លោក​ទៀ បាញ់​​ណែនាំ​​លោក​ហ៊ុន ម៉ានិត​​ចំពោះ​​មុខ​​តំណែង​​ថ្មី​​

24-08-2017 10:00 am 1009

​រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ លោក​ទៀ បាញ់ សម្តែង​ក្តីពេញចិត្ត​ចំពោះ​ការប្រគ​ល់ត្រា​សិទ្ធ​របស់​អគ្គនាយកដ្ឋាន​ស្រាវជ្រាវ​ចារកិច្ច​នៃ​ក្រសួង​ការពារ​ជាតិ​ទៅ​ឲ្យ​លោក​ហ៊ុន ម៉ានិត កូនប្រុស​ទី​ពីរ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន​។ ទន្ទឹមនឹងនេះ លោក​ទៀ បាញ់ ណែនាំ​ឲ្យ​លោក​ហ៊ុន ម៉ានិត ដែល​ទទួល​តំណែង​នេះ ត្រូវ​ប្រឹង​ឲ្យអស់​ពី​សមត្ថភាព ដោយ​លោក​យល់​ថា តួនាទី​​កាន់​តែ​​ធំ​ ការ​ទទួល​ខុស​ត្រូវ​​កា​ន់​​​តែ​​ច្រើន​។ ការលើកឡើង​របស់​លោក​ទៀ បាញ់ បែបនេះ ធ្វើឡើង​នៅ​លើ​ទំព័រ​ហ្វេ​សប៊ុក​របស់លោក នៅ​ថ្ងៃ​ទី​២៤ ខែ​សីហា​នេះ​។​

​សូមបញ្ជាក់​ថា លោក​ហ៊ុន ម៉ានិត ក្នុង​វ័យ​៣៦​ឆ្នាំ បាន​ចូល​កាន់តំណែង​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ស្រាវជ្រាវ​ចារកិច្ច​របស់​ក្រសួង​ការពារ​ជាតិ​ជា​ផ្លូវការ នៅ​ថ្ងៃ​ទី​២៣ ខែ​សីហា​។ កូនប្រុស​ទី​ពីរ​របស់​ប្រមុខ​រដ្ឋាភិបាល​រូបនេះ កំពុង​កាន់​តួនាទី​សំខាន់ៗ​ជាច្រើន​ក្នុង​ជួរ​រដ្ឋាភិបាល រួមមាន នាយករង​ខុទ្ទកាល័យ​នាយករដ្ឋមន្ដ្រី​, អគ្គលេខាធិការរង​នៃ​អាជ្ញាធរ​ជាតិ​ដោះស្រាយ​ទំនាស់​ដីធ្លី​, ជា​អនុប្រធាន​គណៈកម្មការ​សម្រាប់​ដោះស្រាយ​បញ្ហា​កូដកម្ម​និង​បាតុកម្ម​, ជា​ឧត្តមសេនីយ៍ទោ​ផ្កាយ​២​ក្នុង​ជួរ​កង​ខេមរភូមិន្ទ​កម្ពុជា និង​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ស្រាវជ្រាវ​ចារកិច្ច​របស់​ក្រសួង​ការពារជាតិ៕

 ពាក្យគន្លឹះ  ​ទៀ បាញ់

ព័ត៌មានផ្សេងទៀត