បដិមា​ទ្វារបាល​និង​ព្រះពុទ្ធ​គ្រូ​ស្តេច​ថ្នាំ​កម្ពុជា​កំពុង​បង្ហាញខ្លួន​នៅ​ប្រទេស​សិង្ហ​បុរី​

14-08-2017 5:26 pm 1281
បដិមាទ្វារបាល និងព្រះពុទ្ធគ្រូស្តេចថ្នាំ ។ រូបថតពី អាជ្ញាធរអប្សរា ។

​ក្រោយ​បញ្ចប់​គម្រោង​កម្មសិក្សា​នៅតាម​ការដ្ឋាន​អំពី​ប្រវត្តិសាស្ត្រ​ខ្មែរ និង​កំណាយ​ស្រាវជ្រាវ​បុរាណវិទ្យា​នៅ​ប្រាសាទទន្លេស្ងួត​រយៈពេល​១៥​ថ្ងៃ​មក​នេះ ក្រុម​បុរាណវិទ្យា​បាន​ប្រទះឃើញ​បដិមា​មួយ​ដែល​ត្រូវបាន​អ្នកជំនាញ​សន្មត់​ជាបឋម​ថា ជា​ទ្វារបាល មាន​កម្ពស់​ដល់​ទៅ​១,៩០​ម៉ែត្រ ស្មា​ទទឹង​ប្រវែង​០,៥៨​ម៉ែត្រ ស្ថិត​ក្នុង​រចនាប័ទ្ម​បាយ័ន កាលពី​ថ្ងៃ​ទី​៣១ ខែកក្កដា ឆ្នាំ​២០១៧ និង​ព្រះ​ពុទ្ធបដិមា​ជាច្រើន​បំណែក ក្នុងនោះ​មាន​ព្រះពុទ្ធ​គ្រូ​ស្តេច​ថ្នាំ​នៅ​សម័យបុរាណ កាលពី​ថ្ងៃ​ទី​៨ ខែ​សីហា ឆ្នាំ​២០១៧ ។​

​អនុប្រធាន​មជ្ឈមណ្ឌល​អន្តរជាតិ​ស្រាវជ្រាវ​និង​តម្កល់​ឯកសារ​អង្គរ​បាន​ប្រាប់​ឱ្យដឹងថា រាល់​លទ្ធផល​កំណាយ​ដែល​បាន​រកឃើញ​ទាំងនោះ អាជ្ញាធរ​អប្សរា​បាន​យក​ទៅ​រក្សាទុក​នៅ​សារមន្ទីរ​នរោត្តម​សីហនុ​អង្គរ ហើយ​កំពុង​មាន​វត្តមាន​ក្នុងការ​ធ្វើ​បទ​បង្ហាញ​នៅ​ប្រទេស​សិង្ហ​បុរី ចាប់ពី​ថ្ងៃ​ទី​១៣ ដល់​ថ្ងៃ​ទី​១៦ ខែ​សីហា ឆ្នាំ​២០១៧ ។ លោក​បណ្ឌិត អ៊ា ដា​រិទ្ធ បញ្ជាក់ថា គម្រោង​កម្មសិក្សា​នេះ គឺជា​គម្រោង​ទី​៥​ហើយ​ដែល​មាន​ការសហការ​គ្នា​រវាង​កម្ពុជា​និង​សិង្ហ​បុរី ដែល​លើក​មុន​មាន​ធ្វើ​នៅ​ជើងឯក ភ្នំពេញ ភ្នំ​គូលែន កោះកែរ និង​ប្រាសាទទន្លេស្ងួត ។ យើង​បាន​ទទួល​ផល​ដ៏​គាប់ប្រសើរ លើ​ការអនុវត្ត​ផ្នែក​កំណាយ​ស្រាវជ្រាវ​បុរាណវិទ្យា​ដោយផ្ទាល់ នៅ​ប្រាសាទទន្លេស្ងួត អតីត​មន្ទីរពេទ្យ​ក្នុង​រាជ​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ ។ 

​សូមបញ្ជាក់​ថា គម្រោង​កម្មសិក្សា​នេះ រៀបចំ​ដោយ​អាជ្ញាធរ​ជាតិ​អប្សរា​សហការ​ជាមួយ​វិទ្យាស្ថាន​ស្រាវជ្រាវ​អាស៊ី​អាគ្នេយ៍​នៃ​ប្រទេស​សិង្ហ​បុរី ដោយ​ទទួលបាន​ការឧបត្ថម្ភ​ថវិកា​ពី​ក្រសួងការបរទេស​ប្រទេស​សិង្ហ​បុរី និង​អាជ្ញាធរ​ជាតិ​អប្សរា ។ គម្រោង​នេះ គឺជា​ការស្រាវជ្រាវ​មន្ទីរពេទ្យ​ទន្លេ​ស្ងួត​ក្នុង​ជំហាន​ទី​មួយ ដោយ​ផ្តោត​លើ​ការសិក្សា​អំពី​ផ្នែក​ខាង​មុខ​នៃ​មន្ទីរពេទ្យ ដែលមាន​ទំនាក់ទំនង​រវាង​ប្រឡាយ​មុខ​មន្ទីរពេទ្យ​និង​ខឿន​នៃ​មន្ទីរពេទ្យ​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​២៨ ខែកក្កដា ដល់​ថ្ងៃ​ទី​១១ ខែ​សីហា ឆ្នាំ​២០១៧ ។ គម្រោង​កម្មសិក្សា​នេះ មាន​ការចូលរួម​ពី​សំណាក់​សិក្ខាកាម​ចំនួន​១៥​ក្រុម មាន​កម្ពុជា អូស្ត្រាលី ឥណ្ឌា ភូមា ម៉ាឡេស៊ី អាមេរិក ឥណ្ឌូនេស៊ី វៀតណាម និង​ប្រទេស​ហ្វីលីពីន ៕

(រាយការណ៍ដោយ៖ គង់ ឧត្តម)

 ពាក្យគន្លឹះ  អាជ្ញាធរអប្សរា-បដិមា

ព័ត៌មានផ្សេងទៀត