លោក​ម៉ម សូណង់ដូសម្រេច​​លាលែង​​ពី​ប្រធាន​​គណបក្ស​​សំបុក​ឃ្មុំ​​

04-08-2017 2:58 pm 17022

​លោក​ម៉ម សូណង់ដូ ប្រធាន​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ​នៅ​ថ្ងៃទី​០៤ ខែ​សីហា ឆ្នាំ​២០១៧​នេះ បាន​ជូនដំណឹង​ដល់​សមាជិក​ខ្លួន ស្តី​ពី​ការលាលែង​ពី​ប្រធាន​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ​។ លោក​ម៉ម សូណង់ដូ បានបញ្ជាក់​ថា ការលាលែង​នេះ​ដោយសារតែ​លោក​ដឹកនាំ​គណបក្ស​មិន​បាន​ទទួល​ផល​ដូច​ការរំពឹងទុក​។

​តាមរយៈ​លិខិត​ជូនដំណឹង​របស់​លោក​ម៉ម សូណង់ដូ ប្រធាន​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ ផ្ញើជូន​ទៅ​សមាជិក​គណៈកម្មាធិការ​អចិ​ន្រៃ្ត​នៃ​គណបក្ស​បាន​ពន្យល់ថា លោក​មាន​ការសោកស្តាយ ដែល​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ ទទួលបាន​នូវ​លទ្ធផល​មិន​ដូច​ការរំពឹងទុក​ក្រោយ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា ឃុំ​-​សង្កាត់ អាណត្តិ​ទី​៤​។ ដូច្នេះ​លោក​បាន​ពិចារណា ហើយ​សម្រេច ចិត្ត​លាលែង​ពី​តួនាទី​ប្រធាន​គណបក្ស​ចាប់ពី​ថ្ងៃ​ទី​០៤ ខែ​សីហា ឆ្នាំ​២០១៧​នេះ​ទៅ​។​

​លោក​ម៉ម សូណង់ដូ បាន​បញ្ជាក់​បន្ថែម​ទៀត​ថា លោក​ទុក​ពេលវេលា​មួយខែ ដើម្បី​ផ្តល់​ជូន​សមាជិក​គណៈកម្មាធិកា​រ​អចិ​ន្រៃ្ត​គណបក្ស​រក​ដំណោះស្រាយ​តាម​នីតិវិធី​ច្បាប់​ស្រប​ទៅ​តាម​លក្ខន្តិកៈ និង​បទបញ្ជាផ្ទៃក្នុង​របស់​គ​ណ​បក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ​។​

​សូម​ជម្រាប​ថា​កាលពី​ថ្ងៃ​ទី ២២ ខែមិថុនា ឆ្នាំ ២០១៥ លោក ម៉ម សូណង់ដូ បាន​ដាក់​លិខិត​ស្នើ​សុំ​បង្កើត​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ ទៅ​ក្រសួង​មហាផ្ទៃ​ដើម្បី​ចូលរួម​ប្រកួតប្រជែង​ក្នុង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ ឆ្នាំ ២០១៨ ខាងមុខនេះ​។ នៅ​ថ្ងៃ​ទី ៣០ ខែមិថុនា ឆ្នាំ ២០១៥​ដដែល​លោក ស ខេង រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បាន​ផ្ញើ​ជូន​លោក ម៉ម សូណង់ដូ តំណាង​ស្ថាបនិក​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ​បានឲ្យដឹងថា ក្រសួង​មហាផ្ទៃ​បាន​ទទួល​រួច​ហើយ​នូវ​សេចក្តីជូនដំណឹង​ស្តីពី​សំណើសុំ​បង្កើត​គណបក្ស​។​

​សូម​រំឭក​ផងដែរ​ថា​លោក ម៉ម សូណង់ដូ ធ្លាប់​បាន​បង្កើត​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ កាលពី​ឆ្នាំ ១៩៩៨ ប៉ុន្តែ​មិន​បាន​អាសនៈ​ឡើយ​៕


 ពាក្យគន្លឹះ  លោក​ម៉ម សូណង់ដូ

ព័ត៌មានផ្សេងទៀត