ក្រុមប្រឹក្សាជាតិសម្រាប់សន្ដិភាពនិងសណ្ដាប់ធ្នាប់(NCPO)កាលពីថ្ងៃទី២៧សីហា បានចេញមុខបដិសេធការចោទប្រកាន់ថា រដ្ឋាភិបាលជាអ្នកជួយឲ្យអ្នកស្រីយីងឡាក់ ស៊ីណាវ៉ាត្រាចាកចេញពីប្រទេសថៃដោយសម្ងាត់។បន្ទាប់ពីទទួលដំណឹងអ្នកស្រីបានចាកចេញពីប្រទេសថៃទៅទីក្រុងឌូបៃនៃប្រទេសអារ៉ាប់រួម ការរិះគន់រដ្ឋាភិបាលថៃបានផ្ទុះឡើងនៅតាមបណ្ដាញសង្គម និងប្រព័ន្ធផ្សព្វផ្សាយ។ក្រុមប្រឆាំងនឹងអតីតនាយករដ្ឋមន្ដ្រីរូបនេះបានអះអាងថា ប្រសិនបើគ្មានការលូកដៃពីអាជ្ញាធរទេ អ្នកស្រីយីងឡាក់មិនអាចចាកចេញពីប្រទេសបានឡើយ។ពួកគេទទូចឲ្យបើកការស៊ើបអង្កេត។
អ្នកស្រីយីងឡាក់ ស៊ីណាវ៉ាត្រាមិនបានបង្ហាញខ្លួននៅតុលាការដើម្បីស្ដាប់ការប្រកាសសាលក្រមទេកាលពីថ្ងៃទី២៥សីហា។សាលក្រមត្រូវលើកពេលទៅប្រកាសនៅថ្ងៃទី២៧កញ្ញាវិញ។នៅថ្ងៃដដែលតុលាការបានចេញដីកាចាប់ខ្លួន និងបញ្ជាឲ្យរឹបអូសទ្រព្យសម្បត្ដិអ្នកស្រីយីងឡាក់ប្រមាណ៣០លានបាតផងដែរ។
អ្នកស្រីយីងឡាក់ ស៊ីណាវ៉ាត្រារងការចោទប្រកាន់ពីការធ្វេសប្រហែសក្នុងកិច្ចការទិញស្រូវអង្ករប្រជាជន ធ្វើឲ្យខាតបង់ថិវកាជាតិរាប់ពាន់លានដុល្លារអាមេរិក។ផែនការទិញស្រូវអង្ករបានផ្ដល់តម្លៃស្រូវអង្ករប្រជាជនខ្ពស់ជាងតម្លៃទីផ្សារដល់ទៅ៥០ភាគរយ។ប៉ុន្ដែនៅពេលការលក់ចេញបានតម្លៃថោក មានស្រូវអង្កស្ដុកទុកច្រើន ធ្វើឲ្យខាតថវិកាជាតិប្រមាណ៨ពាន់លានដុល្លារអាមេរិក។អ្នកស្រីប្រឈមនឹងការជាប់ពន្ធនាគារ១០ឆ្នាំ និងពិន័យជាប្រាក់២សែនបាត។
រដ្ឋាភិបាលអ្នកស្រីយីងឡាក់ ស៊ីណាវ៉ាត្រា ត្រូវយោធាធ្វើរដ្ឋប្រហារទម្លាក់កាលពីថ្ងៃទី២២ឧសភាឆ្នាំ២០១៤។ដ្បិតថាត្រូវធ្លាក់ពីតំណែង និងជាប់ជំពាក់ជំពិនបណ្ដឹងករណីទិញស្រូវអង្ករ ប៉ុន្ដែអ្នកស្រីយីងឡាក់នៅតែទទួលបានការស្រឡាញ់ពេញចិត្ដក្នុងដួងចិត្ដកសិករ។អ្នកគាំទ្របានអំពាវនាវរកយុត្ដិធម៌ជូនអ្នកស្រី និងស្នើសុំឲ្យទម្លាក់បទចោទចោល៕