចារ្យវិទ្យាសាស្ដ្រនយោបាយ បោះពុម្ពឆ្នាំ២០១៥)