តុ​លាការ​​ផ្ដន្ទាទោស​​លោក​​សួន​ ​សេរី​រដ្ឋា​ ​ដាក់​ពន្ធនាគារ​​៥​​ឆ្នាំ

25-08-2017 5:05 pm 1789

​លោក​សួន សេរី​រដ្ឋា ប្រធាន​គណបក្ស​អំណាច​ខ្មែរ ត្រូវបាន​ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ​សម្រេច​ផ្ដន្ទាទោស​ជា​ផ្លូវកា​រហើយ ដោយ​ដាក់​ពន្ធនាគារ​រយៈពេល​៥​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ចំនួន​១០​លាន​រៀល ពី​បទ​ញុះញង់​កុំឱ្យ​យោធិន​ស្តាប់បង្គាប់​តាម​បញ្ញត្តិ​មាត្រា​៤៧១ នៃ​ក្រម​ព្រហ្មទណ្ឌ បទ​ធ្វើឲ្យ​ខូច​ទឹកចិត្ត​កងទ័ព តាម​បញ្ញត្តិ​មាត្រា​៤៧២​នៃ​ក្រម​ព្រហ្មទណ្ឌ និង​បទ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ តាម​បញ្ញត្តិ​មាត្រា​៤៩៤​និង​មាត្រា​៤៩៥ នៃ​ក្រម​ព្រហ្មទណ្ឌ​។ តុលាការ​ក៏​បាន​ទុក​សិទ្ធ​ឲ្យ​ជនជាប់ចោទ​ប្ដឹង​ទៅ​សាលាឧទ្ធរណ៍​តាម​កំណត់​នៃ​ច្បាប់​។​

ជុំវិញ​ករណី​នេះ លោក​សុក សំអឿន ដែល​ជា​មេធាវី​ការពារ​ក្ដី​ឲ្យ​លោក​សួន សេរី​រដ្ឋា​ថ្លែងប្រាប់​ឲ្យដឹង​ថា ចំពោះ​សេចក្ដីសម្រេច​របស់​តុល​ការ​គឺ​យើង​ត្រូវគោរព ក៏ប៉ុន្តែ​ការសម្រេច​នេះ​អាច​ធ្វើ​ឲ្យ​អ្នកលេង​ហ្វេ​សប៊ុក​ទាំងអស់​ត្រូវ​ដឹង​ពី​ក​ម្រិត​នៃ​ការបញ្ចេញ​មតិ​របស់​ខ្លួន បើ​ពុំ​ដូច្នេះ​ទេ​នឹង​ជាប់ពន្ធនាគារ​ដោយ​មិន​អស់ចិត្ត​។ លោក​សុក សំអឿន​ថា ការ​សម្រច​របស់​តុលាការ​នេះ សម្រាប់​លោក​ជា​មេធាវី គឺ​មិន​អស់​ចិត្ត​ទេ តែ​ការប្ដឹង​ទាស់​ឬ​អត់ គឺ​អាស្រ័យ​លើ​លោក​សួន សេរី​រដ្ឋា​ខ្លួនឯង​…..

​លោក​សុក សំអឿន​៖

​លោក​សួន សេរី​រដ្ឋា ប្រធាន​គណបក្ស​អំណាច​ខ្មែរ ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​១៣ សីហា ត្រង់​ចំណុច​ជិត​ស្ពាន​ព្រែក​ព្នៅ ជាយក្រុង​ភ្នំពេញ​។ ការចាប់ខ្លួន​នេះ ធ្វើឡើង​តាម​ដីកា​បង្គាប់​ពី​ព្រះរាជអាជ្ញារង លោក សៀង សុខ​។

ការចាប់ខ្លួន ធ្វើ​ឡើង​តែ​២​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់ពី​លោក​សរសេរ​រិះគន់​នៅ​លើ​បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេ​សប៊ុក (facebook) របស់​លោក​ថា «​ពេល​សង្គ្រាម​កើត​ឡើង​ជាមួយ​នឹង​ប្រទេស​ឡាវ​នោះ​លទ្ធផល​វា​ហ្នឹង​មិន​ខុស​ពី​សង្គ្រាម ដែល​កើត​ឡើង​ជាមួយ​នឹង​ប្រទេស​សៀម​ទេ គឺ​កូន​ខ្មែរ​កងទ័ព​ជាតិ នឹង​ស្លាប់​ក្នុង​សមរភូមិ​យ៉ាង​វេទនា ហើយ​មេទ័ព​ចោរ​នឹង​ឡើង​បុណ្យ​សក្តិ ប្រមូល​បាន​លុយកាក់​សប្បាយ​ជាមួយ​ស្រី​ញី​យ៉ាង​គគ្រឹកគគ្រេង​។ កន្លង​មក​សង្គ្រាម​ដែល​កើតឡើង​ជាមួយនឹង​ប្រទេស​សៀម គឺ​ស្លាប់​តែ​កូន​ខ្មែរ​អ្នកស្នេហាជាតិ ដែល​ចូល​ប្រយុទ្ធ​នៅ​ជួរ​មុខ​ទេ​។ ចំណែក​ឯ​ពួក​មេៗ​ពាក់​ផ្កាយ និង​កូន​លោក​ធំៗ ដែល​នៅ​ជួរ​ក្រោយ​ចេញ​មុខ​ចេញ​មាត់​នោះ ប្រមូល​លុយ ប្រមូល​លាភ ហើយ​ដេក​តែ​ម៉ាស៊ីនត្រជាក់ ជាមួយ​ស្រី​កំដរ ក៏​ឡើង បុណ្យ​ឡើង​ផ្កាយ​ដែរ​» ។​

សារ​របស់​លោក​សួន សេរី​រដ្ឋា យ៉ាងនេះ​ហើយ ដែល​បាន​ធ្វើឲ្យ​មាន​ប្រតិកម្ម​យ៉ាង​ខ្លាំង​ពី​សំណាក់​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន និង​មន្ត្រីជាន់ខ្ពស់​យោធា​គ្រប់​លំដាប់​ថ្នាក់​នៅ​ទូទាំង​ប្រទេស ដោយ​ចាត់ទុកថា ជា​ការប្រមាថ​មួយ​ដែល​មិន​អាច​អត់ឱន​ឲ្យបាន​។ ជាមួយ​នោះ លោកនាយក​រដ្ឋមន្ត្រី​ក៏​បាន​ថ្កោលទោស​យ៉ាង​ដាច់អហង្ការ និង​បាន​បញ្ជា​ឲ្យមាន​ការដាក់ទោស​យ៉ាងធ្ងន់ធ្ង​រ​ផងដែរ​៕ ដោយ៖ធុច ធារ៉ា


 ពាក្យគន្លឹះ  លោកសួន សេរីរដ្ឋា

ព័ត៌មានផ្សេងទៀត