ក្រសួងការបរទេសចិនបាននិយាយថា នាវាចម្បាំងអាមេរិកធ្វើដំណើរចូលទៅក្បែរដែនកោះចិនក្នុងសមុទ្រចិនខាងត្បូង បានរំលោភលើច្បាប់អន្ដរជាតិនិងបង្កបញ្ហាអសន្ដិសុខដល់ប្រទេសចិន។អ្នកនាំពាក្យក្រសួងការបរទេសចិន បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍ថា នាវាចម្បាំងអាមេរិកបានបំពានច្បាប់អន្ដរជាតិ និងបំពានដល់ដែនអធិបតេយ្យ សន្ដិសុខប្រទេសចិន។ចិនពិតជាមិនសប្បាយចិត្ដនឹងទង្វើនេះទេ ចិននឹងផ្ដល់ព័ត៌មានទៅអាមេរិក។
ចិនចាត់ទុកបេសកកម្មសេរីភាពនៃការធ្វើនាវាចររបស់អាមេរិក នៅក្បែរប្រជុំកោះជម្លោះក្នុងសមុទ្រចិនខាងត្បូង ដូចជានៅប្រជុំនោះណានសាឬស្ព្រាតលីជាដើម ធ្វើឡើងដោយគ្មានការអនុញ្ញាតពីចិន។ដូច្នេះចិនបានបញ្ចូននាវាទៅតំបន់កើតហេតុ អនុលោមតាមច្បាប់អន្ដរជាតិ ដើម្បីកំណត់អត្ដសញ្ញាណនាវាអាមេរិកនិងប្រកាសព្រមានឲ្យចាកចេញ។
ទីក្រុងប៉េកាំងបានជំរុញឲ្យទីក្រុងវ៉ាស៊ីនតោន គោរពតាមកិច្ចកិច្ចប្រឹងប្រែងរួមរបស់ប្រទេសក្នុងតំបន់ ដើម្បីរក្សាសុវត្ថិភាពនិងស្ថិរភាពនៅក្នុងសមុទ្រចិនខាងត្បូង។ការបង្កហេតុរបស់អាមេរិកក៏បានបង្ខំឲ្យចិនចាត់វិធានការ ដើម្បីបង្កើនសមត្ថភាពការពារជាតិផងដែរ។
សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី១០សីហានាវាចម្បាំងអាមេរិកUSS John S. McCain បានបើកបរក្នុងចម្ងាយប្រមាណ១២ម៉ាយពីថ្មប៉ប្រះទឹកMischief ក្នុងប្រជុំកោះជម្លោះស្ព្រាតលីនៅសមុទ្រចិនខាងត្បូង។នេះបើតាមមន្ដ្រីអាមេរិកប្រាប់ប្រព័ន្ធផ្សព្វផ្សាយ។នាវាចម្បាំងអាមេរិកពីរគ្រឿងក៏ធ្លាប់បើកបរចូលទៅជិតប្រជុំកោះជម្លោះ ក្នុងសមុទ្រចិនខាងត្បូងកាលពីខែឧសភានិងខែកក្កដា។ដែនសមុទ្រចិនខាងត្បូងចិនកំពុងមានជម្លោះជាមួយប្រទេសវៀតណាម ហ្វីលីពីន ម៉ាឡេស៊ី ព្រុយណេ និងតៃវ៉ាន់៕