​និយាយ​ទាំង​ទឹកភ្នែក​​អ្នកស្រី​យី​ង​ឡា​ក់ថា​​“​ខ្ញុំ​មិនមែន​​ជា​មនុស្ស​​ទុច្ចរិត​ទេ​”

01-08-2017 3:40 pm 767
អ្នកស្រីយីងឡាក់ ស៊ីណាវ៉ាត្រា​ពេលថ្លែង​សុន្ទរកថា​កន្លងមក

​អតីត​នាយករដ្ឋមន្ដ្រី​ថៃ​អ្នកស្រី​យី​ង​ឡាក់ ស៊ីណាវ៉ាត្រា បាន​ថ្លែង​ទាំង​ទឹកភ្នែក​នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​ចុងក្រោយ​មួយ ទៅកាន់​តុលាការ​ក្រុង​បាងកក​នៅ​ថ្ងៃ​ទី​០១​សីហា​នេះ​។​អ្នកស្រី​អះអាងថា អ្នកស្រី​ពិតជា​មិន​បាន​ប្រព្រឹត្ដទង្វើ​គ្មាន​ភាពស្មោះត្រង់​ដូច​ការចោទប្រកាន់ឡើយ ក្នុង​គម្រោង​ទិញ​ស្រូវ​អង្ករ​ប្រជាជន​។​ការចោទប្រកាន់​លើ​អ្នកស្រី​គឺជា​រឿង​ពាក់ព័ន្ធ​នយោបាយ អ្នកស្រី​ជា​ជនរងគ្រោះ​ក្នុង​បញ្ហា​នយោបាយ​ប៉ុណ្ណោះ​។​

​អ្នកស្រី​សង្កត់ធ្ងន់ថា “​ផែនការ​ទិញ​ស្រូវ​អង្ករ​មាន​អត្ថប្រយោជន៍​ដល់​សេដ្ឋកិច្ច​នៅ​ថ្នាក់​មូលដ្ឋាន និង​ជួយ​សេដ្ឋកិច្ចជាតិ​ទាំងមូល​មិន​បង្ក​ការខាតបង់​ទេ ហើយ​វា​ជា​មូលហេតុ​ដែល​ខ្ញុំ​ចង់ឲ្យ​អនុវត្ដផែន​ការនេះ​។​ផែនការ​ទិញ​ស្រូវ​អង្ករ​ជា​ផែនការ​ស្មោះត្រង់​និង​ត្រឹមត្រូវ​”​។​

​តុលាការ​កំពូល​ថៃ​បាន​កំណត់​យក​ថ្ងៃ​ទី​២៥​សីហា ជា​ថ្ងៃ​ប្រកាស​សាលក្រម​អ្នកស្រី​យី​ង​ឡាក់ ស៊ីណាវ៉ាត្រា ជាប់ចោទ​ពី​បទ​ធ្វើ​ឲ្យ​ខាតបង់​ប្រាក់​រាប់ពាន់​លាន​ដុល្លារ ក្នុង​គម្រោង​ទិញ​ស្រូវ​អង្ករ​ប្រជាជន​។​អ្នកស្រី​យី​ង​ឡាក់​ត្រូវបាន​កងទ័ព​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​ចេញពី​តំណែង​នាយករដ្ឋមន្ដ្រី​កាលពី​ខែ​ឧសភា​ឆ្នាំ​២០១៤​។​អ្នកស្រី​ត្រូវ​ប្រឈម​នឹង​ការ​ជាប់ពន្ធនាគារ​១០​ឆ្នាំ ប្រសិនបើ​រក​ឃើញ​កំហុស​ថា បាន​ប្រព្រឹត្ដ​អំពើ​ពុករលួយ​ក្នុង​គម្រោង​នេះ​មែន​។​សវនាការ​កាត់ក្ដី​បាន​ដំណើរការ​១៨​ខែ​មក​ហើយ​ប៉ុន្ដែ​មិន​ទាន់​ដាច់​ស្រេច​ទេ​។​

​ទាំង​អ្នកស្រី​យី​ង​ឡាក់​និង​គណបក្ស​ភឿ​ថៃ​របស់​អ្នកស្រី ចាត់ទុក​ដំណើរការ​កាត់ក្ដី​មាន​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ ក្នុង​បំណង​កាត់ផ្ដាច់​និង​លុបបំបាត់​ប្រជាប្រិយភាព​ត្រកូល​ស៊ីណាវ៉ាត្រា ដែល​រំពឹង​អាច​នឹង​ឈ្នះ​គ្រប់​ការ​បោះឆ្នោត​តាំងពី​ឆ្នាំ​២០០១​មក​។​បងប្រុស​របស់​អ្នកស្រី​លោក​ថាក់ស៊ីន ស៊ីណាវ៉ាត្រា ជា​អ្នក​បង្ហាញ​ពី​គម្រោង​ទិញ​ស្រូវ​អង្ករ​មុនគេ មុនពេល​លោក​ត្រូវ​យោធា​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​ចេញពី​តំណែង​នាយករដ្ឋមន្ដ្រី​កាលពី​ឆ្នាំ​២០០៦​។​

​ទោះបីជា​អ្នកស្រី​យី​ង​ឡាក់ ស៊ីណាវ៉ាត្រា​ជាប់​ជំពាក់ជំពិន​នឹង​រឿង​អាស្រូវ​ពុករលួយ​នេះ​ក្ដី តែ​សន្ទុះ​គាំទ្រ​អ្នកស្រី​នៅតែមាន​។​អ្នកគាំទ្រ​រាប់រយ​នាក់​បដិសេធ​ការចោទប្រកាន់​របស់រ​បប​យោធា​ដឹកនាំ​ដោយ​លោកនាយក​រដ្ឋមន្ដ្រី​ប្រា​យុទ្ធ ចាន់​អូ​ចា និង​សុំឲ្យ​ដក​បណ្ដឹងលើ​អ្នកស្រី​ចោល​។​ដំណើរការ​កាត់ក្ដី​អ្នកស្រី​ចាប់ផ្ដើម​ក្នុង​ខែ​មករា​ឆ្នាំ​២០១៦ បន្ទាប់​ពី​មាន​ការចោទប្រកាន់​ពី​សភា​នីតិកម្ម តែងតាំង​ដោយ​របប​យោធា​ក្នុង​ឆ្នាំ​២០១៥​។​ការចោទប្រកាន់​ក៏​ប៉ះពាល់​ដល់​សិទ្ធិ​ធ្វើ​នយោបាយ​ដែរ គឺ​ហាម​មិន​ឲ្យ​ឈាន​ជើង​ចូល​ឆាក​នយោបាយ​រយៈពេល​៥​ឆ្នាំ​៕

 ពាក្យគន្លឹះ  អ្នកស្រីយីងឡាក់

ព័ត៌មានផ្សេងទៀត