ក្រសួង​២​កំពុង​រួម​គ្នា​ទប់ស្កាត់​ឯកសារ​ក្លែងក្លាយ​តាមរយៈ​ប្រព័ន្ធ​បច្ចេកវិទ្យា​

24-08-2017 4:03 pm 905
លោក អូន ព័ន្ធមុន្នីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងលោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ ។ រូបថតពី MPWT ។

​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​សំណូមពរ​ឱ្យ​លោក​បណ្ឌិត អូន ព័ន្ធមុនីរ័ត្ន ជួយ​ជំរុញ​ការតភ្ជាប់​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​ដឹកជញ្ជូន​ផ្លូវគោក ជាមួយនឹង​ប្រព័ន្ធ​អាស៊ី​គូ​ដា (ASYCUDA – Automated System for Customs Data Cambodia) របស់​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា ។ សំណូមពរ​នេះ ធ្វើឡើង​ដើម្បី​សម្រួល​ដល់​ការ​ពិនិត្យ​និង​ផ្ទៀងផ្ទាត់​បង្កាន់ដៃ​ពន្ធ​គយ និង​លតាប័ត្រ​ដោយ​ស្វ័យប្រវត្តិ​ពេល​ចុះបញ្ជី​យានយន្ត ។​

​ក្រៅពី​សំណូមពរ​ខាងលើនេះ លោក​រដ្ឋមន្ត្រី​ក្រសួង​សាធារណៈការ​និង​ដឹកជញ្ជូន​បាន​ស្នើ​ឱ្យ​មាន​ការតភ្ជាប់​ប្រព័ន្ធ ជាមួយ​អគ្គនាយកដ្ឋាន​ពន្ធដារ ដើម្បី​សម្រួល​ដល់​ការផ្ទេរកម្មសិទ្ធិ​យានយន្ត​ឱ្យមាន​លក្ខណៈ​ងាយស្រួល លឿន និង​កាត់បន្ថយ​ការ​ក្លែងបន្លំ​ឯកសារ​ពន្ធ​ប្រថាប់ត្រា​ដើម្បី​ផ្ទេរ​កម្មសិទ្ធិ​យានយន្ត ។​

​យ៉ាងណាម៉ិញ លោក​បណ្ឌិត អូន ព័ន្ធមុនីរ័ត្ន បាន​លើកឡើង​អំពី​ទិសដៅ​ក្នុងការ​ធ្វើ​កំណែទម្រង់រ​បស់​ក្រសួង​សេដ្ឋកិច្ច ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា ជាពិសេស​ក្នុង​ការងារ​ពន្ធគយ​និង​ពន្ធដារ ដែល​មាន​ទិសដៅ​ស្របគ្នា​ជាមួយ និង​ការស្នើសុំ​របស់​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន ។ លោក​ក៏​បាន​ស្នើ​ឱ្យ​មាន​ការចែក​រំលែក​ព័ត៌មាន​មក​កាន់​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​វិញ ដើម្បី​ប្រើប្រាស់​ក្នុង​ការពង្រឹង​ផ្តល់​សេវា​ឈានទៅរក​ការកាត់បន្ថយ​ការ​ក្លែងបន្លំ​ឯកសារ​សាធារណៈ ។ 

​ជា​លទ្ធផល​រដ្ឋមន្ត្រីក្រសួង​ទាំងពីរ​បាន​ឯកភាព​ទៅ​សំណើរ​សុំ​របស់​ខ្លួន​រៀងខ្លួន និង​បាន​ដាក់​ផែនការ​រៀបចំ​សកម្មភាព​ក្នុង​រយៈពេល​ខ្លី និង​អភិវឌ្ឍ​សេវាកម្ម​ប្រព័ន្ធ​អេ​ភី​អា​យ (Web Service/ API) ត​ភ្ជាប់​ប្រព័ន្ធ​ឱ្យបាន​យ៉ាង​យូរ​បំផុត​ត្រឹម​ដើមឆ្នាំ​២០១៨ ។​

​សូមបញ្ជាក់​ថា លទ្ធផល​នៃ​ការសម្រេច​រួម​គ្នា​រវាង​ក្រសួង​ទាំង​ពីរ​នេះ ធ្វើឡើង​ក្នុង​កិច្ចប្រជុំ​របស់​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​, ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ និង​អ្នកពាក់ព័ន្ធ កាលពី​ព្រឹក​ថ្ងៃទី​២៤ ខែ​សីហា ឆ្នាំ​២០១៧ ដើម្បី​ប្រជុំ​រក​ដំណោះស្រាយ ទប់ស្កាត់​ការប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែងក្លាយ ហើយ​និងដើម្បី​​​ចុះបញ្ជី និង​ផ្ទេរ​កម្មសិទ្ធិ​យានយន្ត ៕

(រាយការណ៍ដោយ៖ គង់ ឧត្តម)

ព័ត៌មានផ្សេងទៀត