លោក​ហ៊ុន សែន​៖​​ការទាមទារ​​ចុះឈ្មោះ​បោះឆ្នោត​​តាម​Facebook ​ជា​ចេតនា​​បំផ្លាញ​ការបោះឆ្នោត​​

03-08-2017 12:46 pm 5274

​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​ប្រតិភូ​កីឡា​កម្ពុជា នៅ​វិមាន​សន្តិភាព មុន​ទៅ​ចូលរួម​ការប្រកួត​កីឡា SEA Games លើក​ទី​២៩ នៅ​ប្រទេស​ម៉ាឡេស៊ី លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃទី​០៣ សីហា បាន​ឆ្លៀត​យក​វេទិកា​នេះ វាយប្រហារ​ទៅលើ​គណបក្ស​ប្រឆាំង ទាក់ទង​នឹង​ការទាមទារ​ចង់ឲ្យ​មាន​ការចុះឈ្មោះ​បោះឆ្នោត តាម​បណ្តាញ​សង្គម​Facebook ។​ការទាមទារ​យ៉ាង​ដូច្នេះ ត្រូវបាន​លោក​ហ៊ុន សែន​ប្រតិកម្ម​ថា គឺជា​រឿង​ដែល​មិន​អាច​ទៅរួច​។​លោក​ចោទប្រកាន់ថា ការទាមទារ​នេះ ជា​ចេតនា​បំផ្លាញ​ការបោះឆ្នោត​ទៅវិញ​ទេ​…..

​ប្រសាសន៍​លោក​ហ៊ុន សែន​៖

លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បញ្ជាក់ថា ការទាមទារ​នេះ ជា​ការទាមទារ​ខុសពី​ច្បាប់​ដែល​បានចែង​។​លោក​ហ៊ុន សែន បាន​ព្រមាន​ទុកជា​មុន​ថា ប្រសិនបើ​ក្រោយ​ការបោះឆ្នោត ឆ្នាំ​២០១៨ គណបក្ស​ប្រឆាំង​ហ៊ាន​ឡាំ​ប៉ា ធ្វើបាតុកម្ម លោក​នឹង ប្រើ​ច្បាប់​រំលាយ​គណបក្សប្រឆាំង​ចោល​តែម្តង ដែល​លោក​អះអាងថា ដើម្បី​រក្សា​សណ្តាប់ធ្នាប់​ប្រទេស​។​

​តាំង​ពី​ច្បាប់​ស្តីពី​គណបក្សនយោបាយ​ថ្មី​ចូល​ជា​ធរ​មានមក ស្ថានភាព​គ្រោះថ្នាក់​សម្រាប់​គណបក្សប្រឆាំង​អាច​នឹង​កើតមាន​គ្រប់​ពេល ដែល​ទាមទារ​ឲ្យ​គណបក្ស​នេះ ត្រូវ​ធ្វើ​អ្វី​ដោយ​ប្រយ័ត្នប្រយែង​បំផុត​។​ព្រោះ​ការ​គំរាម និង​ព្រមាន ស្ទើរតែ​គ្រប់​រូបភាព បាន​កើតមាន​ជា​បន្តបន្ទាប់​ពី​មន្ត្រីជាន់ខ្ពស់ និង​ប្រមុខ​នៃ​គណបក្ស​កាន់អំណាច​។ 

​យ៉ាងណា​នៅ​ព្រឹក​ថ្ងៃ​ទី​០៣ សីហា​នេះ វិទ្យុ​វាយោ​នៅ​មិនទាន់​សុំ​ការឆ្លើយតប​ពី​មន្ត្រី​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ បាន​នៅឡើយ​ទេ ដោយសា​រទូរ​សព្ទ​ចូល​គ្មាន​អ្នក​ទទួល​។​ការបោះឆ្នោត​កន្លងមក គណបក្ស​ប្រឆាំង​នេះ នៅតែ​មើលឃើញថា ការប្រព្រឹត្តទៅ​នៃ​ដំណើរការ​បោះឆ្នោត និង​ការចុះឈ្មោះ​បោះឆ្នោត នៅតែ​មាន​ការខ្វះចន្លោះ ដែល​ត្រូវតែ​បំពេញ​បន្ថែម​ឲ្យ​កាន់តែ​ល្អ​ទៀត​។​ជាពិសេស​ពលករ​ចំណាកស្រុក​នៅ​ក្រៅប្រទេស ប្រមាណ​ជាង​មួយ​លាន​នាក់​បាន​បាត់បង់​សិទ្ធិ​បោះឆ្នោត​។​

​ចំណែកឯ​ការធ្វើ​បច្ចុប្បន្នភាព​បញ្ជី​បោះឆ្នោត និង​ការចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០១៧ នឹង​ចាប់ផ្ដើម​ឡើង​ចាប់ពី​ថ្ងៃ​ទី​០១ ខែ​កញ្ញា ដល់​ថ្ងៃ​ទី​០៩ ខែវិច្ឆិកា ឆ្នាំ​២០១៧ ដើម្បី​យក​ទៅ​ប្រើប្រាស់​នៅពេល​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ អាណត្តិ​ទី​៦ នៃ​រដ្ឋសភា ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨​ខាងមុខ​។​

កាលពី​បោះឆ្នោត​អាណត្តិ​ទី​៥ រដ្ឋាភិបាល បាន​កំណត់​យក​ថ្ងៃ​ទី​២៨​កក្កដា​ឆ្នាំ​២០១៣ ជា​ថ្ងៃ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ ដោយ​ពលរដ្ឋ​គ្រប់​អាយុ បាន​ទៅ​បោះឆ្នោត​ចំនួន​៩,៦៧​លាន​នាក់​។ ក្រោយ​បោះឆ្នោត​កាលនោះ គណបក្ស​ធំៗ​ចំនួន​ពីរ បានទទួល​សំឡេង​ភាគច្រើន​ក្នុង​រដ្ឋសភា ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន​៦៨​អាសនៈ ចំណែក គណបក្ស​សង្គ្រោះ​ជាតិ​ទទួលបាន​៥៥​អាសនៈ​។​ប៉ុន្ដែ​ក្រោយ​ប្រកាស​លទ្ធផល​បោះឆ្នោត​ឆ្នាំ​២០១៣ កាលនោះ គណបក្ស​សង្គ្រោះ​ជាតិ បាន​ដឹកនាំ​មហា​បាតុកម្ម​តវ៉ា​ប្រឆាំង​នឹង​លទ្ធផល​នោះ ដោយ​គណបក្ស​ប្រឆាំង​ចោទថា មាន​ភាពមិនប្រក្រតី​ធ្ងន់ធ្ងរ និង​ទទូច​ឲ្យមាន​ស៊ើបអង្កេត​។ ក្រោយមក គណបក្ស​ទាំងពី បាន​ព្រមព្រៀង​កែសម្រួល​ច្បាប់​បោះឆ្នោត និង​សមាសភាព​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត​។​

​បើ​តាម​លោកគួ​យ ប៊ុន​រឿន អនុប្រធាន​គណៈកម្មាធិកា​រ​ជាតិ រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បាន​ថ្លែងថា គិត​មកដល់ពេលនេះ ប្រជាពលរដ្ឋ​ប្រមាណ​ជាង​២​លាន​នាក់ ដែល​មិន​ទាន់​ចុះ​ឈ្មោះ​បោះឆ្នោត រាប់​ទាំង​អ្នក​ទើប​គ្រប់​អាយុ​បោះឆ្នោត និង​អ្នក​គ្រប់​អាយុ​ហើយ តែ​មិន​ទាន់​ចុះ​ឈ្មោះ​បោះឆ្នោត និង​អ្នក​ផ្លាស់ប្តូរ​ទីលំនៅ​។​

លោក​បញ្ជាក់ថា ការចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០១៧ ថ្មី​នេះ គឺ​ដើម្បី​បំពេញ​បន្ថែម​ទៅលើ​បញ្ជី​ឈ្មោះ​បោះឆ្នោត​ចាស់ ឆ្នាំ​២០១៦​។ កាលពី​ឆ្នាំ​២០១៦ ប្រជាពលរដ្ឋ​ដែល​គ្រប់​អាយុ​បោះឆ្នោត​មាន​ប្រមាណ ៩.៦​លាន​នាក់ ប៉ុន្តែ​ប្រជាពលរដ្ឋ​ដែល​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត មាន​តែ​ប្រមាណ ៧.៨​លាន​នាក់​ប៉ុណ្ណោះ ស្មើនឹង​៨១.៣៨%​ប៉ុណ្ណោះ​៕

 ពាក្យគន្លឹះ  លោកហ៊ុន សែន

ព័ត៌មានផ្សេងទៀត