បដិមា​ព្រះពុទ្ធ​ស្តេច​ថ្នាំ ត្រូវបាន​ប្រទះឃើញ​នៅ​អតីត​មន្ទីរពេទ្យ​បុរាណ​

08-08-2017 4:41 pm 1790
កំណាយប្រទះឃើញ ព្រះបដិមាព្រះនាម ភៃសជ្យគុរុ មានន័យថា ជាព្រះពុទ្ធគ្រូស្តេចថ្នាំនៅសម័យបុរាណ ដោយក្រុមបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា ។ រូបថតពី អាជ្ញាធរជាតិអប្សរា ។

​ក្រុម​បុរាណ​វិទ្យានៃ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​បន្ត​ប្រទះ​ឃើញ​ព្រះ​ពុទ្ធបដិមា​ជាច្រើន​បំណែក ក្នុងនោះ​មាន​ព្រះ​ពុទ្ធបដិមា​មួយអង្គ ជា​ព្រះ​ពោធិ៍សត្វ​ដែលមាន​ព្រះនាម​ហៅថា «​ភៃស​ជ្យ​គុរុ​» មានន័យ​ថា ព្រះពុទ្ធ​គ្រូ​ស្តេច​ថ្នាំ​នៅ​សម័យបុរាណ ។ ក្រោយ​ប្រទះឃើញ ក្រុម​អ្នកស្រាវជ្រាវ​បាន​រៀបចំ​ពិធី​សាសនា​មុន​បន្ត​ជីក​កកាយ និង​លើក​ព្រះពុទ្ធ​រូប​ចេញពី​កន្លែង​កំណាយ កាលពី​ព្រឹក​ថ្ងៃទី​០៨ ខែ​សីហា ។ បដិមា​ខ្លះ​ជា​ព្រះពុទ្ធ​ប្រក់​នាគ ត្រូវបាន​រកឃើញ​នៅរ​ណ្តៅ​កំ​ណាយទី​៤ ផ្នែក​ខាងកើត​នៃ​ប្រាសាទទន្លេស្ងួត ដែល​ជា​មន្ទីរពេទ្យ​ក្នុង​រាជ្យ​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧​ផងដែរ ។​

​អនុប្រធាន​មជ្ឈមណ្ឌល​អន្តរជាតិ ស្រាវជ្រាវ​និង​តម្កល់​ឯកសារ​អង្គរ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ប្រាប់ឱ្យដឹង​ថា បំណែក​ព្រះ​ពុទ្ធបដិមា​ទាំងនោះ​ត្រូវបាន​ជីក​ឃើញ​នៅ​ល្ងាច​ថ្ងៃទី​៦ ខែ​សីហា ហើយ​បើ​តាម​ការពិនិត្យ​ទម្រង់​នៃ​បំណែក​ទាំងនោះ ជា​បំណែក​បដិមា​ផ្សេងៗ​ពីគ្នា ។ លោក អ៊ឹម សុខ​រិទ្ធី បញ្ជាក់​បន្តថា «​ក្នុងចំណោម​ព្រះ​ពុទ្ធរូប​ទាំងនោះ គឺ​មាន​បដិមា​មួយ​ដែល​គេ​ដឹងថា​ជា​ព្រះពុទ្ធ​ស្តេច​ថ្នាំ ដោយ​ពិនិត្យ​លើ​ទម្រង់​រូប​ដែល​នៅលើ​ព្រះ​ហ​ស្ថ ឬ​ដៃ​មាន​ដុំ​មូល​មួយ​រាង​ដូច​សា​ជី ។ លោក​បន្ថែមថា បដិមា​ទាំងនោះ​តែង​តម្កល់​នៅ​គ្រប់​មន្ទីរពេទ្យ​នៅក្នុង​រាជ្យ ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ ។​»

​សូមបញ្ជាក់​ថា នេះ​ជា​បដិមា​ទី​២​ហើយ​ដែល​ក្រុម​អ្នក​បុរាណវិទ្យា​បាន​ប្រទះ​ឃើញ​នៅក្នុង​គម្រោង​ស្រាវជ្រាវ​នៅ​ប្រាសាទទន្លេស្ងួត ។ បដិមា​ដ៏​ធំ​មួយ​អង្គ​មាន​កម្ពស់​រហូតដល់​ទៅ​១,៩០​ម៉ែត្រ និង​ស្មា​ទទឹង​រហូតដល់​ទៅ​០,៥៨​ម៉ែត្រ បាន​រកឃើញ​នៅរ​ណ្តៅ​កំ​ណាយផ្នែក​ខាងកើត​ប្រាសាទ កាលពី​ថ្ងៃ​ទី​៣០ ខែកក្កដា ឆ្នាំ​២០១៧ កន្លងទៅនេះ ។ បដិមា​ស្ថិត​ក្នុង​រចនាប័ទ្ម​បាយ័ន​ដ៏​ធំ​នេះ ត្រូវបាន​អ្នកជំនាញ​សន្និដ្ឋាន​ជាបឋម​ថា​ជា​ទ្វារបាល ។​

​សូម​ជម្រាប​ជូន​ថា សកម្មភាព​កំណាយ​នេះ ធ្វើឡើង​ក្នុង​គម្រោង​ស្រាវជ្រាវ​ស្តីពី​មន្ទីរពេទ្យ​ក្នុង​រាជ្យ​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ ដោយ​ក្រុម​អ្នកស្រាវជ្រាវ​បុរាណវិទ្យា​នៃ​អាជ្ញាធរ​ជាតិ​អប្សរា មហាវិទ្យាល័យ​បច្ចេកវិទ្យា និង​វិទ្យាស្ថាន​ស្រាវជ្រាវ​អាស៊ីអាគ្នេយ៍​នៃ​ប្រទេស​សិង្ហ​បុរី ។ គម្រោង​សិក្សា​នេះ ចាប់ផ្តើម​ពី​ថ្ងៃ​ទី​២៨ ខែកក្កដា ដល់​ថ្ងៃ​ទី​១១ ខែ​សីហា ឆ្នាំ​២០១៧៕

(រាយការណ៍ដោយ៖ គង់ ឧត្តម)

ព័ត៌មានផ្សេងទៀត