អ្នកស្រី​យី​ង​ឡាក់​​ចំអក​ឲ្យ​លោក​​ប្រា​យុទ្ធ​តាម​​Twitter​ថា​​“​និយាយ​មិន​ពិត​”

27-07-2017 3:22 pm 749
លោកប្រាយុទ្ធ ចាន់អូចា(ឆ្វេង)និងអ្នកស្រីយីងឡាក់ ស៊ីណាវ៉ាត្រា

​តាមរយៈ​សារ​បង្ហោះ​នៅ​លើ​ប្រព័ន្ធ​Twitter អតីត​នាយករដ្ឋមន្ដ្រី​ថៃ​អ្នកស្រី​យី​ង​ឡាក់ ស៊ីណាវ៉ាត្រា បាន​អះអាង​ថា​រដ្ឋាភិបាល​បាន​បិទ​គណនី​ធនាគារ​របស់​អ្នកស្រី​។​ថ្លែង​នៅ​លើ​ប្រព័ន្ធ​Twitter​កាលពី​រសៀល​ថ្ងៃ​ទី​២៦​កក្កដា អតីត​នាយករដ្ឋមន្ដ្រី​ដែល​កំពុង​ជំពាក់​វា​ក់វិន​នឹង​ករណី​ទិញស្រូវ​អង្ករ​ប្រជាពលរដ្ឋ​រូប​នេះ​ឲ្យដឹងថា ការបិទ​គណនី​ធនាគារ​របស់​អ្នកស្រី​ធ្វើឡើង​បន្ទាប់​ពី​នាយករដ្ឋមន្ដ្រី​លោក​ប្រា​យុទ្ធ ចាន់​អូ​ចា​សន្យាថា ទ្រព្យសម្បត្ដិ​របស់​អ្នកស្រី​នឹង​មិន​ត្រូវ​រឹបអូស​ទេ រហូតដល់​តុលាការ​ប្រកាស​សាលក្រម​លើ​រឿងក្ដី​អ្នកស្រី​។​

​ប្រើប្រាស់​ប្រព័ន្ធ​Twitter​ជា​មធ្យោបាយ​តតាំង​ជាមួយ​របប​យោធា អ្នកស្រី​យី​ង​ឡាក់​បន្ថែមទៀតថា លោក​ប្រា​យុទ្ធ ចាន់​អូ​ចា​ជា​ប្រមុខ​ក្រុមប្រឹក្សា​សណ្ដាប់ធ្នាប់​និង​សន្ដិភាព​ជាតិ​(NCPO) មិន​បាន​ផ្ដល់​ដំណឹង​ពី​បញ្ហា​នេះ ហើយក៏​មិន​បាន​ប្រកាស​ជា​សាធារណៈ​ដែរ​។​វា​មិនមែន​ជា​ការពិត​ដូច​លោក​ប្រា​យុទ្ធ​សន្យា​ទេ​ថា ការ​រឹបអូស​ទ្រព្យសម្បត្ដិ​របស់​អ្នកស្រី​កំពុង​ស្ថិត​ក្នុង​ការរៀប​ចំ​នោះ​។​គណនី​ធនាគារ​របស់​អ្នកស្រី​នៅពេលនេះ ត្រូវបាន​រឹបអូស​ហើយ​។​តែ​យ៉ាងណាក៏ដោយ​អ្នកស្រី​និយាយថា អ្នកស្រី​នៅតែ​រឹងមាំ​ជានិច្ច​។​

​អ្នកស្រី​យី​ង​ឡាក់ ស៊ីណា​វា​ត្រា​សង្កត់ធ្ងន់ថា “​រដ្ឋាភិបាល​ជ្រើសរើស​វិធីសាស្ដ្រ​បែប​នេះ ព្រោះតែ​ជឿជាក់ថា​ខ្លួន​មាន​អំណាច​អាច​ធ្វើ​គ្រប់យ៉ាង​ដែល​ខ្លួន​ចង់​”​។​

សូមបញ្ជាក់​ថា តុលាការ​កំពូល​ថៃ​បាន​កំណត់​យក​ថ្ងៃ​ទី​២៥​សីហា ជា​ថ្ងៃ​ប្រកា​សាលក្រម​អ្នកស្រី​យី​ង​ឡាក់ ស៊ីណាវ៉ាត្រា ជាប់ចោទ​ពី​បទ​ធ្វើ​ឲ្យ​ខាតបង់​ប្រាក់​រាប់ពាន់​លាន​ដុល្លារ ក្នុង​គម្រោង​ទិញ​ស្រូវ​អង្ករ​ប្រជាជន​។​អ្នកស្រី​យី​ង​ឡាក់​ត្រូវបាន​កងទ័ព​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​ចេញពី​តំណែង​នាយករដ្ឋមន្ដ្រី​កាលពី​ខែ​ឧសភា​ឆ្នាំ​២០១៤​។​អ្នកស្រី​ត្រូវ​ប្រឈម​នឹង​ការ​ជាប់ពន្ធនាគារ​១០​ឆ្នាំ ប្រសិនបើ​រក​ឃើញ​កំហុស​ថា​បាន​ប្រព្រឹត្ដ​អំពើ​ពុករលួយ​ក្នុង​គម្រោង​នេះ​មែន​។​សវនាការ​កាត់ក្ដី​បាន​ដំណើរការ​១៨​ខែ​មក​ហើយ ប៉ុន្ដែ​មិន​ទាន់​ដាច់ស្រេច​ទេ​។​

​ទាំង​អ្នកស្រី​យី​ង​ឡាក់​និង​គណបក្ស​ភឿ​ថៃ​របស់​អ្នកស្រី ចាត់ទុក​ដំណើរការ​កាត់ក្ដី​មាន​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ ក្នុង​បំណង​កាត់ផ្ដាច់​លុបបំបាត់​ប្រជាប្រិយភាព​ត្រកូល​ស៊ីណាវ៉ាត្រា ដែល​រំពឹង​អាច​នឹង​ឈ្នះ​គ្រប់​ការ​បោះឆ្នោត​តាំងពី​ឆ្នាំ​២០០១​មក​។​បងប្រុស​របស់​អ្នកស្រី​លោក​ថាក់ស៊ីន ស៊ីណាវ៉ាត្រា ជា​អ្នក​បង្ហាញ​ពី​គម្រោង​ទិញ​ស្រូវ​អង្ករ​មុនគេ មុនពេល​លោក​ត្រូវ​យោធា​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​ចេញពី​តំណែង​នាយករដ្ឋមន្ដ្រី​កាលពី​ឆ្នាំ​២០០៦​។​

​ទោះបីជា​អ្នកស្រី​យី​ង​ឡាក់ ស៊ីណាវ៉ាត្រា​ជាប់​ជំពាក់ជំពិន​នឹង​រឿង​អាស្រូវ​ពុករលួយ​នេះ​ក្ដី តែ​សន្ទុះ​គាំទ្រ​អ្នកស្រី​នៅតែមាន​។​អ្នកគាំទ្រ​រាប់រយ​នាក់​បដិសេធ​ការចោទប្រកាន់​របស់រ​បប​យោធា​ដឹកនាំ​ដោយ​លោកនាយក​រដ្ឋមន្ដ្រី​ប្រា​យុទ្ធ ចាន់​អូ​ចា និង​សុំឲ្យ​ដក​បណ្ដឹងលើ​អ្នកស្រី​ចោល​។​ដំណើរការ​កាត់ក្ដី​អ្នកស្រី​ចាប់ផ្ដើម​ក្នុង​ខែ​មករា​ឆ្នាំ​២០១៦ បន្ទាប់​ពី​មាន​ការចោទប្រកាន់​ពី​សភា​នីតិកម្ម​តែងតាំង​ដោយ​របប​យោធា​ក្នុង​ឆ្នាំ​២០១៥​។​ការចោទប្រកាន់​ក៏​ប៉ះពាល់​ដល់​សិទ្ធិ​ធ្វើ​នយោបាយ​អ្នកស្រី​ដែរ គឺ​ហាម​មិន​ឲ្យ​ពាក់ព័ន្ធ​រឿង​នយោបាយ​រយៈពេល​៥​ឆ្នាំ​៕

 ពាក្យគន្លឹះ  អ្នកស្រីយីងឡាក់

ព័ត៌មានផ្សេងទៀត