នៅព្រឹកថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០១៧នេះ លោកហ៊ុន សែន និងភរិយា អញ្ជើញថ្វាយ ព្រះរាជដំណើរ ព្រះមហាក្សត្រ និងសម្តេចម៉ែ យាងទៅទីក្រុងប៉េកាំង ប្រទេសចិន ដើម្បីពិនិត្យព្រះរាជសុខភាពរបស់ព្រះអង្គ។
ព្រះរាជដំណើររបស់ព្រះមហាក្សត្រខ្មែរ និងសម្តេចម៉ែ ទៅកាន់ទីក្រុងប៉េកាំងនាពេលនេះមិនទាន់មានការបញ្ជាក់អំពីពេលវេលាថា ព្រះអង្គនឹងយាងនិវត្តន៍មកកាន់កម្ពុជាវិញនាពេលណានោះទេ។ អំឡុងពេលព្រះអវត្តមានរបស់ព្រះមហាក្សត្រខ្មែរនេះ រាល់ព្រះរាជកិច្ចរបស់ព្រះអង្គ ត្រូវបានប្រគល់ជូនលោកសាយ ឈុំ ជាប្រមុខរដ្ឋស្តីទី ជាអ្នកចាត់ចែងជំនួស។
ការយាងទៅពិនិត្យព្រះរាជសុខភាពរបស់ព្រះមហាក្សត្រខ្មែរពេលនេះ ស្របពេលដែលគណបក្សសង្គ្រោះជាតិ កាលពីពេលថ្មីៗនេះ បានដាក់លិខិតទូលថ្វាយព្រះមហាក្សត្រសុំកុំឲ្យព្រះអង្គឡាយព្រះហស្តលេខាទៅលើច្បាប់ស្តីពីគណបក្សនយោបាយដែលត្រូវបានតំណាងរាស្ត្រគណបក្សកាន់អំណាចកែប្រែជាលើកទី២ ដោយថាច្បាប់នេះកំពុងតែបំបិទសិទ្ធសេរីភាពនយោបាយ និងបំពានទៅលើលិទ្ធិប្រជាធិបតេយ្យ៕