ក្រុមប្រឆាំងនឹងអតីតនាយករដ្ឋមន្ដ្រីថៃអ្នកស្រីយីងឡាក់ ស៊ីណាវ៉ាត្រា បានបន្ទោសទៅលើរដ្ឋាភិបាលយោធាដែលកំពុងដឹកនាំប្រទេសបច្ចុប្បន្នថា ជាអ្នកជួយឲ្យអ្នកស្រីយីងឡាក់ភៀសខ្លួនចេញពីប្រទេសថៃ។នៅក្នុងសេចក្ដីថ្លែងការណ៍ចេញកាលពីថ្ងៃទី២៦សីហា ក្រុមប្រឆាំងទាំងនោះបានអំពាវនាវឲ្យបើកការស៊ើបអង្កេត។ពួកគេអះអាងថាវាមិនអាចទៅរួចទេ ដែលអ្នកស្រីយីងឡាក់អាចចាកចេញពីប្រទេសថៃបាន បើគ្មានមន្ដ្រីអាជ្ញាធរទៅពាក់ព័ន្ធនោះ។
អ្នកស្រីយីងឡាក់ ស៊ីណាវ៉ាត្រាបានភៀសខ្លួនទៅកាន់ទីក្រុងឌូបៃ នៃប្រទេសអារ៉ាប់រួមហើយ។នេះបើតាមការបញ្ជាក់ពីមន្ដ្រីជាន់ខ្ពស់ គណបក្សភឿថៃរបស់អ្នកស្រីកាលពីថ្ងៃទី២៦សីហា។ការប្រកាសធ្វើឡើងមួយថ្ងៃប៉ុណ្ណោះបន្ទាប់ពីតុលាការកំពូលថៃ ចេញដីកាចាប់ខ្លួនអ្នកស្រី ហើយអ្នកស្រីក៏មិនបានបង្ហាញខ្លួននៅតុលាការកំពូល ស្ដាប់ការប្រកាសសាលក្រមដែរកាលពីថ្ងៃទី២៥សីហា។ការប្រកាសសាលក្រម ត្រូវលើកពេលទៅប្រកាសនៅថ្ងៃទី២៧កញ្ញាវិញ។
តាមប្រភពពីគណបក្សភឿថៃបន្ដថា អ្នកស្រីយីងឡាក់បានចាកចេញពីប្រទេសថៃកាលពីសប្ដាហ៍មុន ដោយឆ្លងកាត់តាមប្រទេសសិង្ហបុរីទៅទីក្រុងឌូបៃនៃប្រទេសអារ៉ាប់រួម ជាកន្លែងបងប្រុសអ្នកស្រីលោកថាក់ស៊ីន ស៊ីណាវ៉ាត្រារស់នៅ ក្រោយនិរទេសចេញពីប្រទេសថៃកាលពីឆ្នាំ២០០៨។មន្ដ្រីជាន់ខ្ពស់នៃគណបក្សភឿថៃដដែលប្រាប់ថា ដំបូងឡើយលឺដំណឹងអ្នកស្រីធ្វើដំណើរទៅប្រទេសកម្ពុជា ក្រោយមកបន្ដតាមប្រទេសសិង្ហបុរីរួចក៏ចេញទៅឌូបៃតែម្ដង។
អតីតនាយករដ្ឋមន្ដ្រីថៃរូបនេះរងការចោទប្រកាន់ថា ធ្វេសប្រហែសក្នុងកិច្ចការងារទិញស្រូវអង្ករប្រជាជន ដែលធ្វើឲ្យខាតបង់ថវិកាជាតិប្រមាណ៨ពាន់លានដុល្លារអាមេរិក។អ្នកស្រីធ្លាប់បានបកស្រាយថា អ្នកស្រីជាអ្នកទទួលភារៈកិច្ចគ្រប់គ្រងគោលនយោបាយទិញស្រូវអង្ករពីប្រជាជនមែន ប៉ុន្ដែមិនបានគ្រប់គ្រងកិច្ចការប្រចាំថ្ងៃទេ។
តាមរយៈបទចោទនេះអ្នកស្រីប្រឈមការជាប់ពន្ធនាគាររហូតដល់១០ឆ្នាំ និងពិន័យជាប្រាក់២សែនបាត។តុលាការកំពូលថៃក្រៅពីចេញដីកាចាប់ខ្លួន បានបញ្ជាឲ្យរឹបអូសទ្រព្យសម្បត្ដិចំនួន៣០លានបាតផងដែរ។គួរជម្រាបជូនថា រដ្ឋាភិបាលរបស់អ្នកស្រីត្រូវយោធាធ្វើរដ្ឋប្រហារទម្លាក់កាលពីខែឧសភាឆ្នាំ២០១៤។ប៉ុន្ដែទោះជាយ៉ាងណាក្ដី អ្នកស្រីនៅតែមានប្រជាប្រិយភាពខ្លាំងក្នុងដួងចិត្ដប្រជាកសិករ រហូតមានអ្នកគាំទ្រតវ៉ាប្រឆាំងការចោទប្រកាន់៕