រថយន្តក្រុងថ្មី ដែលសាលារាជធានីភ្នំពេញ ទើបតែទទួលបានពីចិនចំនួន១០០គ្រឿង នឹងដាក់អោយប្រើប្រាស់ ក្នុងការដឹកជញ្ជូនប្រជាពលរដ្ឋ ក្នុងពេលឆាប់ៗខាងមុខនេះ។ការដាក់អោយដំណើរការនេះដែរ ក្នុងដំណាក់កាលទី១ ខាងសាលាក្រុងក៏គ្រោងនឹង រៀបចំខ្សែរត់ចំនួនបីខ្សែបន្ថែមទៀត លើខ្សែរត់ចាស់ ដែលមានបីខ្សែរួចមកហើយ ។
បើតាមលោកម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានអោយវិទ្យុវាយោដឹងនៅថ្ងៃទី១៨ ខែកក្កដានេះថា រថយន្តក្រុងថ្មីចំនួន ៥៧គ្រឿង នឹងយកមកជំនួសរថយន្តក្រុងចាស់ទាំង ៥៧គ្រឿងដែលកំពុងតែប្រើប្រាស់សព្វថ្ងៃ ហើយរថយន្តចាស់ៗទាំងនោះ នឹងត្រូវយកទៅជួសជុល កែលម្អឡើងវិញ។
លោកម៉េត មាសភក្តី បានអោយដឹងបន្ថែមថា រថយន្តក្រុងថ្មីនេះនឹងដាក់អោយដំណើរការបន្ថែមទៀត ប្រសិនបើមានតម្រូវការពីប្រជាពលរដ្ឋ ។ប៉ុន្តែលោកនៅតែមានគំនិតសុទិដ្ឋិនិយមថា អ្នកជិះរថយន្តក្រុងនេះនឹងមានការកើនឡើង ព្រោះបច្ចុប្បន្នអ្នកដែលជិះរថយន្តក្រុងសាធារណៈមានចំនួនជាមធ្យមជិត៧,០០០នាក់ ក្នុងមួយថ្ងៃៗ...
សំឡេងលោកម៉េត មាសភក្តី៖
ចំណែកនៅក្នុងកិច្ចប្រជុំនាព្រឹកថ្ងៃទី១៨ ខែកក្កដានេះដែរ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានណែនាំឲ្យអ្នកបើកបររថយន្តក្រុងសាធារណៈទាំងអស់អោយ ចេះស្រឡាញ់ រថយន្តក្រុងអោយដូចរថយន្តផ្ទាល់ខ្លួន ត្រូវមានក្រមសីលធម៌ គោរពច្បាប់ចរាចរណ៍និងមានការយោគយល់ ឲ្យបានច្រើនដើម្បីកាត់បន្ថយ ការថ្នាំងថ្នាក់ពីប្រជាពលរដ្ឋ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផងដែរ។
សូមបញ្ជាក់ផងដែរថាក្រៅពីជំនួយជារថយន្តក្រុង ១០០គ្រឿង ពីរដ្ឋាភិបាលចិន នៅដើមឆ្នាំ២០១៨ រាជរដ្ឋាភិបាល ជប៉ុន នឹងប្រគល់ជូនរថយន្តក្រុង ចំនួន៨០គ្រឿងទៀត ដល់រដ្ឋបាលរាជធានីភ្នំពេញ ក្នុងចំណោមរថយន្ត ចំនួន១៤០គ្រឿងដែលនឹងត្រូវប្រគល់ ជូនជាបន្តបន្ទាប់ នៅពេល ខាងមុខនេះ៕