តុលាការ​បដិសេធ​សំណើរ​សុំ​នៅក្រៅ​ឃុំ​របស់​លោក គឹម សុខ​ ជាលើកទី២

18-07-2017 12:20 pm 2620

​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ច្រានចោល​សំណើរ​សុំ​នៅ​ក្រៅ​ឃុំ របស់លោក គឹម សុខ ជា​លើក​ទី​២​។ នេះ​បើ​តាម​ការបញ្ជាក់​របស់​លោក ជូ​ង ជូ​ងី មេធាវី​ការពារ​ក្ដី​លោក គឹម សុខ ក្រោយតុលាការបិទសវនការ នៅ​ព្រឹកថ្ងៃ​ទី​១៨ ខែកក្កដា​នេះ​។​

​ចាប់តាំងពី​តុលាកា​រ​សម្រច​ឃុំ​ខ្លួន​លោក គឹម សុខ បណ្ដោះអាសន្ន​នៅ​ថ្ងៃទី​១៧ ខែ​កុម្ភៈ ឆ្នាំ​២០១៧ មេធាវី​ការពារ​ក្ដី គឺ​លោក ជូ​ង ជូ​ងី បាន​ដាក់​លិខិត​ស្នើ​សុំ​អោយ​កូនក្តី​របស់​លោក​បាន​នៅ​ក្រៅ​ឃុំ ២​លើក​រួចមកហើយ ប៉ុន្តែ​ត្រូវ​សាលាដំបូង​រាជធានី​ភ្នំពេញ​បដិសេធ ដោយ​សំអាង​ថា ដើម្បី​បញ្ចប់​បទល្មើស ឬ​បង្ការ​បទល្មើស កុំអោយ​កើត​ជា​ថ្មី និង​ធានា​រក្សា​ជន​ត្រូវ​ចោទ​ទុក​ជូន​តុលាការ ចាត់ការ​តាម​នីតិវិធី និង​ម្យ៉ាងទៀត​តុលាការ​សំអាងថា សំណុំរឿង​កំពុង​ចាប់ផ្តើម​នីតិវិធី​ស៊ើបសួរ​បន្ត ពុំទាន់​មាន​ភាព​ពេញលេញ​នៅឡើយ​ ហើយថាបើដោះលែង លោកគឹម សុខ នឹងគេចខ្លួន។

​តែទោះជា​យ៉ាងណា​លោក​ជួង ជូ​ងី ធ្លាប់​បាន​បញ្ជាក់ថា ការស៊ើបអង្កេត​លើ​ករណី​លោក គឹម សុខ បាន​បំពេញ​ចប់សព្វគ្រប់​អស់ហើយ ចំណែក​សំណុំរឿង​ក៏​បាន​បញ្ចូនទៅ​ជំនុំ​ជំ​រះ និង​បានកំណត់​កាលបរិច្ឆេទ​រួចរាល់​ដែរ ដូចនេះ​មិន​មាន​ភាពចាំបាច់​ត្រូវ​រក្សា​លោក​គឹម សុខ ដើម្បី​បន្ត​ការស៊ើបអង្កេត​​ទៀត​នោះទេ ហើយថាលោក គឹម សុខ ក៏នឹងមិនគេចខ្លួនដែរ​។​

លោក ជូង ជូងី ហៅការបន្ដឃុំខ្លួនកូនក្ដីរបស់លោកថាជារឿងអយុត្តិធម៌ ព្រោះលោក គឹម សុខ នៅក្នុងព​ន្ធនាគាមានការលំបាកក្នុងការត្រៀមខ្លួនតតាំងក្ដីជាមួយលោក ហ៊ុន សែន។

​សូមបញ្ជាក់​ថា សាលាដំបូង​រាជធានី​ភ្នំពេញ នឹង​បើក​សវនាការ​សម្រេច​លើ​រឿងក្ដី​លោក គឹម សុខ នៅ​ថ្ងៃ​ទី​២៦ ខែកក្កដា ឆ្នាំ​២០១៧​ខាងមុខនេះ​ ពាក់ព័ន្ធ​ការចោទប្រកាន់ថា គណបក្ស​ប្រជាជន​កម្ពុជា ជា​អ្នក​សម្លាប់​លោក​បណ្ឌិត កែម ឡី ​។​

​កាលពី​ថ្ងៃ​ទី​១៣ ខែ​កុម្ភៈ មេធាវី​របស់​លោកនាយ​ក​រដ្ឋមន្ដ្រី ហ៊ុន សែន គឺ​លោក គី តិច បាន​ប្តឹង លោក គឹម សុខ ទារ​សំណង​ជំងឺ​ចិត្ត​ចំនួន​៥០​ម៉ឺន​ដុល្លារ បន្ទាប់ពី​លោក កឹម សុខ បាន​ធ្វើ​អត្ថាធិប្បាយ​ថា គណបក្ស​ប្រជាជន​កម្ពុជា ជា​អ្នក​នៅ​ពីក្រោយ​ករណី​ឃាតកម្ម លោក កែម ឡី​។​

​នៅ​ថ្ងៃ​ទី​១៧ ខែ​កុម្ភៈ សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បង្គាប់​ឲ្យ​ឃុំ​ខ្លួន​លោក គឹម សុខ​បណ្ដោះអាសន្ន នៅ​ពន្ធនាគារ​ព្រៃ​ស ដោយ​ចោទប្រកាន់​ពី​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​និង បរិហាកេរ្តិ៍​ជា​សាធារណៈ​។​

ក្រៅពី​បណ្តឹង​ខាងលើនេះ លោក គឹម សុខ ក៏​ត្រូវបាន​លោក ហ៊ុន សែន ប្តឹង​មួយ​ករណី​ទៀត ដែល​ចោទថា រដ្ឋាភិបាល​ដឹកនាំ​ដោយ​លោក ហ៊ុន សែន​បាន​រៀបចំ​ឲ្យមាន​ប្រព័ន្ធ​សម្លាប់​មនុស្ស និង​វែកមុខ​រក​ឃាតករ​មិនឃើញ​។​

 ពាក្យគន្លឹះ  គឹម សុខ

ព័ត៌មានផ្សេងទៀត