លោក​ជួង ជូ​ងី​ស្នើសុំ​តុលាការ​ជា​ថ្មី​អោយ​លោក​គឹម សុខ​នៅ​ក្រៅ​ឃុំ​

13-07-2017 5:01 pm 3056
រូបនៅកណ្តាលគឺលោកជួង ជូងី មេធាវីការពារក្តីអោយលោកគឹម សុខ

​លោក​ជួង ជូ​ងី មេធាវី​ការពារ​ក្តី​អោយ​លោក​គឹម សុខ ដែល​ជា​អ្នកវិភាគ​នយោបាយ បាន​យក​លិខិត​ស្នើ​សុំ​អោយ​កូនក្តី​របស់​លោក​បាន​នៅ​ក្រៅ​ឃុំ  ជា​បណ្តោះអាសន្ន​ដាក់ ជូន​ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ខែកក្កដា​នេះ​។

​នេះ​មិនមែន​ជា​លើក​ទី​១​ទេ ដែល​លោក​ជួង ជូ​ងី បាន​ដាក់​លិខិត​ស្នើ​សុំ​អោយ​កូនក្តី​លោក​បាន​នៅ​ក្រៅ​ឃុំ​។​កន្លង​មក​កាលពី​ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ​លោក​បាន​ដាក់​ពាក្យសុំ​មួយច្បាប់ មក​សាលាដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​សុំ​ដោះលែង​លោក​គឹម សុខ អោយ​នៅ​ក្រៅ​ឃុំ​ជា​បណ្តោះអាសន្ន​ដែរ តែ​ត្រូវបាន​ចៅក្រម​ស៊ើបសួរ​បដិសេធ ដោយ​សំអាង​ថា ដើម្បី​បញ្ចប់​បទល្មើស ឬ​បង្ការ​បទល្មើស កុំអោយ​កើត​ជា​ថ្មី និង​ធានា​រក្សា​ជន​ត្រូវ​ចោទ​ទុក​ជូន​តុលាការ ចាត់ការ​តាម​នីតិវិធី និង​ម្យ៉ាងទៀត​សំអាងថា សំណុំរឿង​កំពុង​ចាប់ផ្តើម​នីតិវិធី​ស៊ើបសួរ​បន្ត ពុំទាន់​មាន​ភាព​ពេញលេញ​នៅឡើយ​។​

​នៅក្នុង​លិខិត​មេធាវី​ការពារ​ក្តី​លោក​គឹម សុខ បានបញ្ជាក់​ថា​លោក​គឹម សុខ មិន​បាន​ប្រព្រត្ត​បទល្មើស ដូច​ការចោទប្រកាន់​នោះ​ទេ ហើយក៏​មិន​មាន​បទល្មើស ញុះញង់​ឳ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ និង​បរិហារកេរ្តិ៍​ជា​សាធារណ​នោះដែរ​។​

​លោក​ជួង ជូ​ងី​បាន​បន្តទៀតថា មកដល់ពេលនេះ​ការស៊ើបអង្កេត បាន​បំពេញ​ចប់សព្វគ្រប់​អស់ហើយ ចំណែក​សំណុំរឿង​ក៏​បាន​បញ្ចូនទៅ​ជំនុំ​ជំ​រះ និង​បានកំណត់​កាលបរិច្ឆេទ​រួចហើយ​ដែរ​ដូចនេះ​មិន​មាន​ភាពចាំបាច់ ត្រូវ​រក្សា​លោក​គឹម សុខ ដើម្បី​បន្ត​ការស៊ើបអង្កេត​នោះ​ទៀត​ដែរ​។​

​សូមបញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​១៣ ខែ​កុម្ភៈ មេធាវី​របស់​លោកនាយ​ក​រដ្ឋមន្ដ្រី ហ៊ុន សែន គឺ​លោក គី តិច បាន​ប្តឹង លោក គឹម សុខ ដោយ​ទារ​សំណង​ជំងឺ​ចិត្ត​ចំនួន​៥០​ម៉ឺន​ដុល្លារ បន្ទាប់ពី​រូបលោក បាន​ធ្វើ​អត្ថាធិប្បាយ​ថា គណបក្ស​ប្រជាជន​កម្ពុជា ជា​អ្នក​នៅ​ពីក្រោយ​ករណី​ឃាតកម្ម លោក កែម ឡី ហើយ​នៅ​ថ្ងៃទី​១៧ ខែ​កុម្ភៈ សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បង្គាប់​ឲ្យ​ឃុំ​ខ្លួន​លោក គឹម សុខ​បណ្ដោះអាសន្ន នៅ​ពន្ធនាគារ​ព្រៃ​ស ដោយ​ចោទប្រកាន់​ពី​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​និង​បរិហាកេរ្តិ៍​ជា​សាធារណៈ​។​ក្រៅពី​បណ្តឹង​ទាំងនេះ លោក គឹម សុខ ក៏​ត្រូវបាន​លោកនាយក​រដ្ឋមន្ដ្រី ហ៊ុន សែន ប្តឹង​មួយ​ករណី​ទៀត ដោយ​ចោទ​រដ្ឋាភិបាល​ថា បាន​រៀបចំ​ឲ្យមាន​ប្រព័ន្ធ​មួយ ដើម្បី​សម្លាប់​មនុស្ស​និង​វែកមុខ​រក​ឃាតករ​មិនឃើញ​៕

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 ពាក្យគន្លឹះ  គឹម សុខ

ព័ត៌មានផ្សេងទៀត