ក្រសួង​ការពារជាតិ​ប្រកាស​ឱ្យ​ចាប់ខ្លួន​ អតីត​សង្ឃ​ម្នាក់​​ដែល​ប្រមាថ​ជីវិត​​លោក​ទៀ បាញ់​​

24-08-2017 5:10 pm 4398

​តាម​ការបញ្ជាក់​ពី​លោក​ឈុំ សុជាតិ អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ បាន​ថ្លែង​ប្រាប់​អង្គភាព​ព័ត៌មាន​Fresh News​ថា នៅពេល​នេះ​កងទ័ព​កម្ពុជា ខឹងសម្បារ​យ៉ាងខ្លាំង ចំពោះ​អតីត សង្ឃ​ខ្មែរ​កម្ពុជា​ក្រោម​ឈ្មោះ សឺ​ន ហាយ ដែល​បាន​បង្ហោះ Facebook ប្រមាថ​ដល់​អាយុជីវិត​របស់​លោក​ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​។​

​លោក​ឈុំ សុជាតិ បានប្រកាស​ស្នើ​ដល់​សមត្ថកិច្ច​គ្រប់​ជាន់ថ្នាក់ ឱ្យ​ចាប់ខ្លួន​ជន​នេះ​ឱ្យ​ខាងតែបាន ដើម្បី​យក​មក​កាត់ទោស តាមច្បាប់ ទោះបីជា​ជននេះ​ស្ថិត​នៅ​ទី​ណាក៏ដោយ ដោយ​មិន​អាច​អត់ឱន​បានទេ​។​

​ការ​ខឹងច្រឡោត​របស់​អ្នកនាំពាក្យ​ក្រសួង​ការពារ​ជាតិ​នេះ ធ្វើឡើង​បន្ទាប់​ពី អតីត​សង្ឃ​ខ្មែរ​កម្ពុជា​ក្រោម សឺ​ន ហាយ តាមរយៈ Facebook មួយ​ឈ្មោះថា «Hai Khmerkrom» បាន​បង្ហោះ​ប្រមាថ​យ៉ាងធ្ងន់ធ្ងរ​ដល់​លោក​ទៀ បាញ់ ថា​«​តាម​ប្រភព​ព័ត៌មាន​ផ្ទៃក្នុង​របស់​ក្រសួង​ការពារ ទា បាន​លួច​ទំលាយ​អោយដឹងថា សំ​ដា​ចម៍ សេនា ទា​សៀម ចេត​រ៉យ​ហើយ វេលា​ម៉ោង ៤ និង​៤៥ នាទី​ទៀបភ្លឺ ម៉ោង​នៅ​បេកាំង នា​យប់​ថ្ងៃ​អាទិត្យ​ទី​២០​ឈានចូល​២១ សាកសព ត្រៀម​ដាក់​ក្តារ​មឈូស ដឹក​មក​ខ្មែរ ធ្វើបុណ្យ​តាម​ប្រពៃណី មូលហេតុ​នៃ​ការស្លាប់ ដោយសារ​មិន​ទាន់​បាន​ធូរស្រាល​ពី​ជំងឺ​ចាស់ ហើយ​ចេញ​ទៅ​បាញ់ ចន្លោះ​ភ្លៅ ទើប​គាំងបេះដូង​ស្លាប់​ភ្លាមៗ​»​។​

​លោក ឈុំ សុជាតិ ថា​ការផ្សព្វផ្សាយ​យ៉ាង​ដូច្នេះ គឺ​ជា​ទង្វើ​អសីលធម៌ និង​អមនុស្សធម៌ ខុសច្បាប់ ហើយ​កងទ័ព​កម្ពុជា នឹង​ប្រឆាំង​ដាច់ខាត​ចំពោះ ជន​ទាំងឡាយ ដែល​ប្រមាថ​ដល់​ថ្នាក់ដឹកនាំ​របស់​ពួកគេ​៕

 ពាក្យគន្លឹះ  លោកឈុំ សុជាតិ

ព័ត៌មានផ្សេងទៀត