រដ្ឋាភិបាល​ចិន​​នឹង​នាំ​អង្ករ​​ចូល​ពី​អាមេរិក​​លើក​ដំបូង

23-07-2017 3:57 pm 2499

​ចិន​ដែល​ជា​ប្រទេស​ផលិត​អង្ករ​ធំជាងគេ​លើ​លោក ពេលនេះ​កំពុង​ត្រូវការ​អង្ករ​ជាច្រើន​តោន​ពី​អាមេរិក ដើម្បី​បំពេញ​តម្រូវការ​ក្នុងស្រុក​។ ដំណើរការ​នាំ​អង្ករ​ពី​អាមេរិក​ជា​លើកដំបូង​នេះ នឹង​ចាប់ផ្តើម​ភ្លាម ក្រោយពេល​មន្ត្រី​ចិន​បញ្ចប់​ការពិនិត្យ​ល្អិតល្អន់ លើ​អង្ករ​របស់​អាមេរិក​។ ផែនការ​នាំ​អង្ករ​ពី​អាមេរិក ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក​របស់​ចិន ធ្វើឡើង​បន្ទាប់​ពី​ប្រទេស​ទាំង​ពីរ បាន​​​ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ថ្មី​ជាមួយគ្នា​កាលពី​ថ្ងៃ​ព្រហស្បត្តិ៍​។

ដ្បិតចិន​ជា​ប្រទេស​ដែល​មាន​សមត្ថភាព​ផលិត​អង្ករ​បាន​ច្រើន​ជាង​អាមេរិក ប៉ុន្តែ​ក៏​ជា​ប្រទេស​ដែល​មាន​តម្រូវការ​អង្ករ​ក្នុង​បរិមាណ​ច្រើន​ដែរ​។ កាលពី​ពេល​ថ្មីៗ​នេះ ចិន​បាន​ទិញ​អង្ករ​កាន់តែច្រើន​ពី​ក្រៅ​ប្រទេស ហើយ​ឆ្នាំ​ខ្លះ ចិន​បាន​ចំណាយ​អស់​ប្រាក់​ចំនួន​ប្រមាណ​១​ពាន់​លាន​ដុល្លារ ក្នុងការ​ទិញ​អង្ករ ដើម្បី​ចិញ្ចឹម​ប្រជាជន​របស់​ខ្លួន​។ កាលពី​ឆ្នាំមុន ចិន​បាន​នាំ​អង្ករ​ចូល​ប្រហែល​៥​លាន​តោន​។ នេះ​បើ​យោង​តាម​ក្រសួង​កសិកម្ម​អាមេរិក​។ ដូច្នេះ​អាមេរិកមិ​ក​តែ​ម្នាក់ មិន​អាច​បំពេញ​តម្រូវកា​រ​ទាំងស្រុង​ដល់​ចិន​បាន​ទេ ពីព្រោះ ក្នុង​មួយ​ឆ្នាំ​អាមេរិក​នាំចេញ​អង្ករ​បាន​ចន្លោះ​តែ​ពី​៣​លាន ទៅ​៤​លាន​តោន​ប៉ុណ្ណោះ​។ នេះ​បើ​តាម​អង្គការ​ស្បៀងអាហារ​អង្គការសហប្រជាជាតិ​និង​អង្គការ​កសិកម្ម​។​

​គេ​ប្រាកដជា​ឆ្ងល់​ហើយ​ថា ចិន​ជា​ប្រទេស​មួយ ដែល​អាច​ផលិត​អង្ករ​បាន​ច្រើន ហើយ​អាច​ផ្គត់ផ្គង់​តម្រូវការ​ក្នុងស្រុក​បាន​ដែរ​ពី​មុន ប៉ុន្តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ចិន​បែរ​ពឹងផ្អែក​អង្ករ​ពី​បរទេស​ទៅ​វិញ​។ មូលហេតុ នាំឲ្យ​មាន​កំណើន​នៃ​ការនាំចូល​ស្បៀងអាហា​រនេះ គឺ​មួយ​ផ្នែក​ឆ្លុះបញ្ចាំង​ពី​បញ្ហា​ប្រឈម​ក្នុង​វិស័យ​កសិកម្ម​របស់​ប្រទេស​ចិន​។ នៅក្នុងនោះ​រួមមាន ប្រជាជន​នៅតាម​ជនបទ​មាន​វ័យចាស់ មិន​អាច​ចូលរួម​ឲ្យបាន​សកម្ម​ក្នុង​វិស័យ​កសិកម្ម បូកផ្សំ​នឹង​គុណភាព​ដី​មាន​ការថយចុះ ជា​ហេតុ​ធ្វើឲ្យ​ទិន្នផល​ដំណាំ​មាន​កម្រិត​ទាប​។ ចំណែក​ការបំពុល និង​ការប្រែប្រួល​អាកាសធាតុ ក៏​ជា​ការគំរាមកំហែង​ដល់​វិស័យ​កសិកម្ម​ចិន​ដែរ​។ នេះ​បើ​តាម​អ្នកជំនាញ​ខាង​សន្តិសុខ​ស្បៀង​នៅ Chatham House វិទ្យាស្ថាន​គោលនយោបាយ ស្ថិត​នៅ​ទីក្រុង​ឡុង​ដ៍​ប្រទេស​អង់គ្លេស់​លោក Rob Bailey​។​

​លោក Rob Bailey​បាន​លើកឡើង​ថា ចិន​មាន​ភាព​វ័យឆ្លាត​ក្នុងការ​ប្រញាប់ប្រញាល់​ស្វែងរក​ប្រភព​​អង្ករ​ពី​អាមេរិក​។ វ័យឆ្លាត​ពីព្រោះ​ចិន​នឹង​មិន​អាច​ពឹងផ្អែក ការផ្គត់ផ្គង់​អង្ករ​ពី​ប្រទេស​មួយចំនួន ស្ថិតនៅក្នុង​តំបន់​អាស៊ី​នោះទេ ដោយសារ​ភាពចម្រូងចម្រាស់​បាន​កើតឡើង​ពី​អតីតកាល​។​

​គួរ​ជម្រាបជូន​ថា កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ថ្មី​រវាង​អាមេរិក​និង​ចិន បាន​កើតឡើង​បន្ទាប់ពី ក្រសួង​កសិកម្ម​អាមេរិក​បាន​ប្រកាស​កិច្ចព្រមព្រៀង​មួយ ដែល​អនុញ្ញាតិឲ្យ​អាមេរិកអា​ចនាំ​សាច់គោ និង​ឧស្ម័ន​ធម្មជាតិ​ចូលក្នុង​ទីផ្សារ​នៅ​ចិន​។ បើ​ទោះ​ភាគី​ទាំងពីរ​បាន​ឯកភាពគ្នា នៅ​ក្នុង​ការនាំ​ចេញ​ទំនិញ​មួយចំនួន​ក៏​ដោយ ប៉ុន្តែ​ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​អាមេរិក​និង​ចិន នៅតែ​មាន​ភាព​តានតឹង​។ អាមេរិក​នៅ​តែ​សង្ស័យ​ចិន​មាន​ល្បិចកល​នៅក្នុង​ការរកស៊ី​។ លោក​ដូណាល់ ត្រាំ​ប្រធានាធិបតី​អា​មរិក បាន​អំពាវនាវ​ឲ្យ​ចិន​មាន​ភាពស្មោះត្រង់​ក្នុងការ​ធ្វើ​ពាណិជ្ជកម្ម ដើម្បី​ចៀសវាង​ការធ្លាក់ចុះ​នៃ​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​៕

 ពាក្យគន្លឹះ  ចិន-អាមេរិក

ព័ត៌មានផ្សេងទៀត