វៀតណាម​​ផ្ដល់ជំនួយ​​២៥​លាន​​ដុល្លារ​​ដល់​កម្ពុជា​​

21-07-2017 11:14 am 1068
ជំនួប​ទ្វេភាគី​រវាង​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន និង​លោក​ង្វៀន ហ្វ៊ូ​ជុង អគ្គលេខាធិការ​គណៈកម្មាធិកា​រ​មជ្ឈិមបក្ស​កុម្មុយនីស្ត​វៀតណាម នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧។

​កម្ពុជា និង​វៀតណាម បាន​ឯកភាពគ្នា​ធ្វើយ៉ាងណា ជំរុញ​ឱ្យ​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​ឱ្យ​កើនឡើង​ដល់​៥​ពាន់​លាន​ដុ​លា្ល​រ​អាម៉េរិក នៅ​ឆ្នាំ​២០២៥​។ ការឯកភាព​គ្នា​នេះ ធ្វើឡើង​នៅក្នុង​ជំនួប​ទ្វេភាគី​រវាង​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន និង​លោក​ង្វៀន ហ្វ៊ូ​ជុង អគ្គលេខាធិការ​គណៈកម្មាធិកា​រ​មជ្ឈិមបក្ស​កុម្មុយនីស្ត​វៀតណាម​កាល​ពី​ម្សិលមិញ​។ នៅក្នុង​ជំនួប​នោះ វៀតណាមសម្រេច​ផ្ដល់​ជំនួយ​ជា​ទឹកប្រាក់​ចំនួន​២៥​លាន​ដុល្លារ​អាម៉េរិក​ដល់​កម្ពុជា សម្រាប់​កសាង​អគារ​អគ្គលេខាធិការដ្ឋាន​រដ្ឋ​សភា​។

​បន្ថែម​លើ​កការ​ផ្តល់ជំនួយ អគ្គលេខាធិការ​គណៈកម្មាធិកា​រ​មជ្ឈិមបក្ស​កុម្មុយនីស្ត​វៀតណាម លោក​ង្វៀន ហ្វ៊ូ​ជុង បាន​ស្នើ​ដល់​កម្ពុជា និង​វៀតណាម ជំរុញ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​ឱ្យ​កាន់តែ​ស៊ីជម្រៅ នៅ​គ្រប់​ស្ថាប័ន​ទាំងអស់ ជាពិសេស​រវាង​យុវជន​នៃ​ប្រទេស​ទាំង​ពីរ ក៏ដូចជា​ការតភ្ជាប់​ផ្នែក​ហេ​ដ្ឋា​រចនា សម្ព័ន្ធ ទាំង​ខឿនសេដ្ឋកិច្ច ដោយ​ធ្វើយ៉ាងណា​ជំរុញ​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ ឈានដល់ ៥​ពាន់​លាន​ដុល្លារ​អាម៉េរិក នៅ​ឆ្នាំ​២០២៥ និង​ជំរុញ​កិច្ចសហប្រតិបត្តិកា​រទាំ​ង​ក្នុង ក្របខ័ណ្ឌ​តំបន់ និង​លើ​ឆាក​អន្តរជាតិ​។​

​ការស្នើ​របស់​ភាគី​វៀតណាម​នេះ ត្រូវបាន​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន សម្តែង​ការគាំទ្រ និង​អរគុណ វៀតណាម​ដែល​បាន​ផ្ដល់​ជំនួយ​សម្រាប់​សាងសង់អគារ​អគ្គលេខាធិការដ្ឋាន​រដ្ឋ​សភា​។ លោក​បន្ថែមថា ជំនួយ​នេះ គឺ​ជា​ចំណងដៃ​ដ៏​ធំ​មួយ​ក្នុង​ការពង្រឹង​នីតិរដ្ឋ​នៅ​កម្ពុជា​។ ចំពោះ​ទំនាក់ទំនង​រវាង​ភាគី​ទាំងពីរ​វិញ លោក​ហ៊ុន សែន បាន​កត់សម្គាល់​ថា បាន​រីក​ធំធាត់​ឥតឈប់ឈរ ហើយក៏​បាន​ស្នើសុំ​ឱ្យ​ភាគី​វៀតណាម​ធ្វើយ៉ាងណា​ជំរុញ​ឱ្យ​ភ្ញៀវទេសចរ​វៀតណាម​មក​កាន់​កម្ពុជា ឱ្យ​កាន់តែ​ច្រើនឡើង និង​សហការ​គ្នា​រវាង​ស្ថាប័ន និង​បណ្ដា​ខេត្ត​ដែល​នៅជាប់​តាម​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ ទប់ស្កាត់​អំពើ​ឧក្រិដ្ឋកម្ម​ផ្សេងៗ​។​

​គួរបញ្ជាក់​ថា នៅក្នុង​ជំនួប​នោះ កម្ពុជា និង​វៀតណាម​បាន​ចុះហត្ថលេខា​លើ​ឯកសារ​មួយចំនួន​៥ គឺ​ទី​១​សេចក្ដីថ្លែងការណ៍​រួម ស្ដី​ពី​ការពង្រឹង​មិត្តភាព​និង​កិច្ចសហប្រតិបត្តិកា​ររ​វាង​កម្ពុជា​-​វៀតណាម​។ ២​ក្រប​ខណ្ឌ​កិច្ចព្រមព្រៀង រវាង​កម្ពុជា និង​វៀតណាម ស្ដីពី​ការតភ្ជាប់​សេដ្ឋកិច្ចកម្ពុជា​-​វៀតណាម​។ ៣ អនុស្សរណៈ​នៃ​ការយោគយល់​គ្នា ស្ដីពី​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍ​ន៍​គម្រោង​រោងចក្រ​អគ្គិសនី ការតភ្ជាប់​បណ្ដាញ​បញ្ជូន​អគ្គិសនី និង​ពាណិជ្ជកម្ម​ថាមពល​។ ៤ ពិធីសារ​ស្ដីពី​សកម្មភាព​សង្គ្រោះ​គ្រោះមហន្តរាយ​អចិន្ត្រៃយ៍ នៅតាម​តំបន់​ព្រំដែន​គោក និង​ទី​៥ អនុស្សរណៈ​នៃ​ការយោគយល់​គ្នា រវាង​វិទ្យាស្ថាន​ប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន​(NIPTICT) នៃ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​កម្ពុជា ជាមួយ​ក្រុមហ៊ុន​វៀត​ធែ​ល​កម្ពុជា (VIETTEL (Cambodia) PTE,LTD) របស់​វៀតណាម​៕

 ពាក្យគន្លឹះ  កម្ពុជា វៀតណាម

ព័ត៌មានផ្សេងទៀត