លោកត្រាំបានបង្ហោះសារលើប្រព័ន្ឋTwitter ថា មានការខកចិត្តយ៉ាងខ្លាំង ចំពោះចិន ក្រោយកូរ៉េខាងជើងធ្វើតេស្តមីស៊ីលICBM។ ខកចិត្ត ព្រោះចិនហាក់មិនបានចូលរួមឲ្យបានសកម្ម នៅក្នុងការរារាំងកូរ៉េខាងជើង កុំឲ្យធ្វើតេស្តមីស៊ីលដែលអន្តរជាតិហាមឃាត់។ លោកត្រាំបានគំរាមចិនផងដែរថា ការមិនយកចិត្តទុកដាក់ទប់ស្កាត់សកម្មភាពរបស់កូរ៉េខាងជើង អាចនឹងធ្វើឲ្យប៉ះពាល់ដល់ពាណិជ្ជកម្មរបស់ប្រទេសទាំងពីរ។
ឆ្លើយតបនឹងការលើកឡើងរបស់លោកត្រាំ ក្រសួងការបរទេសចិនបានចេញសេចក្តីថ្លែងការណ៍បញ្ជាក់ថា បញ្ហាកូរ៉េខាងជើងមិនមែនជាបញ្ហារបស់ប្រទេសមួយទេ ដូច្នេះទាំងអស់គ្នាត្រូវធ្វើការជាមួយគ្នាក្នុងការស្វែងរកដំណោះស្រាយ។ សេចក្តីថ្លែងការណ៍ធ្វើឡើងកាលពីថ្ងៃទី៣១ខែកក្កដា បញ្ជាក់ទៀតថា ចិនចង់ឱ្យពាណិជ្ជកម្មជាមួយអាមេរិកនៅតែដំណើរការល្អ ហើយសន្តិភាពរបស់ចិនជាមួយឧបទ្វីបកូរ៉េនៅតែរឹងមាំ។
ស្ថិតក្រោមរដ្ឋបាលរបស់លោកដូណាល់ត្រាំ ទំនាក់ទំនងពាណិជ្ជកម្មរវាងចិននិងអាមរិកហាក់មានសន្ទុះសន្សឹមៗឡើងវិញ ពោលភាគីទាំងពីរកាលពីពេលថ្មីៗទើបតែព្រមព្រៀងគ្នាលើការនាំចេញនិងនាំចូលផលិតផលមួយចំនួន។ កិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មី គឺចិននឹងនាំអង្ករចូលពីអាមេរិកលើកដំបូង ខណៈចិនជួបកង្វះខាតអង្ករដើម្បីផ្គត់ផ្គង់ក្នុងស្រុក និងមិនអាចពឹងពាក់ប្រទេសមួយចំនួនក្នុងតំបន់អាស៊ី ដោយសារភាពប្រទាំងប្រទើសពីអតីតកាល។ មុនកិច្ចព្រមព្រៀងមួយនេះ ក្រសួងកសិកម្មអាមេរិកបានប្រកាសកិច្ចព្រមព្រៀងមួយ ដែលអនុញ្ញាតឲ្យអាមេរិកអាចនាំសាច់គោ និងឧស្ម័នធម្មជាតិចូលក្នុងទីផ្សារនៅចិនផងដែរ។ ដូច្នេះ ចិនពិតណាស់មិនចង់ឲ្យទំនាក់ទំនងពាណិជ្ជកម្មដែលទើបដុះពន្លកត្រូវខូចខាតនោះទេ។
ងាកមកទំនាក់ទំនងជាមួយកូរ៉េខាងជើងវិញ ចិនគឺជាសម្ព័ន្ធមិត្តជិតស្និទ្ធតាំងពីសម័យសង្គ្រាមឆ្នាំ១៩៥០មក។ ជាមូលហេតុមួយដែលធ្វើឲ្យចិនពិបាកក្នុងការលូកដៃចូលឲ្យជ្រៅក្នុងសំណុំរឿងនុយក្លេអ៊ែរកូរ៉េខាងជើង។ ប៉ុន្តែដ្បិតចិន ជាសម្ព័ន្ធមិត្តរបស់កូរ៉េខាងជើងយ៉ាងណាក៏ដោយ ក៏ចិននៅតែខឹងសម្បារ ចំពោះការសាកល្បងនុយក្លេអ៊ែរនិងមីស៊ីលរបស់កូរ៉េខាងជើងដែរ។ យ៉ាងណា ចិនមិនអាចលេងដៃធ្ងន់លើកូរ៉េខាងជើងឡើយ ព្រោះមិត្តភាព។
សូមបញ្ជាក់ថា កូរ៉េខាងជើង កាលពីថ្ងៃសៅរ៍ទី២៩ បានធ្វើតេស្តមីស៊ីលICBM ហើយក៏បានប្រកាសពីភាពជោគជ័យ នៅក្នុងការធ្វើតេស្តមីស៊ីល ICBMជាលើកទី២នេះផងដែរ។ កូរ៉េខាងជើងបញ្ជាក់ម្តងហើយម្តងទៀតថា គ្រាប់មីស៊ីលប្រភេទនេះអាចបាញ់ទៅដល់ដែនដីរបស់អាមេរិក។ យ៉ាងណា ក្រុមអ្នកស្រាវជ្រាវបានរាយការណ៍កាលពីថ្ងៃចន្ទ ដោយផ្អែកលើវីដេអូនៃការធ្វើតេស្តមីស៊ីល ថា កូរ៉េខាងជើងប្រហែលមិនទាន់មានសមត្ថភាពគ្រប់គ្រាន់ ក្នុងការធ្វើមីស៊ីលនុយក្លេអ៊ែរនៅឡើយទេ ព្រោះមីស៊ីលដែលបានធ្វើតេស្តនោះ វាបានខូចមុនដល់គោលដៅ៕ អត្ថបទដោយ៖ អ៊ុំ ចាន់រក្សា