គណបក្ស​មូលដ្ឋាន​​ធ្វើ​សមាជ​​ជា​លើក​ទី​១​​ជ្រើសរើស​ក្បាលម៉ាស៊ីន​​ចូលរួមប្រកួត​​ឆ្នាំ​២០១៨​

24-08-2017 4:12 pm 2301

​ថ្ងៃទី​២៧ សីហា ខាងមុខនេះ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​នឹង​រៀបចំ​សមាជ​របស់​ខ្លួន​ជា​លើក​ទី​១ បន្ទាប់​ពី​គណបក្ស ដ៏​ថ្មី​សន្លាង​មួយ​នេះ​បង្កើត​ជា​រូបរាង​កាលពី​ឆ្នាំ​២០១៥​។ សមាជ​ថ្នាក់ជាតិ​ជា​លើក​ទី​១​នេះ គឺ​ដើម្បី​ជ្រើសរើស​ក្បាលម៉ាស៊ីន​ដឹកនាំ​គណបក្ស​ចូលរួម​ប្រកួតប្រជែង​ការបោះឆ្នោត​ខាង​មុខ​។ 

​តាម​សេចក្តីប្រកាស​ព័ត៌មាន គោលបំណង នៃ​សមាជ​គឺ​ដើម្បី​បោះឆ្នោត​គាំទ្រ​លក្ខន្តិកៈ និង​សមាសភាព​គណៈកម្ម​ការធិការនា​យកទី​១ និង​បោះឆ្នោត​ជ្រើសរើស​ប្រធាន​គណបក្ស​ឫ​ប្រធាន​គណៈកម្មាធិការ​ប្រតិបត្តិ ប្រធាន​គណៈកម្មាធិការ​នាយក​ទី​១ និង​ប្រធាន​គណៈកម្មាធិការ​ដោះស្រាយ​វិវាទ និង​វិន័យ​របស់​គណបក្ស​។​

​សូមបញ្ជាក់​ថា គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន គឺជា​ការប្រមូលផ្តុំ​ក្រុម​បញ្ញវន្ត និង​ប្រធាន​អង្គការក្រៅរដ្ឋាភិបាល ក្លាយ​ចេញមក​ពី​បណ្តាញ​ខ្មែរ​ដើម្បី​ខ្មែរ​ដែល ក្នុងចំណោម​នោះ ក៏​មាន​លោក​បណ្ឌិត​កែម ឡី អ្នកវិភាគ​បញ្ហានយោបាយ និង​សង្គម​ដ៏​ល្បីឈ្មោះ​ជា​ស្ថាបនិក​មួយ​រូប​ដែរ ប៉ុន្តែ​លោក មិនទាន់​ទាំង​បាន​ប្រឡូក​ក្នុង​គណបក្ស​នេះ​ពេញលេញ​ផង ក៏​ត្រូវបាន​គេ​បាញ់សម្លាប់​កាលពី​ឆ្នាំ​២០១៦​។​ទស្សនវិស័យ​គណបក្ស​នេះ គឺ​បណ្តុះ​អ្នក​ដឹកនាំ​ល្អ និង​កសាង​មូលដ្ឋានគ្រឹះ ប្រជាធិបតេយ្យ​ទូទាំងប្រទេស​។​

កាលពី​បោះឆ្នោត​ឃុំ​-​សង្កាត់​កន្លងទៅ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​បាន​ទទួល​អាសនៈ​ក្រុមប្រឹក្សាឃុំ សង្កាត់​ចំនួន​៥ គឺ​ជំទប់​ទី​១​ម្នាក់ ជំទប់​ទី​២ ពីរ​នាក់ និង​សមាជិក​ក្រុមប្រឹក្សា​២​នាក់​ទៀត​នៅក្នុង​ខេត្ត រតនៈគិរី កំពង់ធំ និង​ខេត្ត​កំពត​៕

ព័ត៌មានផ្សេងទៀត