កំណាយចៃដន្យប្រទះឃើញបដិមាកម្ពស់១,៩០ម៉ែត្រនៅក្នុងក្រុងអង្គរធំ

31-07-2017 10:01 am 1007
កំណាយប្រទះចៃដន្យដោយក្រុមអាជ្ញាធរជាតិអប្សរា មហាវិទ្យាល័យបច្ចេកវិទ្យា និងវិទ្យាស្ថានស្រាវជ្រាវអាស៊ីអាគ្នេយ៍នៃប្រទេសសិង្ហបុរី កាលពីម្សិលម៉ិញ ។ រូបថតពី នាយកដ្ឋានផ្សព្វផ្សាយ ។

​បដិមា​មួយ​ត្រូវបាន​អាជ្ញាធរ និង​អ្នក​ស្រាវជ្រាវ​ប្រទះឃើញ​នៅ​មន្ទីរពេទ្យ​ទន្លេ​ស្ងួត​ខាងជើង​ក្រុង​អង្គរ​ធំ ប្រហែល​១​គីឡូម៉ែត្រ កាលពី​ថ្ងៃ​ទី​៣០ ខែកក្កដា ឆ្នាំ​២០១៧ ។ បដិមា​នេះ​មាន​កម្ពស់ ១,៩០​ម៉ែត្រ ស្មា​ទទឹង​មាន​ប្រវែង​០,៥៨​ម៉ែត្រ ស្ថិត​ក្នុង​រចនាប័ទ្ម​បាយ័ន ។ បដិមា​នេះ​កំបុត​ដៃ​ទាំង​ពីរ​ត្រឹម​ស្មា កំបុត​ជើង​ស្តាំ​ត្រឹ​មក​ជើង និង​ជើង​ឆ្វេង​ត្រឹម​គល់ភ្លៅ រី​ឯ​ដងខ្លួន និង​ព្រះ​កេស​នៅមាន​ក្បាច់ចម្លាក់​សំលៀកបំពាក់ និង​ក្បាំង​សក់​នៅ​ស្អាត​ទាំងអស់ ។ បដិមា​នេះ​កប់​ជ្រៅ​ក្នុង​ដី​ប្រមាណ​ត្រឹម​៤​តឹក​ប៉ុណ្ណោះ ក្នុង​សភាព​ដេក​ផ្ងារ បែរ​ព្រះ​កេស​ទៅ​ទិស​ខាងលិច ទៅ​ព្រះវិហារ​នៃ​មន្ទីរពេទ្យ​ដែល​កសាង​ក្នុង​រជ្ជកាល​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ ។ បដិមា​នេះ ត្រូវបាន​គេ​សន្និដ្ឋាន​ជាបឋម​ថា ជា​ទ្វារបាល ។​

​មន្ត្រី​ជំនាញ​ផ្នែក​បុរាណវិទ្យា​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​ថា « វា​ជា​ការ​ប្រទះ​ដោយ​ចៃដន្យ​ក្នុងពេល​ក្រុម​ការងារ​ធ្វើ​កំណាយ ដើម្បី​សិក្សា​អំពី​ទំនាក់ទំនង​រវាង​ប្រឡាយ​មុខ​មន្ទីរពេទ្យ និង​រចនាសម្ព័ន្ធ​នៃ​មន្ទីរពេទ្យ​ទន្លេ​ស្ងួត ។ ការប្រទះឃើញ​នេះ ចាត់ទុកថា​ជា​សំណាង​ល្អ​មួយ ដែល​អាច​ឱ្យ​យើង​យកទៅ​រក្សាទុក​ក្នុង​ទីកន្លែង​សមរម្យ ហើយ​ងាយស្រួល​សម្រាប់​អ្នកស្រាវជ្រាវ ដើម្បី​សិក្សា​លម្អិត​បន្ថែមទៀត ។ »

​លោក ខៀន ច័ន្ទ បន្តថា បដិមា​នេះ​នឹង​ត្រូវ​យក​ទៅ​តម្កល់​ទុក​ក្នុង​សារមន្ទីរ​ព្រះ​នរោត្តម​សីហនុ​អង្គរ ដើម្បី​រក្សា​សុវត្ថិភាព សម្អាត​ដុសលាង ព្យាបាល​ផ្នែក​ខ្លះ  ជាពិសេស គឺ​ការ​យកជាតិ​អំបិល​ចេញ ដើម្បី​កុំឱ្យ​មាន​ការ​ខូច​គុណភាព​ថ្ម ឬ​រង​ប្រតិកម្ម​នៅពេល​ដែល​ចម្លាក់​ត្រូវ​ដាក់​តាំង​ក្នុង​លំហ​បរិយាកាស​ថ្មី ។ ហើយ​បដិមា​នេះ នឹង​ត្រូវ​ដាក់​តាំង​បង្ហាញ​ឱ្យ​ភ្ញៀវ​ទេសចរ​បាន​ចូល​ទស្សនា​ផងដែរ ។​

​ទោះជា​យ៉ាងណា​ក៏ដោយ មន្ត្រី​ជំនាញ​ផ្នែក​បុរាណវិទ្យា​នេះ​មិន​ទាន់​អាច​បញ្ជាក់​ថា ការ​ដាក់​តាំង​បដិមា​របៀបនេះ មាន​នៅ​គ្រប់​មន្ទីរពេទ្យ​បុរាណ​ទាំងអស់​ឬ​យ៉ាងណា​នោះទេ គឺ​ស្ថិត​ក្នុង​ការសិក្សា​ស្រាវជ្រាវ​នៅ​ឡើយ ។​

​សូមបញ្ជាក់​ថា កំណាយ​ប្រទះឃើញ​បដិមា​ចៃដន្យ​នេះ ធ្វើឡើង​ដោយ​មាន​ការសហកា​ររ​វាង​អ្នកស្រាវជ្រាវ​បុរាណវិទ្យា​របស់​អាជ្ញាធរ​ជាតិ​អប្សរា មហាវិទ្យាល័យ​បច្ចេកវិទ្យា និង​វិទ្យាស្ថាន​ស្រាវជ្រាវ​អាស៊ីអាគ្នេយ៍​នៃ​ប្រទេស​សិង្ហ​បុរី ។ គម្រោង​នេះ គឺជា​ការស្រាវជ្រាវ​មន្ទីរពេទ្យ​ទន្លេ​ស្ងួត​ក្នុង​ជំហាន​ទី​មួយ ដែល​ផ្តោត​លើ​ការសិក្សា​អំពី​ផ្នែក​ខាង​មុខ​នៃ​មន្ទីរពេទ្យ ដែលមាន​ទំនាក់ទំនង​រវាង​ប្រឡាយ​មុខ​មន្ទីរពេទ្យ និង​ខឿន​នៃ​មន្ទីរពេទ្យ​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​២៨ ខែកក្កដា ដល់​ថ្ងៃ​ទី​១១ ខែ​សីហា ឆ្នាំ​២០១៧ ៕

(រាយការណ៍ដោយ៖ គង់ ឧត្តម)

 ពាក្យគន្លឹះ  កំណាយបដិមា

ព័ត៌មានផ្សេងទៀត