តុលាការកំពូលថៃបានកំណត់យកថ្ងៃទី២៥សីហា ជាថ្ងៃប្រកាសាលក្រមអតីតនាយករដ្ឋមន្ដ្រីអ្នកស្រីយីងឡាក់ ស៊ីណាវ៉ាត្រា ដែលជាប់ចោទពីបទធ្វើឲ្យខាតបង់ប្រាក់រាប់ពាន់លានដុល្លារ ក្នុងគម្រោងទិញស្រូវអង្ករប្រជាជន។អ្នកស្រីយីងឡាក់ត្រូវបានកងទ័ពធ្វើរដ្ឋប្រហារទម្លាក់ចេញពីតំណែងនាយករដ្ឋមន្ដ្រីកាលពីខែឧសភាឆ្នាំ២០១៤។អ្នកស្រីត្រូវប្រឈមនឹងការជាប់ពន្ធនាគារ១០ឆ្នាំ ប្រសិនបើរកឃើញកំហុសថាបានប្រព្រឹត្ដអំពើពុករលួយក្នុងគម្រោងនេះមែន។សវនាការកាត់ក្ដីបានដំណើរការ១៨ខែមកហើយ ប៉ុន្ដែមិនទាន់ដាច់ស្រេចទេ។
ទាំងអ្នកស្រីយីងឡាក់និងគណបក្សភឿថៃរបស់អ្នកស្រី ចាត់ទុកដំណើរការកាត់ក្ដីនេះមានពាក់ព័ន្ធនឹងរឿងនយោបាយ ក្នុងបំណងកាត់ផ្ដាច់លុបបំបាត់ប្រជាប្រិយភាពត្រកូលស៊ីណាវ៉ាត្រា ដែលរំពឹងអាចនឹងឈ្នះគ្រប់ការបោះឆ្នោតតាំងពីឆ្នាំ២០០១មក។បងប្រុសរបស់អ្នកស្រីលោកថាក់ស៊ីន ស៊ីណាវ៉ាត្រា ជាអ្នកបង្ហាញពីគម្រោងទិញស្រូវអង្ករមុនគេ មុនពេលលោកត្រូវយោធាធ្វើរដ្ឋប្រហារទម្លាក់ចេញពីតំណែងនាយករដ្ឋមន្ដ្រីកាលពីឆ្នាំ២០០៦។
ទោះបីជាអ្នកស្រីយីងឡាក់ ស៊ីណាវ៉ាត្រាជាប់ជំពាក់ជំពិននឹងរឿងអាស្រូវពុករលួយនេះក្ដី តែសន្ទុះគាំទ្រអ្នកស្រីនៅតែមាន។អ្នកគាំទ្ររាប់រយនាក់បដិសេធការចោទប្រកាន់របស់របបយោធាដឹកនាំដោយលោកនាយករដ្ឋមន្ដ្រីប្រាយុទ្ធ ចាន់អូចា និងសុំឲ្យដកបណ្ដឹងលើអ្នកស្រីយីងឡាក់ចោល។ដំណើរការកាត់ក្ដីអ្នកស្រីចាប់ផ្ដើមក្នុងខែមករាឆ្នាំ២០១៦ បន្ទាប់ពីមានការចោទប្រកាន់ពីសភានីតិកម្មតែងតាំងដោយរបបយោធាក្នុងឆ្នាំ២០១៥។ការចោទប្រកាន់ក៏ប៉ះពាល់ដល់សិទ្ធិធ្វើនយោបាយអ្នកស្រីដែរ គឺហាមមិនឲ្យពាក់ព័ន្ធរឿងនយោបាយរយៈពេល៥ឆ្នាំ៕