គណបក្ស​សំបុក​ឃ្មុំ​នឹង​ជ្រើសរើស​ប្រធាន​ថ្មី​ក្នុង​សប្ដាហ៍​នេះ​

09-08-2017 12:58 pm 1282
វេទិកាគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ កាលពីពេលកន្លងទៅ។ Photo FB

ក្រោយ​លោក ម៉ម សូណង់ដូ បាន​ដាក់​លិខិត​លាលែង​ពី​តំណែង​ប្រធាន​គណបក្ស កាលពី ថ្ងៃទី ០៤ ខែ​សីហា ឆ្នាំ​២០១៧ គណកម្មការ​អចិន្ត្រៃ នៃ​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ នឹង ប្រជុំ​ជ្រើសរើស​ថ្នាក់ដឹកនាំ​ថ្មី នៅ​ថ្ងៃ​ទី​១១ ខែ​សីហា ឆ្នាំ​២០១៧​។ នេះ​បើ​តាម​ការអះអាង របស់ លោកស្រី ហួន ផាន់​ណា​រី ប្រធានស្ដីទី​គណបក្ស​សំបុក​ឃ្មុំ​។​

​ការសម្រេចចិត្ត​ចាក​ចេញ​របស់​លោក ម៉ម សូណង់ដូ បាន​ធ្វើឲ្យ គណបក្ស​សំបុក​ឃ្មុំ សង្គម ប្រជាធិបតេយ្យ មាន​ការសោកស្ដាយ ប៉ុន្តែ​យ៉ាងណា​អ្នកស្រី ហួន ផាន់​ណា​រី ជា​អនុប្រធាន គណបក្ស ដែល​បាន​ឡើង​ជា​ប្រធាន​ស្ដីទី​នោះ បាន​ប្រាប់​វិទ្យុ​វាយោ នៅ​ថ្ងៃ​ទី​០៩ ខែ​សីហា នេះ​ថា គណបក្ស​នឹង​រៀបចំ​ក្បាលម៉ាស៊ីន​ថ្មី​នៅ​ថ្ងៃ​ទី​១១ ខែ​សីហា​ខាង​មុខ ព្រមទាំង​ប្ដេជ្ញា ដឹក នាំ​គណបក្ស​មួយ​នេះ ឆ្ពោះទៅរក​ភាព​ជោគជ័យ​ផងដែរ​….

​សំឡេង​អ្នកស្រី ហួន ផាន់​ណា​រី​៖

​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ​មាន​បាវចនា «​ប្តេជ្ញា បូជា​ដើម្បី​ជាតិ​»​។ លោក ម៉ម សូណង់ដូ ជាប្រធាន​ និងជាអ្នកបង្កើតគណបក្ស​នេះ បាន​ដាក់​លិខិត​លាលែង កាលពី​ថ្ងៃ​ទី​០៤ ខែ​សីហា ឆ្នាំ​២០១៧​។ ការប្រកាស​លាលែង ត្រូវបាន​លោក​ម៉ម សូណង់ដូ បញ្ជាក់ថា  ដោយសារតែ លោក​ខកចិត្ត​នឹង​លទ្ធផល​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ អាណត្តិ​ទី​៤ ដែល​គណបក្ស​សំបុក​ឃ្មុំ​ពេលនោះ ទទួល​បាន​ត្រឹមតែ ១​អាសនៈ​ប៉ុណ្ណោះ ក្នុងចំណោម​អាសនៈ​ក្រុមប្រឹក្សា ឃុំ​សង្កាត់ សរុប​១១,៣៥៣ ទូទាំង​ប្រទេស​៕

 ពាក្យគន្លឹះ  ម៉ម សូណង់ដូ

ព័ត៌មានផ្សេងទៀត