លោក​ស៊ី​​ជួប​លោក​មូឌី​​លើក​ដំបូង​​ក្រោយ​បញ្ឈប់​​ការប្រឈមមុខ​ដាក់​គ្នា​​នៅ​ព្រំដែន​

05-09-2017 3:34 pm 1335
លោកណារិនដ្រា មូឌីនៅខាងឆ្វេងលោកស៊ី ជីងពីន និងនៅខាងស្តាំជាភរិយាលោកស៊ី

​ក្នុងនាម​ចិន​ជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ BRICS ជាក្រុម​ប្រទេស​មាន​ការអភិវឌ្ឍ​ឬ​ប្រទេស​មាន​ឧស្សាហកម្ម​ថ្មី ដែល​មានប្រេ​ស៊ីល ឥណ្ឌា រុស្ស៊ី អាហ្វ្រិក​ខាងត្បូង និង​ចិន​ខ្លួនឯង​ជា​សមាជិក ប្រធានាធិបតី​ចិន​លោក​ស៊ី ជី​ង​ពី​ន បាន​ស្វាគមន៍​លោក​ណារិ​នដ្រា មូឌី​ដោយចាប់​ដៃរលាក់​និងញ​ញឹ​កដា​ក់​គ្នា​ដោយ​ក្តី​រីករាយ​។ ឆ្លៀត​ក្នុង​ឱកាស​នេះ លោក​ស៊ី​បាន​ជួប​លោក​មូឌី​នៅ​ខាងក្រៅ​កិច្ចប្រជុំ និង​បាន​ប្រាប់​លោក​មូឌី​ថា ប្រទេស​ទាំង​ពីរ​គួរ​បន្ត​ទំនាក់ទំនង​ល្អ​ទ្វេរ​ភាគី ដើម្បី​បម្រើឲ្យ​ផលប្រយោជន៍​ប្រទេស​ដែល​មានរ​បង​ជាប់​គ្នា​ទាំង​ពីរ​។ នេះ​បើ​យោង​តាម​ការចុះផ្សាយ របស់​សារព័ត៌មាន​ចិន​ស៊ីន​ហួរ​នៅ​ថ្ងៃទី​៥​ខែកញ្ញា​នេះ​។​

​ប្រទេស​មាន​នុយក្លេអ៊ែរ​ទាំងពីរ បាន​ប្រឈមមុខ​ដាក់គ្នា​ដោយ​យោធា ជាច្រើន​សប្តាហ៍​នៅ​តំបន់ភ្នំ​ហិ​ម៉ាល័យ​។ ជម្លោះ​ព្រំដែន​ដែល​អូសបន្លាយ​តាំងពី​ខែមិថុនា បាន​ធូរស្រាល​ទៅវិញ ដោយ​កងទ័ព​ប្រទេស​ទាំង​ពីរ យល់ព្រម​ផ្លាស់​ទី​ចេញពី​ទីតាំង​ប្រឈមុខគ្នា ក្រោយ​មាន​ការដោះស្រាយ​តាម​មធ្យោបាយ​ការទូត​។ ការព្រមព្រៀង​នេះ ធ្វើ​ឡើង​មួយ​សប្តាហ៍​មុន​លោក​មូឌី បោះជំហាន​ជាន់​ទឹកដី​ទីក្រុង Xiamen ស្ថិត​នៅ​ភាគ​អាគ្នេយ៍​ប្រទេស​ចិន ដើម្បី​ចូលរួម​កិច្ចប្រជុំ BRICS ដែល​ប្រារព្ធ​ធ្វើ​នៅ​ថ្ងៃទី​៤​ខែ​កញ្ញា​។​

​តាមពិត​ទៅ​តំបន់​ជម្លោះ Doklam មាន​ការទាមទារ​ដោយ​ចិន​និង​ប្រទេស​ប៊ូ​តង់​ទេ​។ ប៉ុន្តែ​ដោយសារ​ប៊ូ​តង់​គឺជា​សម្ព័ន្ធមិត្ត​ជិតស្និទ្ធ​របស់​ឥណ្ឌា ទើប​ឥណ្ឌា​លូកដៃ​ចូល​ក្នុង​ជម្លោះ​នេះ​។ ឥណ្ឌា​បាន​ដាក់ពង្រាយ​កងទ័ព ដើម្បី​ដាក់​សម្ពាធ​ឲ្យ​ចិន​បញ្ឈប់​គម្រោង​សាងសង់​នៅ​តំបន់​ជម្លោះ​នោះ​។ ចិន​បាន​ចោទ​ឥណ្ឌា​ថា បាន​រំលោភ​លើ​ទឹកដី​របស់គេ​ដោយ​ខុសច្បាប់​។ ភាព​តានតឹង​រវាង​ប្រទេស​ទាំង​ពីរ ដែល​ចាប់ផ្តើមកើតឡើង​កាលពី​ថ្ងៃ​ទី​១៦​ខែ​មិថុនា​ឆ្នាំ​២១០៧​នេះ ត្រូវបាន​គេ​ចាត់ទុកថា ជា​វិបត្តិ​អាក្រក់​បំផុត​មិន​ធ្លាប់​កើតមាន​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ​៕

 ពាក្យគន្លឹះ  ចិន-ឥណ្ឌា

ព័ត៌មានផ្សេងទៀត