លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញនៅថ្ងៃទី៥ ខែសីហា បានដឹកនាំក្រុមន្ត្រីជំនាញ ចុះទៅត្រួតពិនិត្យទីតាំងប្រឡាយបង្ហូរទឹក និងស្ថានីយ៍បូមទឹកបឹងត្របែក ដើម្បីពន្លឿនការរៀបចំប្រឡាយនេះឱ្យបានស្អាត ងាយស្រួលស្ដាររំដោះទឹក។
ក្នុងការចុះទៅត្រួតពិនិត្យនោះលោកឃួង ស្រេង ក៏បានលើកឡើងផងដែរថា សាលារាជធានីភ្នំពេញ មានវិធានការដ៏តឹងរឹង និងគ្មានការយោគយល់ឡើយ ក្នុងគោលបំណងទប់ស្កាត់ ការសង់សំណង់ខុសច្បាប់ ការចាក់ដីលុបប្រឡាយ លុបអាងស្តុកទឹក ព្រោះតែកត្តាទាំងអស់នេះហើយ ដែលបានចូលរួមចំណែក នាំឲ្យទឹកជន់លិច នៅក្នុងរាជធានីភ្នំពេញនោះ...
សំឡេងលោកឃួង ស្រេង៖
លោកអភិបាលរាជធានីភ្នំពេញក៏បានបញ្ជាក់បន្ថែមថា ជារៀងរាល់សប្តាហ៍លោកតែងតែចុះត្រួតពិនិត្យតំបន់មួយចំនួនដែលងាយរងគ្រោះដោយទឹកជំនន់ ព្រោះលោកយល់ថាបើមិនចុះត្រួតពិនិត្យដោយផ្ទាល់ទេប្រាកដជាមានជនឆ្លៀតឳកាសរៀបចំសាងសង់ និងចាក់ដីលើអាងទឹក និងប្រឡាយទឹកជាក់ជាមិនខាន។
លោកបានបន្ថែមថាដើម្បីអោយការគ្រប់គ្រងបញ្ហានេះកាន់តែមានប្រសិទ្ធភាពលោកបានចាត់ឲ្យអភិបាលរង និងមន្ត្រីជំនាញ ចុះថតនៅតាមប្រឡាយ ដើម្បីប្រគល់ឲ្យអភិបាលខណ្ឌ និងចៅសង្កាត់ គ្រប់គ្រង ធ្វើយ៉ាងណាកុំឲ្យមានសំណង់ថ្មីកើតឡើង។
គួរបញ្ជាក់ថាការចាក់ដីលុបបឹង ប្រឡាយ និងការសាងសង់សំណង់ខុសច្បាប់ផ្សេងៗ ក៏ជាផលប៉ះពាល់ផងដែរ ព្រោះវាអាចបណ្តាលអោយមានការជន់លិចតាមដងផ្លូវមួយចំនួននៅពេលមានភ្លៀងធ្លាក់ខ្លាំងម្តងៗ ហើយបញ្ហាជន់លិចនេះក៏មានការរិះគន់ពីសំណាក់ប្រជាពលរដ្ឋផងដែរ៕