ចិន​ជា​ប្រទេស​ទី​១​​ដែល​គាំទ្រ​​រដ្ឋាភិបាល​កម្ពុជា​​ចំពោះ​ការ​ចាប់ខ្លួន ​លោក​កឹម សុខា​​

05-09-2017 2:37 pm 2464
​លោក​ហ្គេង ហ្ស​ង​(ឆ្វេង ) អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន និងលោកកឹម សុខា ពេលចាប់ខ្លួន

សហគមន៍​អឺរុប អង្គការសហប្រជាជាតិ សហរដ្ឋអាមេរិក និង​ប្រទេស​កាន់​លទ្ធិប្រជាធិបតេយ្យ​ដទៃទៀត រួមទាំង​សមាជិក​សភា​អាស៊ាន​ដើម្បី​សិទ្ធមនុស្ស បាន​ប្រតិកម្ម និង​ថ្កោលទោស​រដ្ឋាភិបាល​កម្ពុជា ចំពោះ​ការចាប់ខ្លួន​លោក​កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ប៉ុន្តែ​ពេល​នេះ ប្រទេស​ចិន ជា​បងធំ​ទី​១​នៅ​អាស៊ី ដែល​គេ​ដឹងថា ជា​សម្ព័ន្ធមិត្ត​ស្អិតល្មួត​ចាក់ទឹកមិនលិច ជាមួយ​រដ្ឋាភិបាល​កម្ពុ​ជា របស់​លោក​ហ៊ុន សែន បានបង្ហាញ​ជំហរ​គាំទ្រ​រដ្ឋាភិបាល​កម្ពុជា ចំពោះ​ការចាប់ខ្លួន លោក​កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ពី​បទ​ក្បត់ជាតិ ទៅវិញ​។​សម្ព័ន្ធមិត្ត​កម្ពុជា​ដែល​ជា​ទូទៅ​មិន​សូវ​ត្រូវ​នឹង​អាមេរិក នោះ​គឺ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង ប្រទេស​ចិន អាច​ជា​ប្រទេស​ទី​១ ឬ​តែមួយគត់ ដែល​បាន​បង្ហាញ​ជំហរ​គាំទ្រ រាជរដ្ឋាភិបាល​កម្ពុជា ចំពោះ​ការចាប់ខ្លួន លោក កឹម សុខា​នេះ​។​

​លោក​ហ្គេង ហ្ស​ង​( Geng Shuang ) អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន បាន​ថ្លែង​ក្នុង​សន្និសីទកាសែត ពាក់ព័ន្ធ​ការចាប់ខ្លួន លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ថ្ងៃ​ទី​៤​ខែកញ្ញា​ថា ក្នុងនាម​ជា​អ្នកជិតខាង​ដ៏​ល្អ មិត្តភក្តិ​,​ដៃគូ និង​បងប្អូន​របស់​ប្រទេស​កម្ពុជា ភាគី​ចិន​តែងតែ​គាំទ្រ​កម្ពុជា ក្នុងការ​ដើរ​តាម​ផ្លូវ​អភិវឌ្ឍន៍ ដែល​ស្រប​តាម​លក្ខខណ្ឌ​ជាតិ និង​កិច្ចខិតខំ​ប្រឹងប្រែង របស់​រដ្ឋាភិបាល​កម្ពុ​ជា ដើម្បី​លើកកម្ពស់​សន្តិសុខ​ជាតិ និង​ស្ថិរភាព​ជាតិ​។​

​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ធ្លាប់​បាន​បញ្ជាក់ថា នឹង​លះបង់​គ្រប់​តម្លៃ​ទាំងអស់ ដើម្បី​ការពារ​សន្តិភាព​ជូន​ជាតិ ដោយ​លោក​បាន​សង្កត់ធ្ងន់ថា លោក និង​ប្រជាជន​កម្ពុជា​មិន​អនុញ្ញាត​ឱ្យ​បរទេស​ប្រើប្រាស់​ខ្មែរ ដើម្បី​សម្លាប់​ខ្មែរ​ទៀត​នោះទេ​។​

​ក្នុង​ពិធី​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​វិហារ​ឥស្លាម​ជើ​មៀក នៅ​ខេត្ត​កំពង់ចាម នៅ​ថ្ងៃ​ទី​០៤ ខែ​កញ្ញា ឆ្នាំ​២០១៧ លោក​ហ៊ុន សែន បានប្រកាស ចាត់វិធានការ​ផ្លូវច្បាប់ ដើម្បី​កម្ទេចចោល​នូវ​ពួក ឬ​ក្រុម​ដែល​ចង់​បំផ្លាញ​សន្ដិភាព និង​សេចក្ដីសុខ​របស់​ប្រទេស​កម្ពុជា ដោយ​មិន​អនុញ្ញាត​ឲ្យ​ពួក​ក្បត់ជាតិ​ទាំងនោះ រួច​ខ្លួន​ឡើយ ហើយក៏​មិន​អនុញ្ញាត​ឲ្យ​ប្រព្រឹត្តតាម​អំពើ​ចិត្ត​ដាច់ខាត ទោះ​ក្នុង​តម្លៃ​ណាក៏ដោយ​។​

​សូមបញ្ជាក់​ថា លោក កឹម សុខា ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន នៅវេលា​ម៉ោង​ប្រមាណ​១២៖៣៥​នាទី​យប់​រំលង​អាធ្រា​ត្រ​ឈានចូល​ថ្ងៃ​ទី​០៣ ខែ​កញ្ញា ឆ្នាំ​២០១៧ នៅ​គេហដ្ឋាន​របស់​លោក​ស្ថិតនៅ​ក្នុង​សង្កាត់​បឹងកក់​២ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ ក្រោយ​ពី​បែកធ្លាយ​វីដេអូ​មួយ​បង្ហាញថា លោក​បាន​អនុវត្ត តាម​ការបញ្ជា​របស់​ស​ហ​រដ្ឋ​អាមេរិក ដើម្បី​ដណ្តើម​អំណាច​ពី​លោក​ហ៊ុន សែន​។​

​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​០៥ ខែ​កញ្ញា ឆ្នាំ​២០១៧​នេះ បានសម្រេច​ចោទប្រកាន់ លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ពីបទ «​សន្ទិដ្ឋិ​ភាព​ជា​មួយ​បរទេស​» ដែល​ជា​បទល្មើស​មួយ​ក្នុង​អំពើ​ក្បត់ជាតិ ក្នុង​មាត្រា​៤៤៣ នៃ​ក្រម​ព្រហ្មទណ្ឌ ដែល​បទល្មើស​នេះ​ប្រឈម​នឹង​ការដាក់​ពន្ធនាគារ​ពី​១៥ ទៅ​៣០​ឆ្នាំ​៕


ព័ត៌មានផ្សេងទៀត