លោក​សម រង្ស៊ី​៖​តើ​មាន​ទោស​ទេ​បើ​បង្ហាញ​រូបលោក​ជាមួយ​សម្តេច​ទាំង​៣​របស់​CPP?

29-07-2017 11:25 am 3694

​បន្ទាប់​ពី​វិសោធនកម្ម​ច្បាប់​គណបក្សនយោបាយ ត្រូវបាន​ដាក់ឲ្យ​អនុវត្ត​ជា​ផ្លូវការ រួចមក លោក​សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​និរទេស​ខ្លួន នៅ​ក្រៅប្រទេស បាន​សរសេរ​នៅលើ​បណ្តាញ​សង្គម​ហ្វេ​សប៊ុក​ថា​«​ចាប់ពី​សប្តាហ៍​ក្រោយ​ទៅ ដោយសារ​តែ​ច្បាប់​ចេញ​ថ្មី នរណា​ហ៊ាន​បង្ហាញ​រូប​ខ្ញុំ​ជាមួយ​លោក កឹម សុខា នឹង​មាន​ទោស​។ តែបើ​បង្ហាញ​រូប​ខ្ញុំ​ជាមួយ​ជន ៣ នាក់ (​សូមទោស សម្តេច ៣ អង្គ ! នៅ​ខាងឆ្វេង​រូបថត​នេះ​) តើ​នឹង​មាន​ទោស​ដែរឬទេ​? »​។ រូបថត​ខាងឆ្វេង ដែល​លោក​សម រង្ស៊ី បង្ហាញ​នោះ រួមមាន លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន លោក​ស ខេង រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ និង​លោក​សាយ ឈុំ ប្រធានព្រឹទ្ធសភា​។​

​ឆ្លើយតប​នឹង​ការលើកឡើង​នេះ លោក​ផៃ ស៊ីផា​ន អ្នកនាំពាក្យ​រដ្ឋាភិបាល បានបញ្ជាក់​ថា អ្វី​ដែល​លោក​សម រង្ស៊ី​និយាយ ហាក់បីដូច​ជា​មិន​ចេះ​មើល​ច្បាប់​។ គោលបំណង​នៃ​ច្បាប់​ថ្មី​នេះ គឺ​មិន​អនុញ្ញាត​ឲ្យ គណបក្ស​យោ​បាយ​ណាមួយ រួម​ធ្វើ​សកម្មភាព​ជា​មួយ​ទណ្ឌិត​។ ដោយឡែក រូបថត​លោក​សម រង្ស៊ី ជាមួយ​អ្នក​ដទៃ ជា​រឿង​មួយ​ផ្សេង​ទៀត ព្រោះ​មិន​ពាក់ព័ន្ធ​នឹង​គណបក្សនយោបាយ​។​

សំឡេង​

​សូមបញ្ជាក់​ថា វិសោធនកម្ម​ច្បាប់​ស្តីពី​គណបក្សនយោបាយ ដែល​ផ្តួចផ្តើម​ឡើង​ជា​ថ្មី ដោយ​ក្រុម​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា ត្រូវបាន​ប្រមុខរដ្ឋស្តីទី លោក សាយ ឈុំ ប្រមុខរដ្ឋស្តីទី បាន​ចុះហត្ថលេខា ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវកា​រហើយ នៅ​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០១៧ ។​

​ច្បាប់​ថ្មី​នេះ ត្រូវបាន​កែប្រែ​ចំនួន ៥​មាត្រា ដោយ​បាន​កំណត់​ថា គណបក្ស​នយោបាយ​មិន​ត្រូវ​ឃុបឃិត ឬ​ប្រើប្រាស់​សារ​ជា​សំឡេង រូបភាព​ឯកសារ​ជា លាយលក្ខណ៍អក្សរ ឬ​សកម្មភាព របស់​ទណ្ឌិត​ជាប់ទោស​បទឧក្រិដ្ឋ ឬ​ពី​បទ​មជ្ឈឹម ដើម្បី​ជា​ផល​ប្រយោជន៍​នយោបាយ​ខ្លួន​ឡើយ និង​មិន​អនុញ្ញាត​ឱ្យ គណបក្ស​នយោបាយ​ណា មានឈ្មោះ ឬ​រូប​របស់​រូបវ័ន្ត​បុគ្គល​ផងដែរ​៕

ព័ត៌មានផ្សេងទៀត