លោក​ញឹក ប៊ុនឆៃ​ មិន​ទៅ​ចូលរួម​​ជាមួយ​សង្គ្រោះ​ជាតិ​ ឬ​ហ្វ៊ុនស៊ិនប៉ិច​ទេ​​

25-07-2017 11:38 am 4882

​ដើម្បី​បញ្ចប់​មន្ទិល ជុំវិញ​ព័ត៌មាន​មួយចំនួន ដែល​បំភ្លើសពីកា​រពិត និង​លាប​ពណ៌​មកលើ​លោក​ញឹក ប៊ុន ឆៃ ថា​បាន​ទៅ​ចូលរួម ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ ឬ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​នោះ អ្នកនាំពាក្យ​គណ បក្ស​ខ្មែរ​រួបរួម​ជាតិ លោក​រុណ មាត្រា បាន​ចេញ​មុខ​បញ្ជាក់​ជាថ្មី ថា​លោក​ញឹក ប៊ុនឆៃ មិន​បាន​ទៅ​ចូល រួមជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ ឬ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​នោះទេ​។​

លោក​រុណ មាត្រា​បញ្ជាក់ថា លោក​ញឹក ប៊ុនឆៃ ទោះ​ស្ថិតក្នុង​ស្ថានភាព​បែប​ណា​ក៏ដោយ គឺ​នៅតែ​ប្រកាន់​ជំហរ​ឯករាជ្យ អព្យាក្រឹត្យ​។ លោក​រុណ មាត្រា បន្ថែមថា មន្ត្រី​ជាន់ខ្ពស់​ចំនួន ១២​រូប មាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី រដ្ឋលេខាធិការ និង​អនុរដ្ឋលេខាធិការ ដែល​ត្រូវ​រដ្ឋាភិបាល ដកចេញ​ពី​មុខតំណែង សុទ្ធតែជា អ្នក​ស្មោះស្ម័គ្រ​នឹង​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​ទាំងអស់​។​

​ដោយឡែក​ចំពោះ​ការលេចឮ​ព័ត៌មាន​មួយ​ទៀត​ថា លោក​ញឹក ប៊ុនឆៃ បាន​គេចខ្លួន​ទៅ ប្រទេស​ថៃ​នោះ ក៏​ជា​ព័ត៌មាន​មិន​ពិត​ដែរ​។​លោក​បញ្ជាក់ថា ពេលនេះ លោក​ញឹក ប៊ុនឆៃ កំពុង​តែ​ស្ថិត​នៅក្នុង​គេហដ្ឋាន​របស់​លោក ក្នុង​រាជធានី​ភ្នំពេញ មិន​បាន​គេច​ទៅ​ណា​ទេ​។ 

ស្ថានភាព​ចុងក្រោយ​ដែល​កំពុងតែ​ប៉ះទង្គិច​មក​លើ​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​ដ៏​ថ្មោងថ្មី​មួយ​នេះ ត្រូវបាន​មជ្ឈដ្ឋាន​មួយចំនួន​ទស្សន៍ទាយ​ថា គណបក្ស​នេះ អាច​នឹង​បាត់ឈ្មោះ​ពី​សង្វៀន​នយោបាយ​ទៅ​វិញ ដោយសារ​តែ​មន្ត្រី​ជា​ខ្ពស់​របស់​ខ្លួន​ជាច្រើន​រូប បាន​ចាកចេញ​ទៅ​រក​ទ្រនំ​ចាស់ គឺ​គណបក្ស​រាជានិយម​ហ្វ៊ុនស៊ិនប៉ិច របស់​សម្តេច​ក្រុមព្រះ​វិញ​។​ប៉ុន្តែ​លោក​រុណ មាត្រា​បញ្ជាក់ថា មិនមាន​អ្វី​ជា​ការប៉ះពាល់​ដល់​ដំណើរការ ឬ​ផ្ទៃក្នុង​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​ទេ​។ លោក​ថា អ្នក​ចាកចេញ​ទាំងនោះ ទី​១ ដើម្បី​ការពារ​មុខតំណែង​តួនាទី​ក្នុង​ជួរ​រដ្ឋាភិបាល ទី​២ គឺ​ចាកចេញ​ទៅ​រក​មុខ​តំណែង តួនាទី ហើយ​ងាក​មក​វាយប្រហារ​គណ​បក្ស​ខ្មែរ​រួបរួម​ជាតិ ដែល​ខ្លួន​ធ្លាប់​ជ្រក​ជាមួយ​។​លោក​ចោទសួរ​ថា បើ​និយាយ​ពី​គុណធម៌ តើ​ពួកគេ​ជា​មន្ត្រី​បែប​ណា​?

សូមបញ្ជាក់​ថា លោក​ញឹក ប៊ុនឆៃ ជា​មន្ត្រី​ដ៏​មាន​ឥទ្ធិពល​លេចធ្លោ​មួយរូប​ក្នុង​គណបក្ស ហ្វ៊ុន​ស៊ិនប៉ិច​។​តែ​ចាប់​តាំងពី​ចុង​អាណត្តិ​ទី​១​មក គណបក្ស​រាជានិយម ដែល​មាន​ប្រជាប្រិយ​បំផុត រហូត​ទទួលបាន​ជ័យជម្នះ​ភ្លូកទឹកភ្លូកដី​ក្នុង​ការបោះឆ្នោត​អាណត្តិ​ទី​១ ដែល​រៀបចំ​ដោយ​អង្គការ​សហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា ក៏​បាន​ចាប់ផ្តើម​ធ្លាក់​ប្រជាប្រិយ​បន្តិច​ម្តងៗ​ជា​បន្តបន្ទាប់ រហូត​នៅ​សល់​សូន្យ​កៅអី នៅពេលនេះ​។ ការធ្លាក់​ប្រជាប្រិយ ក៏​ដោយសារ​គណបក្ស​នេះ​បែកបាក់​ផ្តៃក្នុង ពិសេស​រវាង​លោក​ញឹក ប៊ុនឆៃ និង សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ហើយ​សូម្បី​តែ​លោក​សម រង្ស៊ី អតីត​ប្រធាន​គណបក្សប្រឆាំង ក៏​ចាកចេញ​ពី​សម្តេច​ក្រុមព្រះ​ទៅ​បង្កើត​គណបក្ស​ប្រឆាំង​ថ្មី​មួយ​ដែរ គឺ​គណបក្ស​ជាតិខ្មែរ ក្រោយមក​ទៅ​ជា​គណបក្ស​សម រង្ស៊ី​។ ឯ​រវាង​លោក​ញឹក ប៊ុនឆៃ និង សម្តេច​ក្រុមព្រះ​វិញ ដើម​ឡើយ​លោក​ញឹក ប៊ុនឆៃ កម្ចាយ​សម្តេចក្រុមព្រះ ពី​ហ្វ៊ុនស៊ិនប៉ិច និង​ក្រោយមក មន្ត្រី​ហ្វ៊ុនស៊ិនប៉ិច ក៏​យាង​សម្តេចក្រុមព្រះ មក​ដឹកនាំ​ហ្វ៊ុនស៊ិនប៉ិច​វិញ ធ្វើឲ្យ​លោក​ញឹក ប៊ុនឆៃ ខ្ទាត​ចេញពី​ហ្វ៊ុនស៊ិនប៉ិច​វិញ​ម្តង​។​តែ​លោក​ញឹក ប៊ុនឆៃ បាន​នាំ​មន្ត្រី ជា​ក្បាលម៉ាស៊ីន​របស់​ហ្វ៊ុន​ស៊ិនប៉ិច មក​បង្កើត​ជា​គណបក្ស​ថ្មី​មួយទៀត គឺ​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​នេះ​ឯង​។​ឥឡូវ​ដើម្បី​មុខតំណែង មន្ត្រី​សំខាន់​ទាំងនោះ ក៏​រត់​ទៅ​រក​ទ្រនំ​ចាស់​វិញ​៕


 ពាក្យគន្លឹះ  លោកញឹក ប៊ុនឆៃ

ព័ត៌មានផ្សេងទៀត