នាយករដ្ឋមន្ដ្រីជប៉ុនលោកស៊ីនហ្ស៊ូ អាបេ បានពិភាក្សាតាមទូរស័ព្ទជាមួយប្រធានាធិបតីអាមេរិកនិងប្រធានាធិបតីរុស្ស៊ីភ្លាមៗ ពីការធ្វើតេស្ដអាវុធនុយក្លេអ៊ែរលើកទី៦របស់កូរ៉េខាងជើង កាលពីថ្ងៃទី០៣កញ្ញា។លោកអាបេបាននិយាយជាមួយលោកដូណាល់ ត្រាំប្រមាណ១០នាទី និងជាមួយលោកវ្លាឌីមៀ ពូទីនប្រមាណ១៥នាទី។
លោកអាបេប្រាប់លោកត្រាំថា កម្រិតនៃការសាកល្បងអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើងនៅពេលនេះ មានឥទ្ធិពលខ្លាំងក្លាបំផុតជាងការធ្វើតេស្ដអាវុធនុយក្លេអ៊ែរពីមុន។វាជាទង្វើមិនអាចអត់ឱនឲ្យបាន ជាសកម្មភាពគ្មានការប្រុងប្រយ័ត្ននិងជាបញ្ហាប្រឈមមួយ មិនមែនសម្រាប់តែជប៉ុននិងអាមេរិកប៉ុណ្ណោះទេ ប៉ុន្ដែជាបញ្ហាប្រឈមសម្រាប់សហគមន៍អន្ដរជាតិទាំងមូល។
លោកអាបេបន្ដថា រដ្ឋាភិបាលរបស់លោកចាត់ទុកវាជាការគំរាមកំហែងធ្ងន់ធ្ងរបំផុតមិនធ្លាប់មាន ចំពោះសន្ដិសុខជាតិរបស់ប្រទេសជប៉ុន។រដ្ឋាភិបាលរបស់លោកចង់ដោះស្រាយបញ្ហានេះ ដោយសហការជាមួយប្រទេសអាមេរិក ស្ថិតក្រោមសម្ព័ន្ធភាពទ្វេភាគី។លោកបានប្រាប់អ្នកសារព័ត៌មានថា ទាំងលោកផ្ទាល់និងលោកដូណាល់ ត្រាំយល់ស្របដូចគ្នា សហគមន៍អន្ដរជាតិគួរតែប្រឈមនឹងកូរ៉េខាងជើងជាមួយការដាក់សម្ពាធកាន់តែខ្លាំង។
ដោយឡែកក្នុងពេលពិភាក្សាជាមួយប្រធានាធិបតីរុស្ស៊ីលោកវ្លាឌីមៀ ពូទីនវិញ លោកអាបេសង្កត់ធ្ងន់ថា រឿងដែលចាំបាច់សហគមន៍អន្ដរជាតិត្រូវធ្វើ គឺដាក់សម្ពាធបន្ថែមលើកូរ៉េខាងជើង។លោកអាបេនិងលោកពូទីនក៏ឯកភាពស្នើឲ្យមានសេចក្ដីសម្រេចថ្មីទៀតពីក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិ ជាសេចក្ដីសម្រេចមានឥទ្ធិពលលើកម្មវិធីនុយក្លេអ៊ែរកូរ៉េខាងជើង។លោកបានអំពាវនាវឲ្យរុស្សីត្រូវដើរតួក្នុងផ្លូវវិជ្ជមានក្នុងនាមជាសមាជិកអចិន្ដ្រៃយ៍មួយរូបរបស់ក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិ។ជាចុងក្រោយថ្នាក់ដឹកនាំទាំងពីរមិនភ្លេចទេថា ការចាប់ដៃរួមគ្នាដោះស្រាយបញ្ហាពិតជាមានសារសំខាន់៕