រឿង​ក្តី​​លោក​គឹម សុខ ​នឹង​ប្រកាស​​សាលក្រម​​នៅ​ថ្ងៃទី​១០​ សីហា​​

27-07-2017 10:38 am 1284
រូបភាពពីfn

​បន្ទាប់​ពី​ជំនុំជម្រះ​យ៉ាង​តឹងសរសៃក​ដាក់គ្នា​នៅក្នុង​បន្ទប់​កាត់ក្ដី​តាំងពី​ដើមទី រហូត​ធ្វើឲ្យ​លោក​គឹម សុខ និង​លោក​ជូ​ង ជូ​ងី បោះបង់​ការជំនុំជម្រះ​ចោល​នៅ​រសៀល​ថ្ងៃ​ទី​២៦ កក្កដា ឆ្នាំ​២០១៧​នេះ សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ថា នឹង​ប្រកាស​សាលក្រម​ចំពោះ​សំណុំរឿង លោក​គឹម សុខ នៅ​រសៀល​ថ្ងៃ​ទី​១០ ខែ​សីហា ឆ្នាំ​២០១៧ ខាងមុខនេះ​។​

​នៅក្នុង​សវនាការ​ជំនុំជម្រះ​កាល​ពី​ម្សិលមិញ​លោក​គឹម សុខ  បាន​យក​ក្រដាស​ញ៉ុក​ត្រចៀក​ដើម្បី​ជា​ការតវ៉ា​ជំទាស់​នឹង​ករណី​ដែល​លោក​ចាត់ទុកថា​ជា​រឿង​នយោបាយ​តាំងពី​ដើមទី​មក​ម្ល៉េះ ហើយ​លោក​នៅតែ​ទទូច​ទាមទារ​ឲ្យ​ដើមបណ្តឹង គឺ​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន មក​តទល់​គ្នា​ក្នុង​សវនាការ ប៉ុន្តែ​ត្រូវបាន​ចៅក្រម​ជំទាស់​។​លោក​គឹម សុខ​បាន​ថ្លែង​បែប​ចំអក​ថា ប្រសិនបើ​គ្មាន​ដើមចោទ សូម​កាត់ទោស​លោក ហើយ​បញ្ជូន​លោក​ទៅ​ពន្ធនាគារ​វិញ​ទៅ​។​

​លោក គឹម សុខ ត្រូវបាន​តុលាការ​បញ្ជូនទៅ​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​ព្រៃ​ស កាលពី​ថ្ងៃ​ទី​១៧ ខែ​កុម្ភៈ ឆ្នាំ​២០១៧ តាម​បណ្តឹង​មេធាវី​តំណាង​ដោយ​អាណត្តិ​របស់​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បន្ទាប់ពី​លោក​បាន​និយាយ​តាម​វិទ្យុ​អាស៊ីសេរី ដោយ​បាន​ភ្ជាប់​គណបក្ស​ប្រជាជន​កម្ពុជា​កំពុងកាន់​អំណាច​ទៅ​នឹង​ការ​ធ្វើឃាត​លោក កែម ឡី អ្នកវិភាគ​នយោបាយ និង​ជា​អ្នក​រិះគន់​រដ្ឋាភិបាល​ដ៏​មាន​ប្រជាប្រិយភាព​កាលពី​ខែ​កក្កដា ឆ្នាំ​២០១៦​។ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​បដិសេធ​ថា មិន​ជាប់​ពាក់ព័ន្ធ​ក្នុង​ករណី​ធ្វើឃាត​នេះ បាន​ដាក់​ពាក្យបណ្តឹង​ទាមទា​រ​សំណង​ជំងឺ​ចិត្ត​ពី​លោក​គឹម សុខ​ជា​ទឹកប្រាក់​ចំនួន​៥០០.០០០​ដុល្លារ​។​

​សូមបញ្ជាក់​ថា​លោក​គឹម សុខ ត្រូវបាន​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ចោទប្រកាន់​ចំនួន​ពីរ​បទល្មើស គឺ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ និង​បទ​បរិហារកេរ្តិ៍​ជា​សាធារណៈ តាម​មាត្រា​៤៩៤ មាត្រា​៤៩៥ និង​មាត្រា​៣០៥ នៃ​ក្រម​ព្រហ្មទណ្ឌ​។​លោក គឹម សុខ បាន​បរាជ័យ​ជា​បន្តបន្ទាប់​ក្នុង​ការស្នើ​សុំ​នៅក្រៅ​ឃុំ​។​

​ក្រៅពី​បណ្តឹង​ខាងលើ លោក​នៅ​ជាប់​បណ្តឹង​មួយ​ទៀត ដែល​ប្តឹង​ដោយ​មេធាវី​លោក​ហ៊ុន សែន​ដូច​គ្នា គឺពាក់ព័ន្ធ​អ្វីដែល​លោក គឹម សុខ បាន​ចោទប្រកាន់​ថា រដ្ឋាភិបាល​កម្ពុជា បាន​បង្កើត​ប្រព័ន្ធ​សម្លាប់​មនុស្ស រួច​រក​ឃាតក​មិនដែល​ឃើញ​៕


 ពាក្យគន្លឹះ  លោកគឹម សុខ

ព័ត៌មានផ្សេងទៀត