កាលពីថ្ងៃទី២៣ខែឧសភា ក្រុមសកម្មប្រយុទ្ធម៉ូត(Maute)និងក្រុមអាប៊ូសាយ៉ាហ្វ(Abu Sayyaf) បានវាយលុកចូលក្រុងម៉ារ៉ាវីនៅលើកោះមិនដាណាវ ស្ថិតនៅភាគខាងត្បូងប្រទេសហ្វីលីពីន និងបានកាន់កាប់តំបន់មួយចំនួននៃទីក្រុងនេះ។ក្រុមសកម្មប្រយុទ្ធអះអាងថា ជាសម្ព័ន្ធមិត្ដរបស់ក្រុមរដ្ឋអ៊ីស្លាម។ពួកគេបានចូលកាន់កាប់នៅក្នុងអគារ ផ្ទះសម្បែង ទីសក្ការៈបូជា និងបានចាប់មនុស្សធ្វើចំណាប់ខ្មាំងផង។រយៈពេលបីខែហើយនៅតែគ្មានតម្រុយនឹងអាចបញ្ចប់សង្គ្រាមបានទេ ខណៈកងទ័ពកំពុងប្រយុទ្ធជាមួយក្រុមសកម្មប្រយុទ្ធ។
ក្រុមសកម្មប្រយុទ្ធមានការចូលរួមពីអ្នកប្រយុទ្ធបរទេស ដូចជាមកពីម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងប្រទេសសមាជិកអាស៊ានផ្សេងទៀត កំពុងយកទីក្រុងម៉ារ៉ាវីធ្វើជាខេត្ដដំបូងរបស់គេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ទីក្រុងម៉ារ៉ាវីកំពុងស្ថិតក្រោមការប្រើប្រាស់ច្បាប់អាជ្ញាសឹកនៅឡើយ ឥលូវនេះក្លាយជាចំណុចកណ្ដាលនៃការគំរាមកំហែងភេរវកម្មក្នុងតំបន់។
រដ្ឋមន្ដ្រីក្រសួងការពារជាតិសិង្ហបុរីបាននិយាយថា បញ្ហានៅម៉ារ៉ាវីបច្ចុប្បន្នបានក្លាយជាបញ្ហារបស់អាស៊ាន។ទោះបីស្ថានភាពស្ថិតក្រោមការគ្រប់គ្រង ប៉ុន្ដែបណ្ដាខេត្ដផ្សេងៗទៀតនឹងប្រឈមហានិភ័យ។លោកបន្ដថា“សមាជិកក្រុមរដ្ឋអ៊ីស្លាមបូកនឹងក្រុមជ្រុលនិយម បានបង្កើតបណ្ដាញត្រៀមអនុវត្ដតាមផែនការ ប្រែក្លាយតំបន់អាស៊ីអាគ្នេយ៍ឲ្យដូចគ្នានឹងប្រទេសអ៊ីរ៉ាក់-ស៊ីរី”។
បញ្ហានេះមិនមែនជារឿងថ្មីទេ។តំបន់អាស៊ីអាគ្នេយ៍ធ្លាប់ជាតំបន់ពង្រីកបណ្ដាញក្រុមភេរវករ។ក្រុមជ្រុលនិយមផ្សេងៗគ្នាបានបន្ដមានវត្ដមាននៅក្នុងប្រទេសសមាជិកអាស៊ាន ក្នុងនោះមានក្រុមJemaah Islamiyah ក្រុមAl Qaeda ហើយពេលនេះមានក្រុមIS។
ដល់ពេលរួមគ្នាដោះស្រាយការគំរាមកំហែងភេរវកម្មហើយ?
ក្នុងឆ្នាំ២០០១ មេដឹកនាំអាស៊ានបានបង្ហាញពីការប្ដេជ្ញាចិត្ដ ដោះស្រាយការគំរាមកំហែងភេរវកម្ម តាមរយៈសេចក្ដីប្រកាសរួមស្ដីពីសកម្មភាពប្រយុទ្ធប្រឆាំងអំពើភេរវកម្ម។មេដឹកនាំអាស៊ានបានព្យាយាមបង្ការនិងទប់ស្កាត់សកម្មភាពក្រុមភេរវករនៅក្នុងតំបន់។ថ្មីៗនេះអាស៊ានបានបង្ហាញការផ្លាស់ប្ដូរបន្ថែម ដោះស្រាយការគំរាមកំហែងទើបកើតឡើង។
កាលពីថ្ងៃទី១៩មិថុនា ប្រទេសឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងហ្វីលីពីនបានឯកភាពប្រយុទ្ធប្រឆាំងអំពើភេរវកម្មឆ្លងដែន ដោយបើកយុទ្ធនាការល្បាតតាមដែនទឹក។នៅថ្ងៃទី២២ខែមិថុនាដដែល រដ្ឋមន្ដ្រីការបរទេស មេបញ្ជាការប៉ូលិស និងមេបញ្ជាការកងទ័ពមកពីប្រទេសទាំងបីបានជួបគ្នាក្នុងទីក្រុងម៉ានីលប្រទេសហ្វីលីពីន ពិភាក្សាត្រូវប្រយុទ្ធប្រឆាំងអំពើភេរវកម្មកំពុងកើនឡើងក្នុងតំបន់ដោយរបៀបណា។ពេលនោះរដ្ឋមន្ដ្រីការបរទេសឥណ្ឌូនេស៊ីនិយាយថា គ្មានប្រទេសណាមួយគេចផុតពីអំពើភេរវកម្មទេ។បញ្ហាកើតឡើងនៅឥណ្ឌូនេស៊ីក៏ដូចជាបញ្ហាកើតឡើងនៅក្នុងតំបន់ដែរ។កិច្ចប្រជុំបានបិទបញ្ចប់ដោយមានការឯកភាពពង្រឹងកិច្ចសហប្រតិបត្ដិការ ដោះស្រាយឫសគល់បង្កឲ្យមានអំពើភេរវកម្ម រួមបញ្ចូលភាពក្រីក្រ បញ្ហាគ្រឿងញៀន បទឧក្រិដ្ឋ និងយុត្ដិធម៌សង្គម។
ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងហ្វីលីពីន បានពង្រឹងបន្ថែមលើការចែករំលែកព័ត៌មានរបស់ក្រុមស៊ើបការណ៍សម្ងាត់ផ្នែកសន្ដិសុខ និងព័ត៌មានពាក់ព័ន្ធ រួចវិភាគពីទិន្នន័យទទួលបានទាំងអស់ ដើម្បីប្រៀបធៀបពីច្បាប់ប្រឆាំងភេរវកម្មប្រទេសមួយៗឈានទៅបង្កើនច្បាប់ថ្មី។
រដ្ឋមន្ដ្រីការបរទេសហ្វីលីពីននិយាយថា ត្រូវតែចងចាំប្រសិនបើប្រទេសណាមួយមានប្រជាជនកំពុងស្ថិតនៅក្រុងម៉ារ៉ាវីជាមួយពួកសកម្មប្រយុទ្ធ ពួកនោះអាចគំរាមកំហែងនៅប្រទេសកំណើតរបស់គេ វាដូចគ្នានឹងអ្វីដែលបានកើតឡើងនៅស៊ីរីនិងអ៊ីរ៉ាក់អ៊ីចឹងដែរ។ក្រុមជីហាដមកពីច្រើនប្រទេស ខ្លះជាអ្នកប្រយុទ្ធ ខ្លះជាអ្នករៀបចំផែនការវាយប្រហារ។នៅក្នុងកិច្ចពិភាក្សាបានលើកឡើងពីជនបរទេសដែលកំពុងពាក់ព័ន្ធនឹងក្រុមជ្រុលនិយម ហើយត្រូវធ្វើយ៉ាងណាទើបអាចបណ្ដេញពួកគេចេញពីតំបន់អាស៊ីអាគ្នេយ៍បាន និងត្រូវធ្វើយ៉ាងណាធានាឲ្យបានថាពួកគេមិនឆ្លងកាត់តាមព្រំដែនទៀត។
ការផ្ដល់ជំនួយ
ការសហការគឺជារឿងចាំបាច់មួយ ប៉ុន្ដែការផ្ដល់ជំនួយក៏ជារឿងសំខាន់ដែរ។បើគិតពីសង្គ្រាមនៅម៉ារ៉ាវី ហ្វីលីពីនបានសារភាពថាមិនបានបំពាក់អាវុធគ្រប់គ្រាន់ទប់ទល់នឹងការគំរាមកំហែងទេ ហើយប្រទេសអាស៊ានបានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំង ទីបំផុតសម្រេចផ្ដល់ជំនួយដល់ហ្វីលីពីន ទាំងជំនួយមនុស្សធម៌និងសម្ភារៈផ្សេងៗ។
ឧទាហរណ៍សិង្ហបុរីបានជួយដាក់ពង្រាយយន្ដហោះគ្មានមនុស្សបើកសម្រាប់ស៊ើបការណ៍ ហើយបានផ្ដល់ការបង្ហាត់បង្រៀនពីយុទ្ធសាស្ដ្រសង្គ្រាម។ចំណែកម៉ាឡេស៊ីនិងឥណ្ឌូនេស៊ីក៏បានផ្ដល់ជំនួយដែរ ជំនួយបន្ថែមអាចជាកិច្ចសហប្រតិបត្ដិការលើវិស័យការពារជាតិ៕