តុលាការកំពូលថៃបានចេញដីកាចាប់ខ្លួនអតីតនាយករដ្ឋមន្ដ្រីថៃអ្នកស្រីយីងឡាក់ ស៊ីណាវ៉ាត្រាហើយនៅព្រឹកថ្ងៃទី២៥សីហានេះ ខណៈអ្នកស្រីមិនបានបង្ហាញខ្លួននៅតុលាការតាមការគ្រោងទុកឡើយ ដោយសារមានបញ្ហាសុខភាព។ប៉ុន្ដែចៅក្រមបានច្រានចោលហេតុផលនេះ បន្ទាប់ពីមេធាវីរបស់អ្នកស្រីមិនបានបង្ហាញសំបុត្រពេទ្យមកបញ្ជាក់។
ក្រៅពីចេញដីកាចាប់ខ្លួន តុលាការបានចេញបញ្ជាឲ្យរឹបអូសទ្រព្យសម្បត្ដិអ្នកស្រីយីងឡាក់ចំនួន៣០លានបាតផងដែរ។ក្នុងករណីរកឃើញថាមានកំហុសដូចការចោទប្រកាន់ថា បានធ្វេសប្រហែសក្នុងការងារធ្វើឲ្យខាតបង់ប្រាក់ដល់៨ពាន់លានដុល្លារ ក្នុងគម្រោងទិញស្រូវអង្ករមែននោះ អ្នកស្រីយីងឡាក់នឹងត្រូវជាប់ពន្ធនាគាររហូតដល់១០ឆ្នាំ និងពិន័យជាប្រាក់២សែនបាត។តុលាការបានពន្យារពេលប្រកាសសាលក្រមទៅថ្ងៃទី២៧កញ្ញាវិញ។
ស្របពេលជាមួយគ្នា អ្នកគាំទ្រអតីតនាយករដ្ឋមន្ដ្រីថៃរូបនេះរាប់ពាន់នាក់ បានមកជួបជុំគ្នានៅក្បែរតុលាការ ទាមទាររកយុត្ដិធម៌និងសុំឲ្យទម្លាក់បទចោទលើអ្នកស្រីចោល។កាលពីថ្ងៃទី២៤សីហាអ្នកស្រីយីងឡាក់ក៏បានសរសេរសារស្នើសុំបង្ហោះលើហ្វេសប៊ុកផងដែរ កុំឲ្យពួកគេទៅជួបជុំនៅមុខតុលាការ ប៉ុន្ដែអ្នកគាំទ្រទាំងនោះនៅតែបង្ហាញខ្លួន ជាមួយនឹងក្ដីស្រឡាញ់ពេញចិត្ដជាខ្លាំងចំពោះអ្នកស្រីយីងឡាក់។
ឃើញស្ថានភាពទំនងមិនស្រួល រដ្ឋាភិបាលយោធាថៃបានដាក់ពង្រាយប៉ូលិសប្រមាណ៤ពាន់នាក់នៅមុខតុលាការ និងនៅតាមប៉ុស្ដិ៍ត្រួតពិនិត្យមួយចំនួនទៀត។មូលហេតុដើម្បីការពារនិងរក្សាសណ្ដាប់ធ្នាប់ ព្រោះរឿងក្ដីអ្នកស្រីធ្លាប់បានបង្កភាពចម្រូងចម្រាសរួចមកហើយ ដូច្នេះកុំឲ្យប៉ះពាល់ដល់ស្ថានភាពនយោបាយក្នុងប្រទេសទៀត។
គួរជម្រាបជូនថា គម្រោងទិញស្រូវអង្ករពីប្រជាជនដែលជាគោលនយោបាយដ៏សំខាន់របស់រដ្ឋាភិបាលអ្នកស្រីយីងឡាក់ ទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង ដោយសារតម្លៃស្រូវអង្ករកើនឡើងលើសតម្លៃក្នុងទីផ្សារដល់ទៅ៥០ភាគរយ។ប៉ុន្ដែដោយសារការលក់ចេញបានតម្លៃថោក នៅមានស្រូវអង្ករស្តុកទុកច្រើន ធ្វើឲ្យខាតបង់ប្រាក់ប្រមាណ៨ពាន់លានដុល្លារ។
អ្នកស្រីយីងឡាក់ ស៊ីណាវ៉ាត្រាដែលបានអះអាងថាមិនមានកំហុសដូចការចោទប្រកាន់រឿងធ្វេសប្រហែសក្នុងកិច្ចការនេះ បានបញ្ជាក់អ្នកស្រីមានភារៈកិច្ចទទួលខុសត្រូវលើគោលនយោបាយទិញស្រូវអង្ករ ប៉ុន្ដែមិនបានគ្រប់គ្រងកិច្ចការប្រចាំថ្ងៃទេ។រដ្ឋាភិបាលរបស់អ្នកស្រីត្រូវយោធាធ្វើរដ្ឋប្រហារទម្លាក់កាលពីខែឧសភាឆ្នាំ២០១៤។ប៉ុន្ដែទោះជាយ៉ាងណាក្ដី អ្នកស្រីនៅតែមានប្រជាប្រិយភាពខ្លាំងក្នុងដួងចិត្ដប្រជាកសិករ រហូតមានអ្នកគាំទ្រប្រឆាំងការចោទប្រកាន់ ហើយមកជួបជុំនៅមុខតុលាការកំពូលនៅថ្ងៃទី២៥សីហានេះ៕