ប្រទេស​ជាង​៣០​​ថ្កោលទោស​​កូរ៉េខាងជើង​​ក្នុង​កិច្ចប្រជុំ​UN

23-08-2017 9:22 am 527
រូបភាព​ក្នុងកិច្ចប្រជុំរបស់អង្គការសហប្រជាជាតិ

​គណៈប្រតិភូ​អន្ដរជាតិ​ដែល​ចូលរួម​ក្នុង​កិច្ច​ពិភាក្សា​របស់​អង្គការសហប្រជាជាតិ​ស្ដីពី ការរំលាយចោល​កម្មវិធី​នុយក្លេអ៊ែរ​ប្រមាណ​ជាង​ពាក់កណ្ដាល បាន​រិះគន់​ដល់​ការអភិវឌ្ឍ​មី​ស៊ី​ល​និង​នុយក្លេអ៊ែរ​កូរ៉េខាងជើង​។​ប្រទេស​ប្រមាណ​ជាង​៣០​បាន​ថ្កោលទោស​កូរ៉េខាងជើង នៅក្នុង​កិច្ចប្រជុំ​ធ្វើឡើង​នៅក្នុង​ទីក្រុង​ហ្សឺ​ណែវ​ប្រទេស​ស្វីស​កាលពី​ថ្ងៃ​ទី​២២​សីហា​។​

​អគ្គរដ្ឋទូត​អាមេរិក​លោក​Robert Wood​បាន​និយាយថា ការបន្ដ​បង្កហេតុ​របស់​ទីក្រុង​ព្យុង​យ៉ាង គឺជា​រឿង​មិន​អាច​ទទួលយកបាន​។​លោក​ថា​អាមេរិក​បាន​ត្រៀម​រួចជាស្រេច ប្រើប្រាស់​វិធានការ​ដែល​មាន​សមត្ថ​ភាព​ពេញលេញ ដើម្បី​ការពារ​ខ្លួនឯង​និង​សម្ព័ន្ធមិត្ដ​។​

​ប៉ុន្ដែ​មន្ដ្រី​ទូត​តំណាង​កូរ៉េ​ខាងជើង​បាន​និយាយថា អាមេរិក​គឺជា​ប្រទេស​តែ​មួយគត់​ដែល​បន្ដ​គំរាមកំហែង​ដោយ​នុយក្លេអ៊ែរ​ដាក់​កូរ៉េខាងជើង ហេតុ​នេះ​កូរ៉េ​ខាងជើង​ចាំបាច់​ត្រូវតែ​បន្ដ​អភិវឌ្ឍ​នុយក្លេអ៊ែ​រ​។​

​ចំណែក​អគ្គរាជទូត​ជប៉ុន​លោក​Nobushige Takamizawa​និយាយថា ជប៉ុន​ថ្កោលទោស​កូរ៉េខាងជើង​យ៉ាង​ម៉ឺងម៉ាត់ ហើយ​ជំរុញ​ឲ្យ​កូរ៉េខាងជើង​បញ្ឈប់​ជា​បន្ទាន់ និង​ត្រូវ​គោរព​តាម​សេចក្ដីសម្រេច​របស់​ក្រុមប្រឹក្សាសន្ដិសុខ​អង្គការសហប្រជាជាតិ​។​មន្ដ្រី​ទូត​មកពី​កូរ៉េខាងត្បូង​វិញ​បាន​និយាយ​ដែរ​ថា កូរ៉េខាងជើង​គួរតែ​ស្ដាប់​ជាតិ​សាសន៍​ដទៃ​ផង ហើយ​គ្មាន​ការ​ដោះសារ​ណាមួយ​របស់​គេ ដែល​ត្រូវ​អន្ដរជាតិ​ទទួល​យក​នោះឡើយ​។​

​ឆ្លើយតប​នឹង​ការលើក​ឡើង​ដូច្នេះ មន្ដ្រី​ទូត​កូរ៉េខាងជើង​ថា​ជប៉ុន​មិនគួរ​ប្រើប្រាស់​បញ្ហា​នុយក្លេអ៊ែរ​កូរ៉េខាងជើង ធ្វើ​ជា​លេស​សម្រាប់ធ្វើ​សមយុទ្ធ​យោធា​របស់​គេ​នោះទេ​៕

ព័ត៌មានផ្សេងទៀត